ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនធ្វើ​ពហិការ​សម្លៀក​បំពាក់​និង​ស្បែកជើងរបស់​ក្រុមហ៊ុន​បរទេស​ដោយសារ​​បញ្ហា​នៅ​តំបន់​​ Xinjiang


រូបឯកសារ​៖ អតិថិជន​ម្នាក់​ដើរ​​កាត់​ស្លាកសញ្ញា​ក្រុមហ៊ុន Nike នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ​៖ អតិថិជន​ម្នាក់​ដើរ​​កាត់​ស្លាកសញ្ញា​ក្រុមហ៊ុន Nike នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

កាល​ពី​ចុង​ខែ​មីនា​ ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ចិន​បាន​កោះហៅ​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​លើ​ការ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន H&M ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ាក​ផលិតផល​សម្លៀកបំពាក់​ និង​ស្បែកជើង​បរទេស​ ក្រោយ​ពី​មាន​ការ​ដាក់ទណ្ឌកម្ម​ពី​បស្ចិមលោក​មក​លើ​មន្រ្តីចិន​ ដែល​រង​ការ​ចោទប្រកាន់រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​តំបន់ Xinjiang។

គណបក្ស​កុម្មុយនីស្ត​ចិន​បាន​រិះគន់​ក្រុមហ៊ុន H&M ចំពោះ​ការ​លើកឡើង​របស់​ក្រុមហ៊ុន​នេះ​ ដោយ​បាន​ប្រកាស​ថានឹង​ឈប់ទិញសំឡី​ពី​តំបន់​ Xinjiang ភាគ​ពាយព្យ​ប្រទេស​ចិន​។ ក្រុមហ៊ុន​សម្លៀកបំពាក់​ពី​ប្រទេស​ស៊ុយអែត​មួយ​នេះ​បាន​ចូល​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ម៉ាក​ផលិតផល​ដទៃទៀតបង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​របាយការណ៍​ស្តី​ពី​ពលកម្ម​ដោយ​បង្ខំ​នៅ​តំបន់​នោះ។

សារព័ត៌មាន​គាំទ្រ​គណបក្ស​កុម្មុយនីស្ត​ចិន​ឈ្មោះ​ថា Global Times ក៏​បាន​រិះគន់​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ម៉ាកផលិតផល​ដូចជា ក្រុមហ៊ុន Burberry, Addidas, Nike, New Balance និង​ Zara ជា​ដើម​ ពាក់ព័ន្ធ​នឹង​តំបន់ Xinjiang ដែល​សេចក្តីថ្លែងការណ៍​ខ្លះ​មាន​តាំង​ពី​ពីរ​ឆ្នាំ​មុន​មក​ម៉្លេះ។​

ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ចិន​បាន​លើកឡើង​នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖​រាល់​សាជីវកម្ម​ណា​ដែល​ជ្រៀតជ្រែក​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​យើង ការ​ឆ្លើយតប​គឺ​មាន​ប្រាកដណាស់​ នោះ​គឺ លែង​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ទាំង​នោះ!»។ ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ក៏​បាន​និយាយ​ថា ក្រុមហ៊ុន H&M នៅ​ក្នុង​ឈ្មោះ​ហៅ​តាម​ភាសា​ស៊ុយអែត​គឺ ​តំណាង​ឲ្យ​ពាក្យ​ក្នុង​ភាសា​ចិន​ ដែល​មាន​ន័យ​ថា កុហក និង​ក្លែងក្លាយ។

ការ​វាយប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ខាង​លើ​នេះ​កើតឡើង​ បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ដោយ​សហភាព​អឺរ៉ុប​ដែល​មាន ២៧​ ប្រទេស​ សហរដ្ឋអាមេរិក អង់គ្លេស និង​កាណាដា ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើ​ដំណើរ និង​ហិរញ្ញវត្ថុ​របស់​មន្រ្តី​ចិន​ចំនួន​បួន​នាក់ ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភបំពាន​នៅ​តំបន់ Xinjiang។

