ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បើក​សវនាការ​សំណុំរឿង​សកម្មជន​សិទ្ធិ​មនុស្ស​ជើងចាស់ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ


រូបឯកសារ៖ លោក Hao Jinsong ​ជាមេធាវី​ដ៏​ល្បី ​និង​អ្នក​តស៊ូ​មតិ​ច្បាប់​ជើង​ចាស់​ម្នាក់។​
រូបឯកសារ៖ លោក Hao Jinsong ​ជាមេធាវី​ដ៏​ល្បី ​និង​អ្នក​តស៊ូ​មតិ​ច្បាប់​ជើង​ចាស់​ម្នាក់។​

តុលាការ​ចិន​ បាន​បើក​សវនាការ​សំណុំរឿង​មេធាវី​ដ៏​ល្បី ​និង​អ្នក​តស៊ូ​មតិ​ច្បាប់​ជើង​ចាស់​ម្នាក់​កាលពី​ថ្ងៃទី១០ ​ខែធ្នូ ​ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ សកម្មជន​សិទ្ធិ​មនុស្ស​ បាន​ថ្កោលទោស​លើ​ទង្វើ​នេះ​ថា ​ជាការ​បង្ហាញ​ពី​ការ​ប្រឆាំង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​សិទ្ធិ​មនុស្ស និង​គុណតម្លៃ​ជា​សាកល។

អង្គការ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចិន ដែល​ជា​អង្គការ​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ដែល​មាន​សកម្មជន​សិទ្ធិ​មនុស្ស​ចិន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ជា​សមាជិក ​បាន​រាយការណ៍​អំពី​ចំណាត់​ការ​របស់​អាជ្ញាធរ​ចិនប្រឆាំង​នឹង​អ្នក​ច្បាប់​ដ៏​ល្បី​ គឺ​លោក Hao Jinsong នៅ​តុលាការ​ក្នុង​តំបន់ Dingxiang នៅ​ទីរួម​ខេត្ត Shanxi ប្រទេស​ចិន​ កាលពី​ថ្ងៃទី១០ ខែធ្នូ។

លោក Hao ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈពេល​៥១សប្តាហ៍​ ចាប់តាំងពី​ថ្ងៃទី១៧​ ខែធ្នូ ​ឆ្នាំ២០១៩​ ហើយ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំ​ខ្លួន​ក្នុង​តំបន់ Wutai នៅ​ក្នុង​ខេត្ត Shanxi។ លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​ «បទ​ញុះញង់​បង្ក​បញ្ហា ​បរិហារកេរ្តិ៍ ​និង​ឆបោក»។

ក្នុង​នាម​ជា​អ្នក​ផ្តួចផ្តើម​ពាក្យ​បណ្តឹង​សម្រាប់​ផលប្រយោជន៍​សាធារណៈ ​លោក​ Hao ​បាន​ធ្វើ​ការ​ប្រយុទ្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​យុត្តិធម៌​សង្គម ​និង​នីតិរដ្ឋ ​តាមរយៈ​ពាក្យ​បណ្តឹង​របស់​លោក​ប្រឆាំង​នឹង​ទីភ្នាក់ងារ​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​ផ្តាច់​មុខ​ដែល​មាន​តែ​មួយ​ និង​គ្រប់គ្រង​ដោយ​រដ្ឋ។

លោក​មាន​ភាព​ល្បីល្បាញ​ដោយសារ​តែ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រសួង​ផ្លូវ​រថភ្លើង​ដ៏​មាន​អំណាច​ ដោយ​ធ្វើ​ការ​តតាំង​ចំពោះ​ការ​បដិសេធ​របស់​ក្រសួង​នេះ​ ដែល​មិន​ផ្តល់​វិក្កយបត្រ​ពន្ធអាករ​សម្រាប់​ទំនិញ​ដែល​បាន​ទិញ​នៅ​លើ​រថភ្លើង​ និង​គោល​នយោបាយ​កំណត់​តម្លៃ​សំបុត្រ​រថភ្លើង​របស់​ខ្លួន។

លោក​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​តិចជាង​សកម្មជន​ដទៃ​ទៀត ​ដោយសារ​តែ​លោក​មាន​បំណង​រឹតត្បិត​ខ្លួន​លោក​ឱ្យ​មាន​ការពាក់ព័ន្ធ​តិចតួច​ជាមួយ​នឹង​ករណី​នយោបាយ។ ក្នុង​នាម​ជា​អ្នក​តស៊ូមតិ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​បន្តិចម្តងៗ​ លោក Hao ទទូច​ថា ប្រជាធិបតេយ្យ​អាច​នឹង​ឈ្នះ «ក្នុង​ល្បឿន​ដ៏​ត្រឹមត្រូវ​មួយ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចុង​ឆ្នាំ២០១៩ ​និង​ត្រូវ​បាន​ជាប់​ចោទ ​នៅ​ក្នុង​ខែមករា ឆ្នាំ២០២០។

