អាជ្ញាធរចិនបានធ្វើការចោទប្រកាន់ជាផ្លូវការ អតីតប្រធានសន្តិសុខ លោក Zhou Yongkang ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅប្រទេសចិន។ លោក Zhou គឺជាអ្នកនយោបាយដែលមានឋានន្តរសក្តិខ្ពស់បំផុតនៅក្នុងប្រទេសចិន ដែលត្រូវបានប្រឈមមុខនឹងការចោទប្រកាន់ ក្នុងរយៈពេលជាងបីទសវត្សរ៍ ហើយជាមន្រ្តីជាន់ខ្ពស់បំផុតដែលត្រូវបានចាប់ខ្លួន នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
សេចក្តីថ្លែងការណ៍ខ្លីមួយស្តីពីការចោទប្រកាន់នេះ ដែលបានចុះផ្សាយនៅថ្ងៃទី ៣ ខែមេសា នៅលើគេហទំព័ររបស់ការិយាល័យរដ្ឋអាជ្ញាកំពូលរបស់ប្រទេសចិន បានឱ្យដឹងថា ឧក្រិដ្ឋកម្មរបស់លោក Zhou ពីបទសូកប៉ាន់ ការរំលោភបំពានអំណាច និងការលេចធ្លាយរឿងសម្ងាត់របស់រដ្ឋ បានចាប់មានតាំងពីពេលដែលលោកបានធ្វើជាប្រធានសាជីវកម្មប្រេងចិន ដែលជាក្រុមហ៊ុនថាមពលធំបំផុតមួយក្នុងពិភពលោក រហូតមកដល់តំណែងចុងក្រោយរបស់លោកជាសមាជិកម្នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យ Politburo ដ៏មានឥទ្ធិពលនៃប្រទេសចិន។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថាបទឧក្រិដ្ឋរបស់លោក Zhou ក្នុងការចោទប្រកាន់នោះគឺមានភាពធ្ងន់ធ្ងរខ្លាំងណាស់ ហើយ«ការរំលោភបំពានអំណាចរបស់លោកបាននាំឱ្យមានការខាតបង់មូលនិធិសាធារណៈដោយចំនួនច្រើន»។ ដោយគ្មានការផ្តល់ព័ត៌មានលម្អិត សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ឧក្រិដ្ឋកម្មរបស់លោក បានធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិនិងសាធារណៈយ៉ាងសន្ធឹកសន្ធាប់ និងមានផលប៉ះពាល់អវិជ្ជមានទៅលើសង្គម។
តុលាការនៃទីក្រុង Tianjin នៅប្រទេសចិនភាគឦសាន ដែលនៅមិនឆ្ងាយពីទីក្រុងប៉េកាំង នឹងធ្វើការកាត់ក្តីករណីលោក Zhou។ គេមិនទាន់ដឹងច្បាស់ថាតើការវិនិច្ឆ័យទោសនឹងចាប់ផ្តើមធ្វើនៅពេលណាទេ ឬក៏នឹងមានការបើកឲ្យសាធារណជនចូលមើលដល់កម្រិតណាទេ ដោយមកពីមានការចោទប្រកាន់អំពីការធ្វើឲ្យធ្លាយរឿងសម្ងាត់របស់រដ្ឋ និងភាពអាថ៌កំបាំងនៃករណីនេះ។
គណបក្សកុម្មុយនីស្តរបស់ប្រទេសចិន បានស៊ើបអង្កេតលោក Zhou ចាប់តាំងពីចុងឆ្នាំ ២០១៣ មកម្ល៉េះ ហើយរឿងក្តីប្រឆាំងនឹងលោកបានត្រូវផ្សព្វផ្សាយយ៉ាងល្អិតល្អន់នៅក្នុងបណ្តាញព័ត៌មានរបស់ប្រទេសចិន។ របាយការណ៍បានលេចឡើងអំពីអ្វីដែលគេប្រាប់ឲ្យដឹងថាជាបណ្តាញដ៏ធំមួយ ដែលលាតត្រដាងឲ្យឃើញការចូលរួមរបស់លោកZhou ដោយផ្ទាល់ឬដោយមិនចំពោះ។ បណ្តាញនោះហាក់ដូចជាមានដៃនៅគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីក្រសួងថាមពលទៅដល់សន្តិសុខ ទៅដល់ប្រព័ន្ធតុលាការ និងអង្គការឧក្រិដ្ឋកម្មធំៗ។
លោក Willy Lam អ្នកតាមសង្កេតជើងចាស់ម្នាក់អំពីកិច្ចការប្រទេសចិន បានកត់សម្គាល់ថា នៅក្នុងដីកាចោទប្រកាន់ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលគេបានចុះផ្សាយនៅក្នុងអ៊ីនធឺណិត មានព័ត៌មានតិចតួចណាស់ដែលនិយាយពីមិត្តភក្តិនិងសាច់ញាតិ ជិតស្និទ្ធរបស់ លោក Zhou។
«រឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះប្រហែលជាពួកគេមិនបាននិយាយយោងទៅរកកូនប្រុសឬសាច់ញាតិឯទៀតរបស់លោក Zhou ក៏ដូចជាមិត្តភក្តិជិតស្និទ្ធ និងអតីតមិត្តរួមការងាររបស់លោកទេ។ តួលេខមានចំនួនប្រហែលច្រើនជាង ១០០នាក់ ដែលជាសមាជិកនៃក្រុមអន្ធពាលពុករលួយ ដឹកនាំដោយលោក Zhou Yongkang នេះដែរ»។
អ្នកធ្វើអត្ថាធិប្បាយនយោបាយចិន និងជាអ្នកប្រវត្តិសាស្រ្ត លោក Zhang Lifan បាននិយាយថាការចោទប្រកាន់ ហាក់ដូចជាត្រូវបានបង្រួមឲ្យតូចហើយមិនមានការនិយាយ ថាតើលោក Zhou មានការជាប់ពាក់ព័ន្ធនៅក្នុងការតស៊ូផ្នែកនយោបាយផ្ទៃក្នុងជាមួយនឹងអ្នកនយោបាយដែលត្រូវបណ្តេញចេញ គឺ លោក Bo Xilai នោះឬទេ។ លោក Bo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទអំពើពុករលួយ និងការរំលោភបំពានអំណាច មុនពេលដែលមានការស៊ើបអង្កេតលើលោក Zhou ហើយ លោក Bo ត្រូវបានគេមើលឃើញ ថាជាគូប្រជែងនយោបាយ នឹង លោក Xi Jingping (ស៊ី ជីនពីង)។
លោក Zhang បាននិយាយថា: «ការធ្វើរដ្ឋប្រហារ ដែលមានពាក្យចចាមអារាមជាទូទៅនិយាយថាលោក Zhou បានចូលដៃជាមួយនោះ ហាក់ដូចជាត្រូវបានគេដកចេញពីការចោទប្រកាន់នេះ»។ លោកបានបន្ថែមថា «បទឧក្រិដ្ឋធ្ងន់បំផុត គឺលោកត្រូវបានគេចោទប្រកាន់ពីការធ្វើឲ្យធ្លាយការសម្ងាត់របស់រដ្ឋ ដែលហាក់ដូចជាសំដៅទៅលើលទ្ធភាពដែលលោក Zhou បានបង្ហើបព័ត៌មាននេះទៅឲ្យលោក Bo Xilai»។
លោក Zhou ធ្លាប់ធ្វើជាប្រធានសន្តិសុខរដ្ឋរបស់ចិន និងទទួលបន្ទុកលើទីភ្នាក់ងារចារកម្មក្នុងស្រុក។ នេះជាតំណែងមួយ ដែលបើកឲ្យលោកអាចទទួលបានព័ត៌មានពីអ្នកនយោបាយជាន់ខ្ពស់ផ្សេងៗទៀត។