រូបឯកសារ​៖ អតិថិជន​ដើរកាត់​ស្លាកសញ្ញា​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M​ នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ​៖ អតិថិជន​ដើរកាត់​ស្លាកសញ្ញា​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M​ នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

ពលរដ្ឋ​ជាង​មួយ​លាន​នាក់​នៅ​តំបន់ Xinjiang ដែល​ភាគ​ច្រើន​គឺ​ក្រុម​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ ត្រូវ​បាន​ដាក់​ឃុំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ជំរំ​ពលកម្ម។ នេះ​បើ​យោង​ទៅ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​រដ្ឋាភិបាល​បរទេស។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​ការ​ប្រព្រឹត្ត​មិន​គប្បី​មក​លើ​ជន​ទាំង​នោះ និង​និយាយ​ថា ខ្លួន​កំពុង​ព្យាយាម​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​លុបបំបាត់​ចោល​ភាព​ជ្រុល​និយម។

​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng បាន​និយាយ​ថា៖ «ការ​លើក​ឡើង​ថា​មាន​ពលកម្ម​ដោយ​បង្ខំ​នៅ​តំបន់​ Xinjiang គឺ​ជា​រឿង​ប្រឌិត​សុទ្ធសាធ»។ លោក​បាន​អំពាវនាវ​ឲ្យក្រុមហ៊ុន​បរទេស «កែកំហុស» ប៉ុន្តែ​មិន​បាន​និយាយ​ថា ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​រំពឹង​ថា នឹង​ធ្វើ​ដូចម្តេច​នោះ​ទេ។

បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន រួម​ទាំង​តារា​ចម្រៀង​ និងជា​តារាសម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ លោក Wang Yibo បាន​ប្រកាស​ថា ពួកគេ​បាន​ច្រានចោល​កិច្ចសន្យា​សហការ​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន H&M និង​ក្រុមហ៊ុន Nike។

ផលិតផល​របស់​ក្រុមហ៊ុន H&M ​លែង​មាន​លក់​នៅ​លើ​វេបសាយ​លក់​ផលិតផល​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ល្បី​ឈ្មោះ​នានា ដូចជា Tmall របស់​ក្រុមហ៊ុន Alibaba Group និង​ JD.com ជាដើម។ សេចក្តី​រាយការណ៍​បានលើក​ឡើង​ថាផលិតផល​ទាំងនោះ​ត្រូវ​បាន​ដក​ចេញ​ ដោយសារ​មានការ​រិះគន់​ពី​សាធារណជន​ជុំវិញ​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន H&M ស្តី​ពី​តំបន់ Xinjiang។ ក្រុមហ៊ុន​ខាង​លើ​មិនបាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អធិប្បាយ​នោះ​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជារឿយៗ​តែង​វាយប្រហារ​ក្រុមហ៊ុន​ម៉ាកផលិតផល​បរទេស​ដូចជា ក្រុមហ៊ុន​ សម្លៀកបំពាក់ ក្រុមហ៊ុន​ផលិត​រថយន្ត ក្រុមហ៊ុន​ទេសចរណ៍ ក៏ដូចជាក្រុមហ៊ុន​ម៉ាកផលិតផល​ដទៃទៀត​ ដោយសារ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ប្រទេស​ដើម​នៃ​ក្រុមហ៊ុន​ទាំង​នោះ ឬ​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​សម្រប​តាម​គោលជំហរ​របស់​ខ្លួន​ពាក់ព័ន្ធនឹង​បញ្ហា​កោះតៃវ៉ាន់​ តំបន់​ទីបេ​ និង​បញ្ហា​រសើប​ដទៃ​ទៀត។

ក្រុមហ៊ុន​នានា​តែងតែ​សុំទោស និង​ប្តូរ​វេបសាយ ឬ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដើម្បី​ទទួល​បាន​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន​ ដែល​ជា​ទីផ្សារ​ធំជាង​គេ​បង្អស់​មួយ​នៅ​លើ​សាកលលោក។ ប៉ុន្តែ​តំបន់​ Xinjiang គឺ​ជា​បញ្ហា​រសើប​មួយ។ ក្រុមហ៊ុន​ម៉ាកផលិតផល​បរទេស​តែងតែ​រង​សម្ពាធ​នៅ​ក្នុង​ស្រុកឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​រំលោភ​បំពាន​សិទ្ធ​ដែល​កើត​អាច​មាន​ឡើង។

ការ​បាត់បង់​ទីផ្សារ​លក់​នៅ​ចិន​ ដែល​ជា​សេដ្ឋកិច្ច​ធំ​តែ​មួយ​គត់ ​ជា​ទី​ដែល​ការ​ចំណាយ​បាន​ងើបឡើង​វិញ​ខ្ពស់​ជាង​កម្រិត​មុន​ការ​រាតត្បាត​ជំងឺ អាច​បង្ក​ជា​ផល​ប៉ះពាល់​នៅ​ពេល​ដែល​តម្រូវការ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ធ្លាក់ចុះ។

ក្រុមហ៊ុន H&M បាន​លើកឡើង​នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​ខ្លួន​ថា ក្រុមហ៊ុន H&M Group «មិន​តំណាង​ឲ្យ​គោលជំហរ​នយោបាយ​ណា​មួយ​ទេ» ហើយ «ក្រុមហ៊ុន​គោរព​អតិថិជន​ចិន»។

ក្រុមហ៊ុន​បាន​បន្ត​ថា ខ្លួន​បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ចំនួន ៣៥០​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ផលិត​នូវ​ផលិតផល​ដែល «ស្រប​តាម​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»។ ក្រុមហ៊ុន H&M លើកឡើង​ថា ក្រុមហ៊ុន «ប្តេជ្ញា​ចំពោះ​ការ​វិនិយោគ​ក្នុង​រយៈពេល​វែង ក៏ដូចជា​ការ​អភិវឌ្ឍ​នៅ​ប្រទេស​ចិន»។

លោក Brian Ehrig ម្ចាស់​ភាគហ៊ុន​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន Kearney ដែល​ផ្តោត​លើ​ការ ​យុទ្ធសាស្រ្ត​ជា​សាកល​សម្រាប់​អ្នក​ប្រើប្រាស់​ និង​ការ​ពិគ្រោះយោបល់​ផ្នែក​គ្រប់គ្រង បាន​និយាយ​ថា វត្ថុធាតុ​ដើម​ប្រមាណ ៦០ ទៅ​៧០​ភាគរយ​ របស់​ក្រុមហ៊ុន H&M ដូចជា ក្រណាត់កី​ ​មក​ពី​ប្រទស​ចិន។ លោក​បាន​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន H&M ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ នោះ​នឹង​មាន​ការ​លំបាក​សម្រាប់​ក្រុមហ៊ុន​នេះ​ដើម្បី​ទទួល​បាន​វត្ថុធាតុ​ដើម​ទាំង​នោះ ហើយ​អាច​ធ្វើ​ឲ្យ​មាន​តម្លៃ​ថ្លៃ​ជាង​មុន និង​ការ​ពន្យារ​ផលិតកម្ម​ជា​ដើម។

ក្រុមហ៊ុន H&M មាន​ហាង​ចំនួន ៥២០ និង​មាន​ចំណូល​ពី​ការ​លក់​ប្រមាណ ១,៤​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ចិន។ តួលេខ​នេះត្រូវ​បាន​រាយការណ៍ កាល​ពី​ឆ្នាំ២០១៩ ដែល​ជា​ឆ្នាំ​ចុងក្រោយ​។ ចិន​គឺ​ជា​ទីផ្សារ​ធំ​បំផុត​ទី​បី​សម្រាប់​ក្រុមហ៊ុន​នេះ​ បន្ទាប់​ពី​អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG