ប្រទេសចិនមិនបង្ហាញសញ្ញាណាមួយក្នុងការបន្ធូរបន្ថយការបង្ក្រាបទៅលើអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកនោះទេ។ កាលពីពេលថ្មីៗនេះ មេធាវីការពារក្រុមសកម្មជនសិទ្ធិមនុស្ស លោក Li Heping ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ ហើយសកម្មជនសិទ្ធិមនុស្ស ៣ នាក់ផ្សេងទៀត ដែលរួមមានទាំងមេធាវីការពារប្រយោជន៍សាធារណៈលោក Jiang Tianyong ផងដែរនោះ មិនដឹងជានៅទីណានោះទេ ក្រោយពេលដែលពួកគេបានបាត់ខ្លួនអស់រយៈពេលមួយរយៈខ្លីកន្លងមក។
នៅទីបំផុត អ្នកស្រី Wang Qiangling ដែលជាភរិយារបស់លោក Li បានដឹងអំពីការចោទប្រកាន់ជាផ្លូវការរបស់តុលាការទៅលើស្វាមីរបស់អ្នកស្រី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីអ្នកស្រី និងលោកមេធាវី Ma Lianshun បានចាប់ផ្ដើមជជីកសួរអាជ្ញាធរនៅក្នុងទីក្រុង Tianjing ដើម្បីរកចម្លើយទាក់ទិននឹងស្វាមីរបស់អ្នកស្រី។
ការចោទប្រកាន់ពីបទក្បត់ជាតិ
លោកមេធាវី Ma Lianshun បានប្រាប់ VOA យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី ០៨ ខែធ្នូ អ្នកស្រី Wang បានធ្វើដំណើរទៅការិយាល័យស៊ើបអង្កេតក្នុងទីក្រុង Tianjing ម្តងទៀត ហើយត្រូវបានគេបញ្ជាក់ប្រាប់អ្នកស្រីថា លោកLi ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទក្បត់ជាតិ។ ប៉ុន្តែ គេមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតដល់អ្នកស្រីនោះទេ»។
លោកស្រី Wang បានជួលលោកមេធាវី Ma ដើម្បីការពារក្ដីជូនលោក Li។ លោក Li ជាមេធាវីដ៏ ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសចិន ដែលត្រូវបានគេនាំខ្លួនចេញពីផ្ទះរបស់លោកនៅក្នុងទីក្រុងប៉េកាំង ក្នុងអំឡុងពេលការធ្វើការបោសសម្អាតរបស់គណបក្សកុម្មុយនិស្តចិនទៅលើសកម្មជនសិទ្ធិមនុស្សកាលពីខែកក្កដាកន្លងទៅនេះ។
ប៉ុន្តែ លោកមេធាវី Ma បានត្អូញត្អែរថា លោកមិនដែលត្រូវបានគេអនុញ្ញាតឲ្យជួបកូនក្តីរបស់លោកឡើយ ហើយក៏គ្មានអាជ្ញាធរណាមួយបានគោរពទៅតាមនីតិវិធីច្បាប់ដែរ ដោយពួកគេបានដាក់លោក Li ក្រោមការឃុំឃាំងមិនឲ្យលោកអាចទាក់ទងមកខាងក្រៅឡើយ។
លោកមេធាវី Ma បានថ្លែងថា ស្ថានភាពរបស់លោក Liគឺដូចជា «ទឹកកំពុងពុះនៅក្នុងឆ្នាំងដែលបិទគម្របជិត ដែលគ្មាននរណាអាចមើលឃើញច្បាស់ថាវាកំពុងពុះនោះទេ»។
សាលក្រមសម្រេចដាក់ទោសទណ្ឌត្រូវគេរំពឹងថានឹងកើតមាន
យ៉ាងណាក៏ដោយ អ្វីដែលច្បាស់លាស់នោះគឺប្រហែលជាជោគវាសនារបស់លោក Li។ បទពិសោធន៍កន្លងមកបានបង្ហាញថា លោកប្រហែលជានឹងត្រូវបានគេយកមកកាត់ទោសក្នុងពេលឆាប់ៗ ហើយទំនងជានឹងត្រូវគេបង្ខំឲ្យទទួលទោសមុនពេលសាលក្រមត្រូវបានវិនិច្ឆ័យក៏ថាបាន។
ប៉ុន្តែលោក Ma បានហៅការចោទប្រកាន់លោក Li ពីបទក្បត់ជាតិនោះថាជារឿងដែលគួរឲ្យអស់សំណើច។ លោកបានលើកឡើងថា លោកមេធាវីដែលកំពុងជាប់ឃុំឃាំងរូបនេះមិនបានធ្វើអ្វីក្រៅពីតស៊ូមតិការពារសិទ្ធិមនុស្សជាមូលដ្ឋាននោះឡើយ។