ការចោទប្រកាន់ពីបទធ្លាយការសម្ងាត់របស់រដ្ឋ ទំនងជាមានផលប៉ះពាល់លើតម្លាភាពនៃការជំនុំជម្រះក្តី និងអាចមានន័យថាដំណើរការនីតិវិធីប្រហែលតែផ្នែកខ្លះប៉ុណ្ណោះដែលនឹងបើកឲ្យសាធារណជនឃើញ ហើយអាចមិនបើកទាំងស្រុងផងក៏មិនដឹង។ ការចោទប្រកាន់នេះ ក៏ប្រហែលជាអាចជួយរក្សាពត៌មានមិនល្អ ទាក់ទងនឹងការបែកបាក់នយោបាយផ្ទៃក្នុងរបស់គណបក្ស ឲ្យផុតពីភ្នែករបស់របស់សាធារណជនដែរ។
លោក Zhou ជាសមាជិកគណបក្សជាន់ខ្ពស់បំផុត ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ចាប់តាំងពីមានផលវិបាកនៃបដិវត្តវប្បធម៌ នៅពេលដែលភរិយារបស់លោក Mao Zedong (ម៉ៅ សេទុង) និង "ក្រុមអន្ធពាលបួន" ហៅ "Gang of Four" បានប្រឈមមុខនឹងការចោទប្រកាន់ពីបទក្បត់ជាតិនៅក្នុងឆ្នាំ ១៩៨១ អំពីការធ្វើទុក្ខបុកម្នេញគូប្រជែងនយោបាយរបស់ខ្លួន។
នៅលើបណ្តាញព័ត៌មានសង្គមនៅក្នុងប្រទេសចិន មនុស្សជាច្រើនបាននិយាយសំដៅទៅលោក Zhou និងមន្រ្តីផ្សេងទៀតដែលត្រូវជាប់ខ្លួននៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ថាជា «ក្រុមអន្ធពាលបួន»ថ្មី។ នៅលើបណ្តាញព័ត៌មានសង្គម មានការនិយាយប៉ាន់ស្មានថា លោក Zhou លោក Bo និងអ្នកដទៃទៀត បានរៀបគម្រោង ឬចាត់វិធានការដើម្បីបង្អាក់លោក ស៊ី ជីនពីង មិនឲ្យឡើងកាន់អំណាចបាន។
ខណៈពេលដែលការកាត់ទោសនេះអាចបំភ្លឺលើព័ត៌មានលម្អិតអំពីគម្រោងទាំងនោះ លោក Lam បានថ្លែងថា យើងប្រហែលជាមិនអាចដឹងប្រាកដបានទេ ថាតើការចោទប្រកាន់អំពីការលេចធ្លាយរឿងសម្ងាត់របស់រដ្ឋនោះ មានទាក់ទងនឹងសកម្មភាពអ្វីខ្លះដោយជាក់លាក់ទេ។
«ទោះជាយ៉ាងណាក៏ដោយ បើយោងតាមមនុស្សជាច្រើននៅក្នុងទីក្រុងប៉េកាំង វាអាចជារឿងមួយ ក្នុងបណ្តារឿងពីរ។ វាអាចជាការថតសម្លេងការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំកំពូលដូចជា លោក ស៊ី ជីនពីង ឬលោក Hu Jintao ឬវាអាចជាព័ត៌មានទាក់ទងនឹងសកម្មភាពអាជីវកម្មរបស់សាច់ញាតិនៃសមាជិកការិយាល័យនយោបាយជាន់ខ្ពស់ Politburo មួយចំនួន»។
ក្រុមអ្នកវិភាគនិយាយថា បើគិតពីទម្ងន់នៃឧក្រិដ្ឋកម្មដែលលោក Zhou ត្រូវបានចោទប្រកាន់ និងការណ៍ដែលតុលាការបានត្រឡប់ទៅរកកំហុសលោកតាំងពីជាងពីរទសវត្សរ៍មុននោះទៀត លោកទំនងជាអាចទទួលទោសដល់ប្រហារជីវិត។ ប្រសិនបើលោកធ្វើសហការជាមួយអាជ្ញាធរ ក្រុមអ្នកវិភាគនិយាយថា លោកអាចត្រូវកាត់ទោសប្រហារជីវិតដោយមានការលើកទោសពីរឆ្នាំ ដែលស្មើនឹងការជាប់ពន្ធនាគារអស់មួយជីវិតដែរ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង