ជាលើកទីមួយដែលបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden អំពីនាវឲ្យប្តឹងទម្លាក់ប្រធានាធិបតីអាមេរិកលោកត្រាំចេញពីតំណែងលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានអំពាវនាវជាលើកទី១ ឲ្យប្តឹងទម្លាក់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំចេញពីតំណែង។
លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បាននិយាយនៅរដ្ឋ New Hampshire កាលពីថ្ងៃពុធថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរំលោភសម្បថការចូលកាន់តំណែងបានក្បត់ប្រទេសជាតិ ហើយបានប្រព្រឹត្តសកម្មភាពដែលត្រូវតែប្តឹងទម្លាក់ចេញពីតំណែង»។
សេតវិមានបាននិយាយថា ខ្លួននឹងមិនចូលរួមនៅក្នុងអ្វីដែលខ្លួនហៅថា «ការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែងដែលខុសនឹងរដ្ឋធម្មនុញ្ញនោះទេ»។
លោក Pat Cipollone មេធាវីរបស់សេតវិមានបានផ្ញើលិខិតមួយច្បាប់ដែលមាន៨ទំព័រទៅឲ្យពួកមេដឹកនាំប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្ត ដែលរួមមានលោកស្រី Nancy Pelosi ដែលកំពុងពិនិត្យមើលថាតើប្រធានាធិបតីត្រាំបានរំលោភច្បាប់ដោយជំរុញឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលោក Biden។
លោក Cipollone ចោទប្រកាន់ពួកគណបក្សប្រជាធិបតេយ្យពីការរំលោភគោលការណ៍នៃភាពស្មើគ្នាដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ។
លោកបាននិយាយថា គណបក្សប្រជាធិបតេយ្យកំពុងបដិសេធមិនផ្តល់ឱកាសឲ្យប្រធានាធិបតីត្រាំដើម្បីសាកសួរសាក្សីនិងឃើញភស្តុតាងដែលពួកគេកំពុងប្រើដើម្បីសម្រេចថាតើលោកប្រធានាធិបតីត្រូវតែប្តឹងទម្លាក់ចេញពីតំណែងដែរឬទេ។
បើសមាជិកភាគច្រើននៅក្នុងសភាតំណាងរាស្រ្តបានអនុម័តមាត្រានៃការប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែង បន្ទាប់មកនឹងមានការកាត់ទោសនៅក្នុងព្រឹទ្ធសភាដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋ ដែលនៅទីនោះក្រុមមេធាវីរបស់ប្រធានាធិបតីត្រាំនឹងមានឱកាសដើម្បីបង្ហាញការការពារខ្លួន៕