នៅពេលលោកឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី លោក Joe Biden បានមានប្រសាសន៍ថា នៅពេលណាលោកជាប់ឆ្នោត លោកនឹង«ចាត់វិធានការជាបន្ទាន់ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់យើងផ្ទាល់ និងសម្ព័ន្ធភាពឱ្យមានជាថ្មីវិញ» ដោយមានរួមបញ្ជូលការរៀបចំសន្និសីទកំពូលសាកលដើម្បីលទ្ធិប្រជាធិបតេយ្យ (Summit for Democracy) ក្នុងឆ្នាំទីមួយនៃការកាន់តំណែងរបស់លោក។ សំណើរបស់លោក Biden បានត្រូវស្វាគមន៍ដោយក្រុមប្រទេសសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដែលអន្ទះសាចង់ឱ្យមានក្រុមចម្រុះប្រជាធិបតេយ្យមួយខ្លាំងជាងមុន និងមានសារៈសំខាន់ជាងមុន។
លោក Irvin Cotler ជាអតីតរដ្ឋមន្ត្រីយុត្តិធម៌នៃប្រទេសកាណាដា។ លោកបាននិយាយប្រាប់អ្នកចូលរួមក្នុងវេទិកាគោលនយោបាយមួយរៀបចំដោយអង្គការស្រាវជ្រាវកាណាដាមួយកាលពីខែមករាថា៖ «ខ្ញុំយល់ថា សហគមន៍មួយនៃក្រុមប្រទេសប្រជាធិបតេយ្យនៅកម្រិតពហុភាគី អាចជាកត្តាគន្លឹះមួយដែលនាំឱ្យមានការផ្លាស់ប្តូរជាអន្តរជាតិ»។
លោក Irvin Cotler ដែលធ្លាប់បានការពារក្តីឱ្យលោក Nelson Mandela លោក Natan Sharansky និងលោក Liu Xiaobo ក្នុងឋានៈលោកជាមេធាវីល្បីឈ្មោះនោះ ពេលនេះបម្រើការជាសហប្រធាននៃគណៈប្រតិភូកាណាដាប្រចាំសម្ព័ន្ធភាពអន្តរសភាអំពីប្រទេសចិនហៅកាត់ថា IPAC ដែលជាវេទិកាពហុភាគីមួយ ត្រូវបានបង្កើតកាលពីឆ្នាំទៅមិញដោយពួកមេធាវីនៅទូទាំងពិភពលោក។
លោកបានផ្តល់តម្លៃដល់ការបង្កើត IPAC ថា ជា«កត្តានាំឱ្យផ្លាស់ប្តូរមួយ» ក្នុងការពន្យឺតការជំរុលទៅមុខខាងសេដ្ឋកិច្ច និងខាងការទូតរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ លោកបាននិយាយបន្ថែមថា អ្វីដែលសំខាន់ជាងនេះ គឺ«សម្ព័ន្ធភាពអន្តររដ្ឋាភិបាលមួយ»ដែលនឹង«បង្កើនយ៉ាងខ្លាំងអានុភាពសេដ្ឋកិច្ចនៃសហគមន៍ក្រុមប្រទេសប្រជាធិបតេយ្យ និងប្រឆាំងនឹងការសម្លុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង»។
លោក Cotler បានមានប្រសាសន៍ថា ប្រទេសជាតិនីមួយៗដោយមានរួមបញ្ចូលទាំងប្រទេសកាណាដាផងដែរ នឹង«មានអារម្មណ៍ថា មានសន្តិសុខជាងមុនដោយជាផ្នែកមួយនៃសេចក្តីផ្តើមចាំបាច់នានាដែលអាចធ្វើបាន» រួមគ្នាដោយសហគមន៍នៃប្រទេសជាតិប្រជាធិបតេយ្យ។
លោក Steven Kinnock ជាអ្នកតាក់តែងច្បាប់អង់គ្លេសម្នាក់ដែលបម្រើការជារដ្ឋមន្ត្រីស្រមោលរបស់គណបក្សពលករ (Labour Party) ទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក។ លោកបាននិយាយប្រាប់វេទិកាគោលនយោបាយចាត់ចែងដោយវិទ្យាស្ថាន Macdonald-Laurier ថា ចក្រភពអង់គ្លេស ត្រូវការ«ការរៀបចំជាថ្មីនូវយុទ្ធសាស្ត្ររបស់យើងចំពោះចិន»។
លោក Steven Kinnock បាននិយាយថា ការយល់ថា «ប្រទេសចិននឹងធ្វើតាមដោយយឹតៗ និងដោយប្រាកដប្រជាជាមួយបទដ្ឋាននិងបទបញ្ញត្តិនៃរចនាសម្ព័ន្ធអន្តរជាតិ» ជាបរាជ័យមួយ។ ឧបសគ្គទាក់ទងនឹងការរើបឡើងរបស់ប្រទេសចិននៅក្រោមការគ្រប់គ្រងដោយមេដឹកនាំកុម្មុយនិស្ត ជា«បញ្ហាចម្បងដែលសហគមន៍សាកល កំពុងប្រឈមនៅពេលនេះ»។