លោកមេធាវី Maសង្ស័យថា ការសិក្សារបស់លោក Li អំពីការប្រឆាំងនឹងការធ្វើទារុណកម្ម និងការប្រឆាំងនឹងការដាក់ទោសប្រហារជីវិត ដែលទទួលបានការឧបត្ថម្ភពីអង្គការនានានៅក្រៅប្រទេសនោះ គឺប្រហែលជាមូលហេតុនៅពីក្រោយការចោទរូបលោកថាក្បត់ជាតិ បើទោះបីជាទោសនេះពិបាកក្នុងការបញ្ជាក់ឲ្យបានច្បាស់លាស់ក៏ដោយ។
លោកមេធាវី Ma បញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការយល់ឃើញរបស់ពួកយើង សិទ្ធិមនុស្សគួរឲ្យមានលើសពីអធិបតេយ្យភាពទៅទៀត។ កំណត់ត្រាផ្នែកសិទ្ធិមនុស្សរបស់ប្រទេសយើងមិនដែលបានប្រសើរនោះទេ។ ដូច្នេះ ប្រភេទនៃការសិក្សារបស់លី Liដែលជាការសិក្សាមានគោលបំណងលើកតម្កើងសិទ្ធិមនុស្ស គួរតែជាការសិក្សាបែបវិនិច្ឆ័យទ្រឹស្តី បែបការពិចារណាដោយមានហេតុមានផលត្រឹមត្រូវ និងប្រកបដោយសន្តិវិធី។ ការសិក្សាបែបនេះមិនអាចធ្វើឲ្យរដ្ឋអំណាចចុះខ្សោយបាននោះទេ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Li បានជួយការពារក្ដីឲ្យអ្នកកាន់សាសនាគ្រិស្តដែលធ្វើការលួចលាក់ អ្នកតវ៉ាផ្នែកនយោបាយ និងអ្នកប្រតិបត្តិលទ្ធិហ្វាលុន ហ្គុង (Falun Gong ) ដែលគេហាមក្នុងប្រទេសចិន ក៏ដូចជាជួយការពារក្ដីជូនលោកមេធាវីពិការភ្នែក ដើរដោយ «ជើងទទេ» Chen Guang Cheng ផងដែរ។ សកម្មភាពទាំងអស់នេះ សុទ្ធតែជាការរំខានដល់អាជ្ញាធរចិន។ នេះបើតាមការលើកឡើងរបស់លោក Ma។
ការបង្ក្រាបគ្មានប្រសិទ្ធភាព
លោក Ma បានអះអាងថា ការបង្ក្រាបរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពក្នុងការបំបិទមាត់មេធាវីដែលនិយាយឥតលាក់លៀមឡើយ។ ផ្ទុយទៅវិញ វាបានលាតត្រដាងពីភាពខុសឆ្គងរបស់ក្រុមអ្នកកាន់អំណាច នៅស្របពេលដែលការគាំទ្រលើសមាជិកនៃសហគមន៍គាំពារសិទ្ធិជនស៊ីវិលក្នុងប្រទេសចិនដែលត្រូវបានជាប់ឃុំឃាំង កំពុងមានការកើនឡើងទាំងក្នុង និងក្រៅប្រទេស។
លោកមេធាវី Chen Jinxue ដែលការពារក្តីឲ្យលោកJiang Tianyongបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែបន្តការដាក់សម្ពាធលើក្រុមមេធាវីជំទាស់ និងក្រុមសកម្មជនការពារសិទ្ធិមនុស្សដដែល។ លោក Jiang និងលោក Huang Qi និងលោក Liu Feiyue ដែលជាអ្នកធ្វើយុទ្ធនាការការពារសិទ្ធិមនុស្សពីរនាក់ផ្សេងទៀត បានបាត់ខ្លួនចាប់តាំងពីចុងខែវិច្ឆិកាមកម្ល៉េះ ហើយគ្មានអ្នកណាម្នាក់ដឹងថាពួកគេនៅកន្លែងណានៅឡើយទេ។
ការធ្វើឲ្យបាត់ខ្លួនលោក Jiang
កាលពីពេលថ្មីៗនេះ លោក Chen Jinxue បានអមដំណើរឪពុករបស់លោក Jiang ទៅដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសពីការបាត់ខ្លួនរបស់លោក Jiang។ ក៏ប៉ុន្តែ ស្ថាប័នសន្តិសុខសាធារណៈនេះ បានបដិសេធមិនធ្វើការស៊ើបអង្កេត និងបានបង្កការលំបាកដល់ពួកគេទៅវិញ។ នេះបើយោងតាមការបញ្ជាក់របស់លោក Chen។
លោកមេធាវី Chen បន្តថា ការបង្កការលំបាកទាំងនោះរួមមានសកម្មភាពដូចជា ប៉ូលិសបានស្នើឲ្យឪពុកលោក Jiang បង្ហាញតឹកតាងនៃទំនាក់ទំនងរវាងលោកនិងកូនប្រុសរបស់លោក ឬក៏ឲ្យលោកយកវីដេអូពីកាំមេរ៉ាសុវត្ថិភាពក្នុងក្រុង Changsha ដោយខ្លួនឯង។ ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ពីចេតនាមិនចង់ធ្វើសកម្មភាពណាមួយរបស់ប៉ូលិស។
