លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានព្រមព្រៀងគ្នាបន្តធ្វើការឆ្ពោះទៅកាន់ដំណោះស្រាយខាងការទូតដើម្បីធ្វើឲ្យសម្រេចការគ្មានអាវុធនុយក្លែអ៊ែនៅឧបទ្វីបកូរ៉េ នេះតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសប្រទេសទាំង២បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃអង្គារដើម្បីពិភាក្សាពីការព្រួយកង្វល់ទាក់ទិនទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងហើយបានសង្កត់ថា ទាំងសហរដ្ឋអាមេរិកនិងរុស្ស៊ីមិនអាចទទួលយករដ្ឋាភិបាលក្រុងព្យុងយ៉ាងជាមហាអំណាចនុយក្លេអ៊ែរបានទេ។
កាលពីថ្ងៃមុន ក្រសួងការបរទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lacrov បានប្រាប់លោករដ្ឋមន្ត្រីការបរទេសអាមេរិកថា វោហាសាស្ត្រដ៏គគ្លើនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើនការតានតឹងនៅលើឧបទ្វីបកូរ៉េ។ ក្រសួងការបរទេសរុស្ស៊ីក៏បានប្រាប់ឲ្យដឹងទៀតថា លោករដ្ឋមន្ត្រីការបរទេស Lavrov បានហៅវោហារសាស្ត្របស់សហរដ្ឋអាមេរិកជាការមិនអាចទទួលយកបាន។
ក្នុងខណៈនោះដែរ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើពួកមន្ត្រីកូរ៉េខាងជើង២នាក់ចំពោះតួនាទីរបស់ពួកគេនៅក្នុងកម្មវិធីកាំជ្រួចបាល់លីស្ទិករបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ចំណាត់ការនេះបានកើតមានឡើងបន្ទាប់ពីការអនុម័តជាឯកច្ឆ័ន្ទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនូវសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃសុក្រដែលកម្រិតចំនួនប្រេងឥន្ធនៈនិងប្រេងម៉ាស៊ូតដែលកូរ៉េខាងជើងអាចនាំចូលនិងរឹតបន្តឹងការត្រួតពិនិត្យកប៉ាល់ដែលសង្ស័យដឹកទំនិញហាមឃាត់ខុសច្បាប់ទៅកាន់ឬចេញពីប្រទេសកូរ៉េខាងជើង៕