ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា ចិន​នឹង​ប្រឈម​ផលវិបាក​​​រឿង​រំលោភ​សិទ្ធិ​មនុស្ស ខណៈ​​​នាវា​អាមេរិក​បើក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង


លោក​ប្រធានាធិបតី Joe Biden ឈរ​​នៅ​​ឯ​​វេទិកា​មហាជន​​ town hall ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្តាញ​ទូរទស្សន៍ កាលពី​ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោក​ប្រធានាធិបតី Joe Biden ឈរ​​នៅ​​ឯ​​វេទិកា​មហាជន​​ town hall ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្តាញ​ទូរទស្សន៍ កាលពី​ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារថា ប្រទេស​ចិន ​នឹង​ទទួលផល​វិបាក​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ខ្លួន។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​សំណួរ​នៅ​ឯ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ស្តីពីរបៀប​ដែល​ចិន​ ចាត់ចែង​រឿង​បញ្ហា​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​ក្នុង​តំបន់ Xinjiang ភាគ​ខាង​លិចប្រទេស​ចិន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធានាធិបតី​ចិន​លោក Xi Jinping កន្លង​មក​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សាកលលោក​ចំពោះ​ការ​ឃុំ​ឃាំង​ជនជាតិ​ភាគតិច​ Uighur (អ៊ុយហ្គ័រ) នៅ​ក្នុង​ជំរំ​បិទជិត​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។

លោក​ប្រធានាធិបតី Biden បាន​និយាយ​អំពី​លោក Xi នៅ​ពេល​ដែល​ត្រូវសង្កត់​សួរលើ​បញ្ហា​នេះ នៅ​ឯវេទិកា​មហាជន town hall ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្តាញ​ទូរទស្សន៍ CNN ថា៖ «នឹង​មាន​ផលវិបាក​សម្រាប់​ប្រទេស​ចិន​ ហើយ​លោក Xi បាន​ដឹង​អំពី​បញ្ហា​នេះ»។

លោក​ប្រធានាធិបតី Biden បាន​និយាយ​ទៀត​ថា សហរដ្ឋ​អាមេរិក​ នឹង​បញ្ជាក់​ឡើង​វិញ​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​សាកលលោក​នៅ​ក្នុង​ការ​និយាយ​អំពី​សិទ្ធិ​មនុស្ស។ លោក​បាន​បន្ថែម​ទៀត​ថា លោក នឹង​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​ចិន​ការពារ​ជនជាតិ​ភាគ​តិច​ទាំង​នោះ។

ក្នុង​រឿង​មួយ​ទៀត ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​កាត់​តាម​ប្រជុំកោះ​ដែល​ទាមទារ​ដោយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍ ដែល​នេះ ជា​ចំណាត់​ថ្មីៗ​បំផុត​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ដើម្បី​ប្រឈម​តតាំង​ការ​ទាមទារ​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​នៅ​ក្នុង​ដែន​ទឹក​ប្រទាញប្រទង់​គ្នា​នេះ។

កង​នាវា​ចម្បាំង​ទី៧​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ថា នាវា​ពិឃាត USS Russell បាន «ប្រកាស​ការពារ​សិទ្ធិ​និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ប្រជុំ​កោះ Spratly ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ»៕

XS
SM
MD
LG