លោក ​Hu Jia ​ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ចិន​ដ៏​ល្បី​ម្នាក់​បាន​ប្រាប់ VOA ថា ​លោក​ជឿ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ចេតនា​ចាប់ផ្តើម​សវនាការ​នេះ​ នៅ​ថ្ងៃទី១០ ​ខែធ្នូ ​ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស។

លោក​បាន​ប្រាប់ VOA ក្នុង​ន័យ​ដើម​ថា «ពួកគេ​ចង់​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស​ ដោយ​ជ្រើសរើស​យក​ថ្ងៃ​ដែល​សិទ្ធិ​មនុស្ស​ត្រូវ​បាន​លើក​កម្ពស់​នៅ​ទូទាំង​ពិភពលោក»។

លោក​បាន​បន្ថែម​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ខ្លួន​ឯង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចេញ​ពី​ក្រុង​ប៉េកាំង​ «ដើម្បី​ធ្វើ​វិស្សមកាល» នៅ​កន្លែង​អាថ៌កំបាំង​មួយ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ នៅ​មុន​ព្រឹត្តិការណ៍​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។

មេធាវី​សិទ្ធិ​មនុស្ស លោក Chen Jiangang ដែល​បាន​រត់ចេញ​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ខ្វល់​ពី​កេរ្តិ៍ឈ្មោះ​លើឆាក​អន្តរជាតិ​ ដូច​ពី​មុន​ទៀត​នោះ​ទេ។

លោក​បាន​ប្រាប់ VOA ក្នុង​ន័យ​ដើម​ថា «របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​ បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មិន​គោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ។ ការ​ដែល​កាត់ទោស​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​គឺ​ជា​ចេតនា​ក្នុង​ការ​ព្យាយាម​បង្ហាញ​ពី​ការ​ប្រឆាំង​របស់​ខ្លួន​ទៅ​នឹង​គុណតម្លៃ​ជា​សាកល»។​

ទាំង​លោក Hu ​និង​លោក Chen ​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តោត​អារម្មណ៍​លើ​សំណុំ​រឿង​របស់​លោក Hao និង​តស៊ូ​មតិ​ឱ្យ​មាន​ការ​ដោះលែង​លោក​ដោយ​ឥត​លក្ខខណ្ឌ។

សកម្មជន​ជាច្រើន​ផ្សេង​ទៀត​បាន​ប្រាប់ VOA ថា ​ពួកគេ​ត្រូវ​បាន​គេ​តាមដាន​កាន់​តែ​តឹងរ៉ឹង​នៅ​មុន​ទិវា​សិទ្ធិ​មនុស្ស។

អ្នក​កាសែត​ចូលនិវត្តន៍​មួយ​រូប​អ្នកស្រី Gao Yu ​បាន​ប្រាប់ ​VOA ​ថា ​ប៉ូលិស​សម្ងាត់​បាន​រារាំង​មិន​ឱ្យ​អ្នកស្រី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ក្រុង​ប៉េកាំង។ អ្នកស្រី​ Gao ​បាន​បន្ថែម​ថា ​មេធាវី​សិទ្ធិ​មនុស្ស អ្នកស្រី​ Wang Yu ត្រូវ​បាន​ប៉ូលិស​សម្ងាត់​នាំ​ទៅ​ក្រុង ​Tianjin ​ដូច្នេះ​អ្នកស្រី ​ក៏​មិន​អាច​ចូលរួម​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​បាន​ដែរ​នៅ​សា្ថនទូត​អឺរ៉ុប​ដើម្បី​អបអរសាទរ​ទិវា​នេះ។

VOA ក៏​ទទួល​បាន​ព័ត៌មាន​ថា មេធាវី​សិទ្ធិ​មនុស្ស​ លោក ​Li Heping ​លោក​ Wang Quanzhang និង​គ្រួសារ​របស់​ពួកគេ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ផ្ទះ​ផង​ដែរ​នៅ​ថ្ងៃ​នោះ។ សូម្បី​តែ​កូនៗ​របស់​ពួកគេ​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ទៅ​សាលារៀន​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG