ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា ខ្លួន​មិន​សហការ​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​ទេ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកអំឡុងពេលពិធីមួយនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

លោក Cipollone បាន​ចោទ​ប្រកាន់​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​រំលោភ​លើ «ភាព​ត្រឹមត្រូវ​ដែល​ជា​មូលដ្ឋាន និង​នីតិវិធី​ដែល​ផ្ដល់​ឲ្យ​ដោយ​រដ្ឋធម្មនុញ្ញ»។

សេតវិមាន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​សហការ​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង ដែល «ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ» នោះ​ទេ។

មេធាវី​សេតវិមាន​លោក Pat Cipollone បាន​ផ្ញើ​លិខិត ៨ ទំព័រ​មួយ​ច្បាប់​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា ដែល​ក្នុង​នោះ​មាន​ទាំង​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ផង​ដែរ។ អ្នកស្រី Pelosi កំពុង​ស្វែង​រក​ថា​តើ​លោក Trump មាន​បាន​រំលោភ​ច្បាប់​ឬ​ក៏​អត់ នៅ​ពេល​ដែល​លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden។

លោក Cipollone បាន​ចោទ​ប្រកាន់​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​រំលោភ​លើ «ភាព​ត្រឹមត្រូវ​ដែល​ជា​មូលដ្ឋាន និង​នីតិវិធី​ដែល​ផ្ដល់​ឲ្យ​ដោយ​រដ្ឋធម្មនុញ្ញ»។

លោក​បាន​និយាយ​ថា គណបក្ស​ប្រជាធិបតេយ្យ​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក Trump ចោទ​សួរ​សាក្សី និង​មើល​ភស្តុតាង​ដែល​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ប្រើ​ដើម្បី​សម្រេច​លើ​ថា​តើ​លោក​គួរតែ​ត្រូវ​គេ​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

លោក Cipollone បាន​សរសេរ​ដូច្នេះ​ថា៖ «រឿង​ទាំង​អស់​នេះ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ និង​រាល់​ច្បាប់​ពី​មុនៗ‍»។ លោក​បាន​បន្ថែម​ថា ការ​ស៊ើប​អង្កេត​នេះ​គឺ​គ្មាន​មូលដ្ឋាន មាន​លក្ខណៈ​ប្រកាន់​បក្ខ​ពួក និង​ជា​ការ​ប៉ុនប៉ង​ដើម្បី​ច្រានចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។

ប្រសិន​បើ​សមាជិក​រដ្ឋសភា​ភាគ​ច្រើន​អនុម័ត​លើ​បទ​ចោទ​នៃ​ការ​ចោទ​ប្រកាន់​លោក Trump នេះ នោះ​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​បើក​សវនាការ​កាត់ទោស ដែល​នៅ​ពេល​នោះ​ក្រុម​មេធាវី​របស់​លោក Trump នឹង​មាន​ឱកាស​អាច​ការពារ​លោក Trump បាន​ក្នុង​សវនាការ៕

XS
SM
MD
LG