លោក Jiang ត្រូវគេសង្ស័យថា បានបាត់ខ្លួនក្រោយថ្ងៃទី ២១ ខែវិច្ឆិកា គឺនៅពេលដែលលោកជិះរថភ្លើងចេញពីទីក្រុង Changsha ក្នុងខេត្ត Hunan។ លោក Jiang បានធ្វើដំណើរទៅកាន់ខេត្ត Hunan ដើម្បីជួបជាមួយលោក Xie Yang ដែលជាមេធាវីម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបទៅលើក្រុមសកម្មជនសិទ្ធិមនុស្សកាលពីឆ្នាំមុន។ នៅក្នុងការធ្វើដំណើរទៅកាន់ខេត្ត Hunan នោះ លោកត្រូវបានអមដំណើរដោយដោយភរិយា និងក្រុមមេធាវីរបស់លោកមេធាវី Xie Yang។
លោក Jiang មិនដែលឃើញត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញទេ ហើយគេសង្ស័យថា លោកត្រូវបានគេចាប់ឃុំខ្លួនដោយបង្ខំ។
លោកមេធាវី Chen និយាយថា៖ «ទំនោរជារួមនៃការចាប់ខ្លួនមេធាវីការពារសិទ្ធិមនុស្សហាក់ដូចជាបានកើតឡើងជាបន្តបន្ទាប់។ លោក Jiang គឺជាគោលដៅមួយទៀតនៃការបង្ក្រាបទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៥ មក»។
តាមច្បាប់ ប៉ូលិសត្រូវតែផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់លោក Jiang ពីទីកន្លែងដែលលោកត្រូវគេឃុំខ្លួន ក្នុងអំឡុងពេល ២៤ ម៉ោង ក្រោយការចាប់ខ្លួន។
ការប្រឈមនឹងការទារុណកម្ម
លោកស្រី Jin Bianling ដែលជាភរិយារបស់លោក Jiang បានប្រាប់ VOA ថា ប្រសិនបើស្ថិតក្នុងការឃុំឃាំងដោយសម្ងាត់ លោក Jiang អាចប្រឈមនឹងគ្រោះថ្នាក់ដោយការធ្វើទារុណកម្ម ដូចដែលលោកធ្លាប់រងការវាយដំផ្ទួនៗជាប់ៗគ្នា ក្នុងអំឡុងពេលដែលលោកបានបាត់ខ្លួនដោយបង្ខំកាលពីកន្លងពេលទៅ។ លោកស្រី Jin Bianling បន្ថែមថា ការធ្វើទារុណកម្មនោះ បានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការចងចាំនិងការស្ដាប់របស់លោក Jiang។
លោកស្រី Jin បានមានប្រសាសន៍ថា៖ «ខ្ញុំមានការបារម្ភយ៉ាងខ្លាំង ថាគាត់អាចប្រឈមនឹងការធ្វើទារុណកម្មម្ដងទៀត។ លើសពីនេះទៀត គាត់ត្រូវការថ្នាំដើម្បីបន្ថយសម្ពាធឈាមរបស់គាត់។ បើគ្មានថ្នាំនោះទេ គាត់ប្រាកដជាធ្លាក់ខ្លួនឈឺធ្ងន់ជាមិនខាន»។
លោកស្រី Jin ដែលបច្ចុប្បន្ននេះកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងកូនស្រីរបស់លោកស្រី បានផ្ដួចផ្ដើមបង្កើតយុទ្ធនាការមួយលើប្រព័ន្ធអ៊ីនធឺណិតដើម្បីជំរុញឲ្យការិយាល័យសន្តិសុខសាធារណៈចិន ពន្លឿនដំណើរការនៃការស៊ើបអង្កេតលើករណីបាត់ខ្លួនលោក Jiang ឬក៏ដាក់ទោសទណ្ឌដល់អ្នកដែលទទួលខុសត្រូវក្នុងការឃុំឃាំងលោកដោយសម្ងាត់។
មកដល់ពេលនេះ យុទ្ធនាការនេះបានចេញលិខិតមួយដោយមានហត្ថលេខាពីអ្នកគាំទ្រជាច្រើនរយនាក់ ដើម្បីផ្ញើទៅកាន់ប្រធានការិយាល័យសន្តិសុខសាធារណៈរបស់ចិន។
លោកស្រី Jin ក៏បានបញ្ជាក់ពីក្តីកង្វល់ជុំវិញការបាត់ខ្លួនរបស់ស្វាមីលោកស្រី នៅក្នុងសវនាការមួយដែលរៀបចំឡើងដោយក្រុមប្រឹក្សារដ្ឋ នៅរដ្ឋវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះផងដែរ។
ក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលរួមមានទាំងអ្នកជំនាញមកពីអង្គការសហប្រជាជាតិ និងអង្គការ Freedom House ក៏បានចេញសេចក្ដីថ្លែងការណ៍ជាច្រើនផងដែរ ដើម្បីបញ្ជាក់ពីក្ដីបារម្ភស្រដៀងគ្នានេះដែរ៕
ប្រែសម្រួលដោយ នៅ វណ្ណារិន