ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ទំនាក់ទំនង​ជាមួយ​ខ្លួន​ឡើងវិញ


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទស​ចិន​លោក Wang Yi លើក​គ្រវី​ដៃ នៅពេលដែល​លោក​ចាកចេញ​ពី​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទស​ចិន​លោក Wang Yi បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ​អាច​ធ្វើការ​ជាមួយ​គ្នា​លើ​បញ្ហា​នានា​បាន ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ ​និង​បញ្ហា​ជំងឺ​កូវីដ១៩ ជាដើម ប្រសិនបើ​ប្រទេស​ទាំង​ពីរ ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​បញ្ហា​កន្លង​មក។

លោក Wang បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បើក​ឲ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​ផ្លែផ្កា​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ពេល​សហរដ្ឋ​អាមេរិក​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ដែល​នេះ​ ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

លោក Wang បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ដក​ចេញ​នូវ​ពន្ធគយ​ដែល​លោក Trump បាន​ដាក់​លើ​ទំនិញ​របស់​ចិន​កន្លង​មក និង​លះបង់​ចោល​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ថា​ ជា​ការ​គាប​សង្កត់​មិន​សម​ហេតុ​ផល​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ចិន។

លោក Wang បាន​បញ្ជាក់​ថា ទាំង​នេះ ​គឺជា​ជំហាន​ដែល​នឹង​បង្កើត​ឲ្យ​មាន​«លក្ខខណ្ឌ​ចាំបាច់​នានា» សម្រាប់​កិច្ច​សហប្រតិបត្តិការ។

លោក Wang បាន​ជំរុញ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​គោរព​ផល​ប្រយោជន៍​គោល​របស់​ប្រទេស​ចិន បញ្ឈប់​«ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ»​របស់​គណបក្ស​កុម្មុយនីស្ត​ចិន បញ្ឈប់​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​បញ្ឈប់«ការ​សម​គំនិត»ជាមួយ​កម្លាំង​ផ្ដាច់​ខ្លួន​ទាក់ទិន​នឹង​រឿង​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​មាន​ជម្លោះ​ជាមួយ​គ្នា​លើ​បញ្ហា​ជា​ច្រើន​ដូចជា​បញ្ហា​ពាណិជ្ជកម្ម រឿង​ចោទ​ប្រកាន់​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uighur) នៅ​តំបន់ Xinjiang និង​បញ្ហា​ទាក់ទិន​នឹង​ការ​ទាមទារ​របស់​ចិន​លើ​ដែន​កោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដើម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG