ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន និង​រុស្ស៊ី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ


រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​នៅ​ក្នុង​ក្រុង Nicosia ប្រទេស​ស៊ីប កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​នៅ​ក្នុង​ក្រុង Nicosia ប្រទេស​ស៊ីប កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។

ប្រទេស​រុស្ស៊ី និង​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាក់​រៀងៗ​ខ្លួន​នូវ​គោល​បំណង​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​សម្រាប់​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​សកម្មភាព​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន RIA របស់​រុស្ស៊ី​ថា គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​សង្គ្រាម​កើត​ឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ​នោះ​ទេ ហើយ​លោក​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​មាន​គម្រោង​ប្រើប្រាស់​មធ្យោបាយ​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ។

រី​ឯ​ប្រទេស​ចិន​វិញ បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​បង្កើត​កិច្ច​ប្រឹងប្រែង​ដែល​មាន​ប្រយោជន៍​នានា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​របស់​អង្គការ​សហប្រជាជាតិ​មក​លើ​ខ្លួន​គឺ​ជា​ទង្វើ​បង្ក​សង្គ្រាម និង​ដូច​ទៅ​នឹង​ការ​រារាំង​សេដ្ឋកិច្ច​ទាំង​ស្រុង​ដូច្នេះ​ដែរ​នោះ។

ដោយ​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​ថា សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នេះ​បាន​ពង្រឹង​ទណ្ឌកម្ម​ដែល​មាន​កន្លង​មក​យ៉ាង​សមរម្យ ប៉ុន្តែ​មិន​មែន​តាក់តែង​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ការ​ផ្ដោះប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ធម្មតា ឬ​ក៏​ជំនួយ​មនុស្សធម៌​នោះ​ទេ។

លោកស្រី Hua Chunying ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា សេចក្ដី​សម្រេច​នេះ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រើប្រាស់​នូវ​មធ្យោបាយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​ភាគី​ទាំង​អស់​គួរតែ​ចាត់​វិធានការ​យ៉ាង​ណា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដោយសារតែ​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ទណ្ឌកម្ម​ទាំង​នេះ​មាន​គោល​បំណង​ដាក់​កំហិត​ចំពោះ​លទ្ធភាព​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ទទួល​បាន​ផលិតផល​ប្រេង​ចម្រាញ់ និង​ប្រេង​ឆៅ ក៏​ដូចជា​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​ការ​នៅ​បរទេស​ផង​ដែរ។

សហរដ្ឋ​អាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា មាន​ជនជាតិ​កូរ៉េ​ខាង​ជើង​រហូត​ដល់ ៨ ម៉ឺន​នាក់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ចិន និង​យ៉ាង​តិច ៣ ម៉ឺន​នាក់ ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG