ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការ​អំពាវនាវ​ឲ្យ​ប៉ូលិស​ទទួល​ខុសត្រូវ​មុខ​ច្បាប់​បានកើន​ឡើង​​​នៅ​ហុងកុង


ប៉ូលិស​បង្ក្រាប​កុប្បកម្ម​​ហុងកុង​ចាប់​ខ្លួន​បុរស​ម្នាក់​ខណៈ​ពួក​គេ​បំបែក​ហ្វូង​បាតុករ​ដែល​បាន​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ថ្មី​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២០។

សេចក្តី​សម្រេច​របស់​តុលាការ​ហុងកុង​ឱ្យ​បង្កើត​យន្តការ​ឯករាជ្យសម្រាប់​បណ្តឹង​ប្រឆាំង​នឹង​ប៉ូលិស​បាន​ជួយ​ដល់​ការ​អំពាវនាវ​ឲ្យ​ប៉ូលិស​នៅ​ហុងកុង​ទទួល​ខុស​ត្រូវចំពោះ​មុខច្បាប់​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​របស់ពួកគេ។​

សេចក្តី​សម្រេច​របស់​តុលាការ​ហុងកុង​បាន​ពង្រឹង​ការ​អំពាវនាវ​ឱ្យ​បង្កើត​យន្តការ​ឯករាជ្យ​មួយ​សម្រាប់​បណ្តឹង​ប្រឆាំង​នឹង​ប៉ូលិស​ចំ​ពេល​មាន​ការ​ទាមទារ​យ៉ាង​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ប្រឆាំង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​និង​ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​របស់​ប៉ូលិស។​

កាលពីមុន​ក្រុងហុងកុង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តំបន់​ល្អ​បំផុត​នៅ​អាស៊ីតែ​ឥឡូវប៉ូលិស​ដែល​មាន​កម្លាំង​៣ម៉ឺន​នាក់​នៅទីក្រុង​នេះ​បាន​រងនូវ​ការ​រិះគន់​ចំពោះ​សកម្មភាព​ក្នុង​កំឡុង​ពេល​មាន​បាតុកម្ម​រីករាលដាលប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ឆ្នាំ​មុន។​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​កាំភ្លើង​បាញ់ទឹកបំពុង​បាញ់​ជាតិ​ហឹរ​ហើយ​និង​ដំបង​ត្រូវបាន​ប៉ូលិស​ប្រើ​យ៉ាង​ទូលំទូលាយ​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​ដែល​កំពុង​ពុះកញ្ជ្រោល។​

នៅថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​តុលាការ​ដំបូង​នៅ​ទី​ក្រុង​ហុងកុង​បាន​សម្រេច​ក្តី​ស្រប​ទៅតាម​សមាគម​អ្នក​កាសែត​ហុងកុង។​ តុលាការ​បាន​បញ្ជាក់​ថា​ប្រព័ន្ធ​ការិយាធិបតេយ្យ​ដែល​មាន​ស្រាប់​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ស៊ើប​អង្កេត​បណ្តឹង​ប្រឆាំង​នឹង​ការ​រំលោភបំពាន​របស់​ប៉ូលិស​លើ​ច្បាប់​ស្តីពី​សិទ្ធិ​ពលរដ្ឋ​របស់​ទីក្រុង​នេះ​ទាក់ទងនឹង​ការ​ធ្វើ​ទារុណកម្ម​និង​ការ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃទេ។​តុលាការ​បាន​និយាយ​ថា​ការ​ដែល​សមត្ថកិច្ច​ប៉ូលិស​មិន​ធ្វើ​តាម​តម្រូវ​ការ​ឱ្យ​មន្រ្តី​ប្រឆាំង​កុបកម្ម​បង្ហាញ​ស្លាក​ឈ្មោះ​និង​អត្ត​លេខ​របស់​ពួក​គេ​នៅ​ក្នុង​ពេល​មាន​ការ​តវ៉ា​នោះបាន​រំលោភ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ហុងកុង។​

មន្ត្រី​ប៉ូលិស​ហុងកុងបង្ហាញ​បដាព្រមាន​មួយ ​ក្នុង​ទិវា​ជាតិ​ចិន​ នៅ​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២០។
មន្ត្រី​ប៉ូលិស​ហុងកុងបង្ហាញ​បដាព្រមាន​មួយ ​ក្នុង​ទិវា​ជាតិ​ចិន​ នៅ​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២០។

លោក ​Eric Cheung Tat-ming​ សាស្ត្រា​ចារ្យ​និង​ជា​នាយក​អប់រំ​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ហុងកុង​បាន​មាន​ប្រសាស​ន៍ថា៖​«ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​គោរព​តុលាការរដ្ឋាភិបាលគួរ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​កែតម្រូវ​បញ្ហា»។​

លោក​ថា៖​ «ប្រសិន​បើ​រដ្ឋាភិបាល​ចាញ់​ក្តី​រឿង​បណ្តឹង​ឧទ្ធរណ៍​របស់​ខ្លួន​[នៅជំហាន​បន្ទាប់​នៅ​ក្នុង​សាលា​ឧទ្ធរណ៍]​វានឹង​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដើម្បី​បង្កើត​យន្តការ​ថ្មី។​ ប្រសិន​បើ​មន្រ្តី​មិន​អើពើ​នឹង​ការ​លើក​ឡើង​របស់​ចៅក្រមវានឹង​ត្រូវ​បាន​ចាត់​ទុក​ថា​បដិសេធ​សេចក្តី​សម្រេច​នេះ»។​

លោក​ Cheung ​បាន​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឲ្យ​ស្ថាប័ន​ឯករាជ្យ​ដំណើរ​ការ​ពាក្យ​បណ្តឹង​និង​កែកំហុស​វិជ្ជាជីវៈ​ក៏ដូច​ជាការ​ចោទ​ប្រកាន់​មិន​ពិត​ណាមួយ​ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស។​អ្នក​គាំទ្រការ​អំពាវនាវ​នេះ​រួមមាន​អ្នក​តាក់តែង​ច្បាប់​ដែល​គាំទ្រ​រដ្ឋាភិបាល។​

លោក​ Cheung​ បាន​មាន​ប្រសាសន៍​ថា៖​«តាម​រយៈ​ការ​ធ្វើបែប​នេះ​រដ្ឋាភិបាល​អាច​ស្តារ​ទំនុក​ចិត្ត​សាធារណៈ​ចំពោះ​ប៉ូលិស។​ដូចគ្នា​នេះ​ដែរ​បើ​បណ្តឹង​ប្រឆាំង​នឹង​ប៉ូលិស​មិនមាន​សុពលភាព​វា​នឹង​មិន​យុត្តិធម៌​ទេ​សម្រាប់​ពួកគេ​ដែល​ប្រព័ន្ធ​នេះ​គ្មាន​ទំនុកចិត្ត​គ្រប់គ្រាន់»។​

លោក​បាន​បន្ថែម​ថា​រដ្ឋាភិបាល​នឹង​ត្រូវ​មាន​វិធី​ដោះស្រាយ​នូវ​បញ្ហា​ធំៗ​ចំនួន​ពីរ​ដែល​ចៅក្រម​បាន​លើក​ឡើង​នៅ​ក្នុង​សាលក្រម​គឺ​អវត្តមាន​នៃ​ការ​ត្រួត​ពិនិត្យ​ឯករាជ្យ​នៅ​ក្នុង​យន្តការ​បណ្តឹង​ប៉ូលិស​ដែល​មាន​ស្រាប់​និង​ការ​ខកខាន​របស់​មន្ត្រី​ប៉ូលិស​ក្នុង​ការ​បង្ហាញ​ស្លាក​សញ្ញា​របស់​ពួកគេ។​

លោក​ C. M. Chan​ មេធាវី​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​នីតិរដ្ឋ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ហុងកុង​ដែល​ជាវិទ្យាស្ថានស្រាវជ្រាវ​ឯករាជ្យ​បាន​ស្នើថា​រដ្ឋាភិបាល​ហុងកុង​បាន​រៀបចំ​អ្វីមួយ​ស្រដៀង​នឹង​គណៈ​កម្មការ​ឯករាជ្យ​ដោះស្រាយបណ្តឹង​ប៉ូលិស (IPCC)​នៅ​ចក្រភព​អង់គ្លេស​ដែល​លោក​បាន​ពណ៌នា​ថា​ដូចជា​«សត្វ​ខ្លា​មាន​ធ្មេញ»​ព្រោះ​ស្ថាប័ន​នេះ​មាន​អំណាច​ក្នុង​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​«តាម​ទស្សនៈ​អភិបាល​កិច្ច​ល្អ​រដ្ឋាភិបាល​គួរ​តែ​ស្តាប់​អនុសាសន៍​របស់​តុលាការ»។​លោក​បន្ថែម​ថា៖ «បច្ចុប្បន្ន​អ្នក​ធ្វើ​បណ្តឹង​ប្រឆាំង​នឹង​ប៉ូលិស​ហើយ​ពាក្យ​បណ្តឹង​នេះ​ទៅ​ដល់​ប៉ូលិស​ហើយ ​IPCC​គ្រាន់តែ​តាម​ដាន​ការ​ស៊ើប​អង្កេត​របស់​ពួកគេ​ប៉ុណ្ណោះ»។​លោក​បាន​និយាយ​ដោយ​សំដៅ​ទៅ​ក្រុម​ប្រឹក្សាឯករាជ្យ​ដោះស្រាយ​បណ្តឹង​ប៉ូលិស​របស់​ហុងកុង។​