សមាជិកសភាអង់គ្លេសរូបនេះចង្អុលបង្ហាញពីសម្ព័ន្ធភាពមួយ ដែលបានកើតមានក្នុងចក្រភពអង់គ្លេសរវាងគណបក្សពលកររបស់លោកនិងគណបក្សអភិរក្សនិយមកាន់អំណាច ដោយរួមគ្នាប្រឈមនឹងឧបសគ្គនេះ។ លោក Kinnock បានមានប្រសាសន៍ប្រាប់ក្រុមអ្នកស្តាប់លោកនិយាយថា បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសចិន និងកន្លែងឯទៀតៗ មិនមែនជា«បញ្ហាអំពីនយោបាយខាងឆ្វេង ឬអំពីនយោបាយខាងស្តាំទេ» តែជា«បញ្ហាអំពីរឿងត្រូវ ឬខុស»។
ទៅអនាគត លោកស្នើឱ្យចក្រភពអង់គ្លេសអនុវត្ត«សរសរស្តម្ភយុទ្ធសាស្ត្រ»ពីរ។
លោក Kinnock បានថ្លែងថែមទៀតថា៖ «យើងត្រូវតែកាត់បន្ថយការពឹងពាក់របស់យើងលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ដែលមានន័យថា កសាងមូលដ្ឋានបច្ចេកវិជ្ជារបស់យើងផ្ទាល់ ធ្វើការជាមួយក្រុមប្រទេសប្រជាធិបតេយ្យដើម្បីធ្វើការនេះ។ យើងក៏ត្រូវតែក្លាយជាអ្នកធ្វើឱ្យមានសម្ព័ន្ធភាព ជាជាងជាអ្នកបំបែកសម្ព័ន្ធភាព ទោះណាលោកអ្នកមានមតិបែបណាអំពី Brexit ក៏ដោយ»។
លោក Reinhard Butikofer ជាអ្នកនយោបាយអាល្លឺម៉ង់ខាងគណបក្សបៃតង ដែលបម្រើការជាប្រធានគណៈប្រតិភូសភាអឺរ៉ុបខាងទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន។ លោកពណ៌នាការអំពាវនាវរបស់លោក Biden ឱ្យមានសម្ព័ន្ធភាពមួយនៃក្រុមប្រទេសប្រជាធិបតេយ្យដើម្បីប្រឆាំងនឹងការរំលោភដោយប្រទេសចិនលើរបៀបរៀបរយផ្អែកលើបញ្ញត្តិអន្តរជាតិថា ជា«សំណើដ៏មានប្រយោជន៍»មួយ ហើយលោកសង្ឃឹមថា សេចក្តីស្នើនេះ នឹងក្លាយជាការពិតហួសពីគ្រាន់តែជា«គំនិតបង្កើតអង្គការមួយ»។
លោក Reinhard Butikofer បាននិយាយនៅក្នុងសេចក្តីថ្លែងក្នុងសន្និសីទខែមករានោះថា៖ «ខ្ញុំយល់ថា អ្វីដែលសំខាន់បំផុតនោះ គឺប្រយោជន៍ជាក់ស្តែងភ្លាមៗ នៃការមានការគាំទ្ររវាងប្រទេសសមាជិកទៅវិញទៅមក»។
លោកបានថ្លែងថា៖ «ក្រៅពីធ្វើសន្និសីទធំៗ ក្រៅពីចាត់ចែងឱ្យមានអង្គការថ្មីមួយ ប្រសិនបើលោកអ្នកគ្មានសាមគ្គីភាពរវាងបណ្តាប្រទេសប្រជាធិបតេយ្យទេនោះ សម្ព័ន្ធនេះមិនអាចមានបានទេ»។
អ្នកស្រី Kimberly Kitching ជាសមាជិកព្រឹទ្ធសភាអូស្ត្រាលី និងជាប្រធានគណៈកម្មាធិការខាងកិច្ចការបរទេស ការពារប្រទេស និងពាណិជ្ជកម្មនៃព្រឹទ្ធសភាអូស្ត្រាលី។ អ្នកស្រីបាននិយាយប្រាប់វីអូអេក្នុងសេចក្តីសម្ភាសន៍លាយលក្ខណ៍អក្សរមួយថា គំនិតលោក Biden ក្នុងការបើកប្រជុំ«សន្និសីទកំពូលមួយនៃពួកប្រទេសប្រជាធិបតេយ្យ» មានសារៈសំខាន់ ហើយត្រូវពេលវេលាផងដែរ។
អ្នកស្រី Kimberly Kitching បានសរសេរថា៖ «នៅពេលយើងពិនិត្យមើលគន្លងដ៏យូរអង្វែងនៃប្រវត្តិសាស្ត្រ លទ្ធិប្រជាធិបតេយ្យតាមពិតទៅជាការលើកលែងមួយ [ដែលមិនមែនកើតឡើងដោយឯកឯង] ហើយគេត្រូវការពារវាដោយស្វិតស្វាញនិងដោយប្រុងប្រយ័ត្ន។ ដោយសារសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យនេះ ខ្ញុំសង្ឃឹមថា សន្និសីទកំពូលមួយបែបនេះ នឹងមានធ្វើក្នុងអនាគតឆាប់ៗនេះ»។
អ្នកស្រី Kitching បានពណ៌នាតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិកថា ជាកន្លែងមួយដែល«នៅចំកន្លែងគណបក្សកុម្មុយនិស្តចិនធ្វើការដោយភាពមោះមុត» មានន័យថា តំបន់នោះត្រូវតែដោះស្រាយបញ្ហាចិននេះ ក្នុងពេលបច្ចុប្បន្ននេះ ភ្លាមៗតែម្តង។
អ្នកស្រី Kitching បានមានប្រសាសន៍ថា «រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី Biden ផ្តល់ឱកាសមួយដល់ប្រទេសអូស្ត្រាលីក្នុងការកសាងបន្ថែមលើសម្ព័ន្ធភាពរបស់យើង ដែលត្រូវបានចងក្រងដោយសន្ធិសញ្ញាសន្តិសុខរវាងប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ និងស.រ.អ.ហៅកាត់ថា ANZUS តែត្រូវបានផ្សាភ្ជាប់ដោយ គុណតម្លៃដូចគ្នានិងមិត្តភាព ដោយអ្នកស្រីបាននិយាយយោងដល់ឯកសារយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វ៊ិករបស់ស.រ.អ.ដែលត្រូវបញ្ចេញជាសាធារណៈកាលពីពេលថ្មីៗនេះថា ជាការផ្តល់ឱកាសមួយសម្រាប់ការបន្តយុទ្ធសាស្ត្រនេះតទៅទៀត។
អ្នកស្រី Kitching ក៏បម្រើការជាសហប្រធានអូស្ត្រាលីនៃសម្ព័ន្ធភាពអន្តរសភាអំពីប្រទេសចិនផងដែរ។
រដ្ឋបាលថ្មីដឹកនាំដោយក្រុមគណបក្សប្រជាធិបតេយ្យ បានចូលកាន់តំណែងនៅសេតវិមានកាលពីថ្ងៃទី២០ ខែមករា ហើយក្រុមសម្ព័ន្ធមិត្តស.រ.អ. អន្ទះសាចង់យល់ជាងមុនអំពីការយល់ឃើញរបស់អ្នកវិភាគ និងអ្នកចាត់ចែងគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យ។
អ្នកស្រី Carolyn Bartholomew ជាអនុប្រធាននៃគណៈកម្មការសេដ្ឋកិច្ចនិងសន្តិសុខស.រ.អ.-ចិន និងជាអតីតនាយខុទ្ទកាល័យអ្នកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំង។ អ្នកស្រីពណ៌នាខ្លួនអ្នកស្រីថា ជា«អ្នករិះគន់ស្មើគ្នាដល់រដ្ឋបាលរបស់គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ» អំពី«ភាពខ្សោយនិងបញ្ហា»នៅក្នុងគោលនយោបាយរបស់ពួកគេអំពីប្រទេសចិន។ អ្នកស្រី Bartholomew បានសរសើររដ្ឋបាលស.រ.អ.ទើបចេញពីតំណែងអំពីរបៀបដោះស្រាយរបស់ខ្លួនចំពោះរដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកស្រី Carolyn Bartholomew បាននិយាយថា៖ «សម្រាប់ជនទាំងឡាយដែលមិនដឹង ខ្ញុំជាអ្នកគណបក្សប្រជាធិបតេយ្យ។ ខ្ញុំសរសើររដ្ឋបាលលោក Trump អំពីរឿងមួយ គឺការលាតត្រដាងអំពីកង្វល់កំពុងមាននៅក្នុងទំនាក់ទំនងរវាងស.រ.អ. និងប្រទេសចិន»។ អ្នកស្រីបានពណ៌នាសកម្មភាពខ្លះក្នុងបណ្តាសកម្មភាពរបស់រដ្ឋបាលលោក Trump ថា «មាននៅក្នុងគោលការណ៍ដែលផ្តល់ផលប្រយោជន៍ឱ្យយើង និងគាំទ្រដល់សេរីភាពជាមូលដ្ឋានក្នុងប្រទេសចិន ដើម្បីធ្វើឱ្យប្រាកដថា ការលេចឡើងរបស់ប្រទេសចិនលើឆាកអន្តរជាតិ មិនគ្រាន់តែលើកតម្កើងអំណាចផ្តាច់ការក្នុងពិភពលោក»។
អ្នកស្រី Carolyn Bartholomew បានថ្លែងថា អ្នកស្រីសង្ឃឹមថា រដ្ឋបាលលោក Biden «នឹងទទួលយក និងបន្តគោលនយោបាយខ្លះដែលរដ្ឋបាលលោក Trump បានធ្វើ» ដោយអ្នកស្រីបាននិយាយបន្ថែមថា «ខ្ញុំរំពឹងថា មានការកែសម្រួលខ្លះ» ទាក់ទិននឹងកលយុទ្ធ ប៉ុន្តែមិនមែនទាក់ទិននឹងយុទ្ធសាស្ត្រទាំងស្រុងទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