ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Xi Jinping សន្ទនា​គ្នា​លើក​ដំបូង តាំងពី​ពេល​លោក Biden ក្លាយជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងលោក Joe Biden កាលពេលលោកបំពេញការងារជាអនុប្រធានាធិបតីក្រោមរដ្ឋបាលលោក Obama ចាប់ដៃស្វាគមន៍គ្នា ក្នុងពិធីជំនួបមួយនៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​ពុធ ដែល​នេះ​ជា​ការ​សន្ទនា​គ្នា​លើក​ដំបូង​រវាង​លោក​ទាំង​ពីរ ចាប់​តាំងពី​ពេល​ដែល​លោក Biden បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​មក។

លោក Biden បាន​បញ្ជាក់ «​អំពី​អាទិភាព​របស់​លោក​នៅ​ក្នុង​ការ​ការពារ​សន្តិសុខ វិបុលភាព សុខភាព​និង​បែបបទ​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង និង​ការ​រក្សា​នូវ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​អំពី​ជំងឺ​កូវីដ១៩ ការ​ប្រែប្រួល​អាកាសធាតុ និង​លទ្ធភាព​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បន្ត​ស្វែងរក​នូវ​អ្វី​ដែល​សេតវិមាន​ពណ៌នា​ថា​ជា​លទ្ធភាព​នៃ​ការ​បន្ត «ការ​ចូលរួម​ដែល​ផ្ដោត​លើ​ស្ថានភាព​ជាក់​ស្ដែង​និង​លទ្ធផល» ទាក់ទិន​នឹង​ការ​គ្រប់គ្រង​អាវុធ។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា លោក Biden ក៏​បាន​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ផងដែរ​ លើ​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ដែល​មិន​ចុះ​សម្រុង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​បញ្ជាក់​ថា៖ «លោក​ប្រធានាធិបតី Biden បាន​គូស​បញ្ជាក់​អំពី​ក្ដី​បារម្ភ​ជា​ចម្បង​របស់​លោក ​លើ​ការ​អនុវត្ត​សេដ្ឋកិច្ច​បែប​បង្ខិតបង្ខំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ការ​បង្ក្រាប​នៅ​ក្នុង​ទីក្រុង​ហុងកុង ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់ Xinjiang និង​ការ​បង្កើន​សកម្មភាព​មិន​ញញើត​នានា [របស់​រដ្ឋាភិបាល​ចិន] នៅ​ក្នុង​តំបន់ ដែល​រួម​មាន​ទាំង​សកម្មភាព​ចំពោះ​កោះ​តៃវ៉ាន់​ផងដែរ»។

ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ផ្សាយ​ថា លោក Xi បាន​ប្រាប់​លោក Biden ថា កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​គឺជា​ជម្រើស​តែ​មួយ​គត់​ ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា។ លោក Xi បាន​ស្នើ​ឲ្យ​មាន​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​យន្តការ​ពិភាក្សា​គ្នា​មួយ​ទល់​នឹង​មួយ​ ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​ណា មួយ។

ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​ចិន​នោះ​ក៏​បាន​រាយការណ៍​ផងដែរ​ថា លោក Xi បាន​ប្រាប់​លោក Biden ថា លោក​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​សកម្មភាព «ដោយ​ប្រយ័ត្នប្រយែង» ទាក់ទិន​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា​បញ្ហា​កោះ​តៃវ៉ាន់ ទីក្រុង​ហុងកុង និង​តំបន់ Xinjiang ជាដើម ដែល​ជា​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃ​ក្នុង និង «អធិបតេយ្យភាព​និង​បូរណភាព​ដែនដី» របស់​ប្រទេស​ចិន៕

XS
SM
MD
LG