ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន និង​មីយ៉ាន់ម៉ា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ចំនួន ៣៣


អ្នកស្រី Aung San Suu Kyi ចាប់​ដៃ​ជាមួយ​នឹង​លោក Xi Jinping នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
អ្នកស្រី Aung San Suu Kyi ចាប់​ដៃ​ជាមួយ​នឹង​លោក Xi Jinping នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ពង្រឹង​ការ​គាំទ្រ​របស់​លោក​ចំពោះ​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ចំនួន ៣៣ ពាក់ព័ន្ធ​នឹង​គម្រោង​ជា​ច្រើន​ដូចជា​គម្រោង​ផ្លូវ​ដែក និង​កំពង់​ផែ​ជា​ដើម ដែល​គម្រោង​នេះ​អនុញ្ញាត​ឲ្យ​ចិន​អាច​មាន​លទ្ធភាព​ចូល​ទៅ​កាន់​មហា​សមុទ្រ​ឥណ្ឌា​បាន និង​អាច​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ប្រេង និង​ឧស្ម័ន​នាំ​ចូល​ពី​តំបន់​ឈូង​សមុទ្រ​ពែក​កាន់តែ​លឿន​ជាង​មុន។

កិច្ច​ព្រមព្រៀង​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោរ នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​របស់​លោក Xi Jingping។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​ប្រមុខ​រដ្ឋ​ចិន​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ប្រឈម​នឹង​ការ​រិះគន់​ខ្លាំងក្លា​នៅ​លើ​ពិភពលោក​ទាក់ទិន​នឹង​យុទ្ធនាការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ ២០១៧ លើ​ជាតិ​សាសន៍ Rohingya កាន់​សាសនា​ឥស្លាម ដោយ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និង​ជិត ៧ សែន ៥ ម៉ឺន​នាក់​រត់​ភៀស​ខ្លួន។

ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សហប្រជាជាតិ​បាន​ហៅ​យុទ្ធនាការ​បង្ក្រាប​នេះ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​ផង​ដែរ​លើ​កិច្ច​ព្រមព្រៀង​អំពី​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​ជន​ផ្លាស់ទី​នៅ​ក្នុង​រដ្ឋ Kachin នៃ​ប្រទេស​មីយ៉ាន់ម៉ា ជាប់​ព្រំដែន​ប្រទេស​ចិន និង​កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត​ទាក់ទង​នឹង​រឿង​សន្តិសុខ កសិកម្ម និង​ព័ត៌មាន។

ប្រទេស​ចិន​បាន​គាំទ្រ​ប្រទេស​មីយ៉ាន់ម៉ា​រឿង​វិបត្តិ Rohingya រហូត​មក ហើយ​ឥឡូវ​នេះ​កំពុង​បង្កើន​ការ​ប្រឹងប្រែង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​នឹង​មីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​មាន​ទីតាំង​យុទ្ធសាស្ត្រ​ល្អ​នៅ​ក្នុង​តំបន់។

កិច្ច​ព្រមព្រៀង​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន ដែល​ជា​គម្រោង​អភិវឌ្ឍ និង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ពិភពលោក​ដ៏​មាន​មហិច្ឆតា​មួយ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ពី​តំបន់​អាស៊ី​ខាង​កើត​ទៅ​កាន់​ទ្វីប​អឺរ៉ុប៕

XS
SM
MD
LG