ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ចិន​បញ្ជូន​ក្រុម​អវកាសយានិក​ដំបូង​ទៅ​កាន់​ស្ថានីយ​អវកាស​អចិន្រ្តៃយ៍​ថ្មី​


កាំជ្រួច​ Long March-2F Y12​ ដឹក​អវកាសយានិក​ចិន​​ក្នុង​យាន​អវកាស Shenzhou-12 ចេញ​ពី​ស្ថានីយ​បង្ហោះ​ Jiuquan នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៧ ខែ​មិថុនា ឆ្នាំ​២០២១។

ប្រទេស​ចិន​បាន​ចិន​បញ្ជូន​ក្រុម​អវកាសយានិក​ដំបូង​ទៅ​កាន់​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​ថ្មី​របស់​ខ្លួន​ក្នុង​តារាវិថី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ អវកាសយានិក​ជើង​ចាស់​លោក​Nie Haisheng ​និង​លោក​Liu Boming​បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​Jiuquan​នៅភាគ​ពាយព្យ​ប្រទេស​ចិន​តាម​យានអវកាស ​Shenzhou-12 ។​

មនុស្ស​ជាច្រើន​បាន​ជូនពរ​អវកាសយានិក​ទាំងបី​នាក់​នៅក្នុង​ពិធី​ដ៏​ឱឡារិក​មួយ​មុន​ពេល​ពួក​គេ​ឡើង​ជិះ​រថយន្ត​ទៅ​កាន់​កន្លែង​បាញ់​បង្ហោះ​យាន​អវកាស​របស់​ពួកគេ។​នេះ​ជា​បេសកកម្ម​អវកាស​របស់​ប្រទេស​ចិន​ដែល​មាន​មនុស្ស​បើក​ដំបូង​គេ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។

អ្នក​ទាំងបី​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ម៉ូឌុល​ដំបូង​នៃ​ស្ថានីយ ​Tianhe ​មាន​ន័យ​ថា​ «សួគ៌ាសុខដុម»​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ពួកគេ​នឹង​ធ្វើការ​រយៈ​ពេល​៣​ខែ​យក​ឧបករណ៍​បំពាក់​ម៉ូឌុល​នេះ​និង​សាកល្បង​វា។​

នេះ​ជា​បេសកកម្ម​លើក​ទីបី​នៃ​បេសក​កម្ម​ចំនួន​១១​ដើម្បី​បំពាក់​សម្ភារៈ​បន្ថែម​សម្រាប់​ស្ថានីយ​អវកាស​នេះ​មុន​ពេល​វា​ចាប់​ផ្តើម​ដំណើរការ​ពេញ​លេញ​នៅ​ឆ្នាំ​ក្រោយ។​ស្ថានីយ​ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដំណើរ​ការ​រយៈ​ពេល​១០​ ឆ្នាំ។​

ស្ថានីយ​នេះ​អាច​មាន​អាយុ​យូរជាង​ស្ថានីយ​អវកាស​អន្ដរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​អាច​នឹង​ចប់​បន្ទាប់ពី​ការ​ផ្តល់​មូលនិធិ​សម្រាប់​ស្ថានីយ​អវកាស​នេះ​ផុត​កំណត់​នៅ​ឆ្នាំ​២០២៤។​ប្រទេស​ចិន​មិន​ដែល​បាន​បញ្ជូន​អវកាសយានិក​ទៅ​ស្ថានីយ​អវកាស​អន្ដរជាតិ​ទេ​ដោយសារ​តែ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​ទីភ្នាក់ងារ​អវកាស​ណាសា​ (NASA ) ​របស់​ស.រ.អា.​សហការ​ជាមួយ​ប្រទេស​ចិន។​

ប្រទេស​ចិន​កំពុង​តែ​បង្កើត​កម្មវិធី​អវកាស​របស់​ខ្លួន​យ៉ាង​ខ្លាំង​ជា​ឧទាហរណ៍​នៃ​ការ​លើក​សម្ពស់​មុខមាត់​ជា​សកល​និង​កម្លាំង​បច្ចេក​វិទ្យា។​ចិន​បាន​ក្លាយ​ជា​ប្រទេស​ទី​៣​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅក្នុង​អវកាស​ក្នុង​ឆ្នាំ​២០០៣​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​និង​រុស្ស៊ី​និង​បាន​ដំណើរការ​ស្ថានីយ​អវកាស​ពិសោធន៍​បណ្តោះ​អាសន្ន​ចំនួន​២​ដោយ​ក្រុម​អវកាស​យានិក។​

ទើប​តែ​នៅឆ្នាំ​នេះប្រទេស​ចិន​បាន​បញ្ជូន​យាន​អង្កេត​ដោយ​គ្មាន​មនុស្ស​បើក​ចូល​ទៅ​ក្នុង​តារា​វិថី​ជុំវិញ​ភព​ព្រះអង្គារ​ចំណែក​ឯ​យាន​អង្កេត​មួយ​ទៀត​បាន​នាំយក​សំណាក​ដំបូង​ពី​ភព​ព្រះ​ច័ន្ទ​ក្នុង​ពេល​ជាង​៤០​ឆ្នាំ៕

XS
SM
MD
LG