ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រកាស​ផែនការ​ដើម្បី​អនុញ្ញាត​ឱ្យ​​អន្តរជាតិ​​អាច​ប្រើប្រាស់​​អង់តែន​​​អង្កេត​ផ្កាយ​ដ៏​ធំ​របស់​ខ្លួន


រូបឯកសារ៖ ទិដ្ឋភាពពីអាកាសបង្ហាញអង់តែនអង្កេតផ្កាយដ៏ធំមួយរបស់ចិន ទំហំ​ ៥០០​ ម៉ែត្រ នៅខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។
រូបឯកសារ៖ ទិដ្ឋភាពពីអាកាសបង្ហាញអង់តែនអង្កេតផ្កាយដ៏ធំមួយរបស់ចិន ទំហំ​ ៥០០​ ម៉ែត្រ នៅខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​អាច​ចូល​ទៅ​ប្រើប្រាស់​អង់តែន​ចាប់​រលក​វិទ្យុសម្រាប់​អង្កេត​ផ្កាយ​ដ៏​ធំ​បំផុត​របស់​ខ្លួន ទំហំ​ ៥០០​ ម៉ែត្រ ដែល​គេ​ហៅ​ថា Aperture Spherical Telescope ឬ​ FAST នៅ​ក្នុង​ខេត្ត Guizhou នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស។

បច្ចុប្បន្ន​នេះ​អង់តែន​នេះ ​ជា​អង់តែន​ដ៏​ធំ​បំផុត​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​មាន​ការ​ដួល​រលំ​អង់តែន​មួយ ​ដែល​មាន​ទីតាំងនៅដែន​កោះ Puerto Rico របស់​សហរដ្ឋ​អាមេរិក។​

នៅ​មុន​ការ​ប្រកាស​នេះ មន្ត្រី​ចិន​កាល​ពីពាក់​កណ្តាល​ខែ​ធ្នូ​ បាន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​អន្តរជាតិ​អាច​ចូល​ទៅ​ក្នុង​កន្លែង​អង្កេតផ្កាយ​នេះ ដែល​សាងសង់​នៅ​ក្នុង​ចង្អូរ​មួយ​នៅ​ចន្លោះ​ភ្នំនៅ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៅ​ក្នុង​ខេត្ត Guizhou។​

ការ​សាងសង់​អង់តែន FAST បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០១១ និង​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​នៅ​ក្នុង​ខែ​មករា​នៅ​ឆ្នាំ​នេះ ដែល​ចំណាយ​ប្រាក់​អស់​ប្រមាណ​ ១៧០ លាន​ដុល្លារ។ អង់តែនទទួល​សញ្ញា​វិទ្យុនេះ ផ្តោត​លើ​ការចាប់​យក​សញ្ញា​វិទ្យុ​ដែល​បញ្ចេញ​ដោយ​វត្ថុ​នៅ​ក្នុង​លំហ​អវកាស ដូច​ជា​ផ្កាយ pulsar ដែល​ជា​ផ្កាយមួយ​ប្រភេទ​ដែល​លែង​ឆេះ​ហើយប្តូរ​កន្លែង​ញឹកញាប់។​

តួនាទី​របស់​អង់តែន​នេះ​កាន់​តែ​មាន​សារៈសំខាន់​ ចាប់​តាំង​ពី​មាន​ការ​ដួលរលំ​អង់តែន​អង្កេតមើល​ផ្កាយ Arecibo Observatory ដែល​ជា​កម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិក និង​មាន​ទីតាំង​នៅ​ក្នុង​កោះ ​Puerto Rico កាលពី​ថ្ងៃទី១ ខែធ្នូ។

អង់តែន​ចាប់​សញ្ញា​វិទ្យុ​នោះ មាន​ទំហំ​ធំជាង​គេ​ទី ២ បន្ទាប់​ពីអង់តែន FAST របស់​ចិន និង​ត្រូវ​បាន​បំផ្លាញ​នៅ​ពេល​វេទិកា​ទទួល​សញ្ញា​ទម្ងន់ ​៩០០​ តោន ​ដែល​ត្រូវ​បាន​គេ​ព្យួរ​បាន​ដាច់​ខ្សែ និង​ធ្លាក់​ទៅ​លើ​ថាស​វិទ្យុ ដែល​មាន​កម្ពស់ ​១៤០ ម៉ែត្រ​ពី​គ្នា។

នាយក​ផ្នែក​អធិការកិច្ច​ប្រតិបត្តិការ​នៃ​អង់តែន FAST លោក Wang Qiming បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា មនុស្ស​មួយ​ក្រុម​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​អង់តែន Arecibo និងមាន​ការ​ជំរុញ​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពី​អង់តែន​នោះ។

ប៉ុន្តែ​មន្ត្រី​ចិន​និយាយ​ថា អង់តែន FAST អាច​ចាប់​សញ្ញា​បាន​ខ្លាំង​ជាង​អង់តែន Arecibo ពី​២​ទៅ​៣​ដង និង​អាច​ស្ទង់​ល្បឿន​បាន​លឿន​ជាង​ពី ​៥​ទៅ​១០ដង។ ម៉្យាង​ទៀត ​វា​អាច​បង្វិល​បានដែល​អាច​ឲ្យ​វាមានរង្វាស់​ចាប់​សញ្ញា​ពី​អវកាស​មាន​ទំហំ​ធំ​ជាង។​

ក្រុម​មន្ត្រី​និយាយ​ថា ពួកគេ​សង្ឃឹម​ថា នឹង​បើក​ឱ្យគេ​អាចអាច​ចូលប្រើប្រាស់អង់តែន​នេះ និង​មើល​ឃើញ​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា ​នៅ​ក្នុង​ឆ្នាំ ២០២១។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​បានប្រើប្រាស់​អង់តែន Arecibo Observatory បាន​ទទួល​ពានរង្វាន់​ណូបែលឆ្នាំ ១៩៩៣ ​ផ្នែក​រូបវិទ្យា​សម្រាប់​ការងារ​របស់​ពួកគេ ដែល​បញ្ជាក់​ពី​វត្តមាន​នៃ​រលក​ទំនាញ​ដោយ​តាមដាន​ផ្កាយ pulsar​ មួយ​ប្រភេទ។

ប្រទេស​ចិន​សង្ឃឹម​ថា នឹង​ទាក់ទាញ​អ្នក​វិទ្យាសាស្ត្រ​ដែល​មាន​ទេពកោសល្យ​ស្រដៀងគ្នា​នេះ​ឱ្យ​ធ្វើ​ការ​នៅ​អង់តែន FAST៕

XS
SM
MD
LG