ក្រោម​យន្ដការ​ពីរ​ជាន់​នា​ពេល​បច្ចុប្បន្ន​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ការិយាល័យ​ប៉ូលិស​ដែល​ជា​អង្គភាព​មួយ​នៅក្នុង​កម្លាំង​ប៉ូលិស​សំដៅទៅ​លើ​ពាក្យ​បណ្តឹង​ដែល​អាច​រាយ​ការណ៍​ទៅ​IPCC​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ឃ្លាំមើល​និង​ពិនិត្យ​មើល​ករណី​ដែល​អាច​រាយ​ការណ៍​បាន។​ទោះយ៉ាង​ណាក៏​ដោយ​វា​មិន​អាច​បដិសេធ​ពាក្យ​បណ្តឹង​ប្រឆាំង​ការ​សន្និដ្ឋាន​របស់​ការិយាល័យ​ប៉ូលិស​ឬ​ផ្តួចផ្តើម​ការ​ស៊ើប​អង្កេត​បាន​ទេ។​

លោក​ Johnny Lau Yui-siu ​អ្នក​តាម​ឃ្លាំមើល​ជើងចាស់​ចំពោះ​ស្ថានការណ៍​ប្រទេស​ចិន​មាន​មូលដ្ឋាន​នៅ​ហុងកុង​បាន​បង្ហាញ​សុទិដ្ឋិនិយម​តិច​ជាង។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​«រដ្ឋាភិបាល​អាច​គ្រាន់តែ​បង្ហាញ​ថា​ពួកគេ​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​ប៉ុន្តែ​ច្រាន​ចោល​តម្រូវ​ការ​ណាមួយ​ដើម្បី​ណែនាំ​កំណែ​ទម្រង់​ទៅ​នឹង​ប្រព័ន្ធ​បណ្តឹង​របស់​ប៉ូលិស​ដែល​មាន​ស្រាប់»។​

ទោះយ៉ាងណា​លោក​មើល​ឃើញ​ថា​ការ​វិនិច្ឆ័យ​របស់​តុលាការ​ជា​ជំហាន​ឆ្ពោះ​ទៅរ​ក​ដំណើរ​ការ​ដ៏​វែង​មួយ​ក្នុង​ការ​ដោះស្រាយ​ឥទ្ធិពល​របស់​បក្ស​កុម្មុយនីស្ត​ចិន​លើ​ដែនដី​ហុងកុង។​លោក​បាន​បន្ថែម​ថា៖​« វានឹង​មាន​ប្រសិទ្ធិភាព​ខ្លាំង​ឡើងៗ​ក្នុង​ការជំរុញ​ការ​ផ្លាស់ប្តូរ»។ លោក​បន្ថែម​ថាអភិបាល​កិច្ច​ផ្អែក​លើ​ច្បាប់​ដែល​អះអាង​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ីជីនពីង​គឺ​ជា​សញ្ញា​មួយ​ថា​រដ្ឋាភិបាលចិន​មិន​អាច​ព្រងើយ​កន្តើយ​ចំពោះ​ការណ៍​ពិត​ដែល​ថា​អាជ្ញាធរ​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​ទោះ​បីជា​ពួក​គេ​ព្យាយាមធ្វើ​គោល​នយោបាយ​តាម​អំពើ​ចិត្ត​ក្តី។​

ស្នងការ​ប៉ូលិស​លោក ​Chris Tang​ បាន​និយាយ​ថា​កម្លាំង​នេះ​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​ដែលថា​ការ​ខកខាន​របស់​មន្រ្តី​ក្នុង​ការ​បង្ហាញ​លេខ​អត្ត​សញ្ញាណ​របស់ពួក​គេ​គឺ​ជា​ការ​រំលោភ​លើ​ច្បាប់​សិទ្ធិ​ពលរដ្ឋ។​

អ្នក​ស្រី ​Carrie Lam ​មេដឹកនាំ​ដែនដី​ក្រុង​ហុងកុង​ដែល​គាំទ្រដោយ​រដ្ឋាភិបាល​ចិន​ដី​គោកបាន​និយាយ​ម្តងហើយ​ម្តងទៀត​ថា​យន្តការ​ដែល​មាន​ស្រាប់​គឺ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បណ្តឹង​ហើយ​មិន​ចាំបាច់​បង្កើត​ប្រព័ន្ធ​ឯករាជ្យ​ទេ៕

XS
SM
MD
LG