ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ទស្សនកិច្ច​របស់​លោក Xi Jinping នៅ​មីយ៉ាន់ម៉ា


ស្ត្រី​ម្នាក់​កំពុង​ស្រោច​ទឹក​នៅ​មុខ​ប៉ាណូ​ដែល​ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​រដ្ឋធានី​​ណៃពិដោរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០។
ស្ត្រី​ម្នាក់​កំពុង​ស្រោច​ទឹក​នៅ​មុខ​ប៉ាណូ​ដែល​ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​រដ្ឋធានី​​ណៃពិដោរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០។

ផ្ទាំង​ប៉ាណូ​ បដា​ អ្នក​គំាទ្រ​និង​ទង់ជាតិ​ ទាំងនេះ​គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​រៀបចំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក Xi Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាជន​ចិន​ចំនួន​ពីរ​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃសុក្រ​នេះ​ទៅ។

ទស្សនកិច្ច​នេះ​ត្រូវ​គេ​រំពឹង​ថា​ គឺ​ជា​ការ​បា្ររព្ធ​ខួបទី៧០​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នានា​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៃ​គម្រោង​ផ្តួចផ្តើម​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Murray Hiebert អ្នក​សា្រវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី​តំបន់​អាស៊ី​ខាងត្បូង​នៅ​ឯ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រនិង​ការសិក្សា​អន្តរជាតិ​ហៅ​កាត់​ថា CSIS ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រាប់ VOA ថា៖ «នេះ​គឺ​ជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក Xi ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ​ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក ​មុន​នឹង​លោក Xi ក្លាយ​ជា​ប្រធានាធិបតី​និង​ជា​ប្រធាន​បក្ស‍»។

លោក Murray បាន​ថ្លែង​បញ្ជាក់​ទៀត​ថា «បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នោះ មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើមធ្វើ​កំណែ​ទម្រង់​ ដោយ​រួម​ទាំង​ដោះលែង​អ្នកទោស​នយោបាយ​ បង្កើនឯករាជ្យ​បន្ថែម​ទៀត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បើក​ចំហ​សេដ្ឋកិច្ច​ បង្កើត​ទំនាក់ទំនង​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ និង​លុបចោល​គម្រោង​ទំនប់​វារីអគ្គិសនី Myitsone​ ដែល​ជា​គម្រោង​ធំ​បំផុត​មួយ​សម្រាប់​ចិន។ ចាប់តាំង​ពី​ឆ្នាំ២០១៧ មកទំនាក់ទំនង​រវាង​មីយ៉ាន់ម៉ា​និង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ជាថ្មី​ម្តង​ទៀត​ ដោយ​សារ​តែ​មាន​ការ​ផ្ទុះ​ឡើង​នៃ​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជិត​មួយ​លាន​នាក់។ ដំណើរ​ទស្សនកិច្ច​លើក​នេះ​នឹង​បើក​ទ្វារ​ឲ្យ​ចិន​បង្កើត​ចំណងទាក់ទង​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​នឹង​មីយ៉ាន់ម៉ា»។

អ្នកស្រី Yun Sun សហ​នាយក​នៃ​កម្មវិធី​តំបន់​អាស៊ី​ខាង​កើត​និង​ជា​នាយក​នៃ​កម្មវិធី​ចិន នៅ​ឯ​មជ្ឈមណ្ឌល Stimson បាន​ប្រាប់ VOA ថា​ ទស្សនកិច្ច​របស់​លោក Xi គឺ​ជា​ ទស្សនកិច្ច​ថ្នាក់​កំពូល​តែ​មួយ​គត់​ ដោយ​លោក​បាន​ចង្អុល​បង្ហាញ​អំពី​សន្និសីទ​ព័ត៌មាន​ផ្លូវការ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Luo Zhaohui ​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG