កិច្ចព្រមព្រៀងវិនិយោគមួយ ដែលត្រូវបានយល់ព្រមជាគោលការណ៍រវាងសហភាពអឺរ៉ុបនិងប្រទេសចិន កាលពីដំណាច់ឆ្នាំទៅមិញ កំពុងប្រឈមនឹងការរិះគន់ទាំងខាងក្នុងនិងខាងក្រៅសហភាពអឺរ៉ុប។
ក្រុមអ្នកវិភាគចង្អុលបង្ហាញការយល់ព្រមដល់កិច្ចព្រមព្រៀងនេះថា ជាភស្តុតាងនៃភាពប៉ិនប្រសប់របស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការវាយតម្លៃអំពីការប្រជែងឥទ្ធិពលនៅខាងក្នុងសហភាពអឺរ៉ុប។
អ្នកស្រី Didi Kirsten Tatlow បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទថា៖ «ប្រសិនបើលោកអ្នកពិនិត្យមើលគោលនបាយនៃប្រទេសចិន កាលពីមួយទសវត្សរ៍មុននេះចំពោះទ្វីបអឺរ៉ុប ចិនផ្តោតខ្លាំងណាស់អំពីការបំបែកបំបាក់អឺរ៉ុបជាផ្នែកផ្សេងគ្នា គឺអឺរ៉ុបកណ្តាល និងអ៊ឺរ៉ុបខាងកើត ជាប្លុកមួយ ហើយប្រទេសអាល្លឺម៉ង់ បារាំ ងនិងចក្រភពអង់គេ្លស នៅពេលអង់គ្លេសជាផ្នែកមួយនៃសហភាពអឺរ៉ុប ជាប្លុកមួយទៀត ដោយចិនផ្តោតការយកចិត្តទុកដាក់ខ្លាំងណាស់លើការអំពាវនាវដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិនៃប្រទេសទាំងនេះ។ លោកអ្នកដឹងទេថា ចំណាត់ការនៃប្រទេសចិនពិតជាបានការ»។
អ្នកស្រី Tatlow គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្នុងកម្មវិធីអាស៊ីនៃក្រុមប្រឹក្សាអាល្លឺម៉ង់ អំពីទំនាក់ទំនងការបរទេសក្នុងក្រុងប៊ែរឡាំង។ អ្នកស្រីបាននិយាយយោងដល់ទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសអាល្លឺម៉ង់ជាករណីមួយក្នុងចំណុចនេះ។
អ្នកស្រី Tatlow បាននិយាយថា៖ «ចិនបានផ្តោតការយកចិត្តទុកដាក់លើប្រទេសអាល្លឺម៉ង់យូរយាមកហើយ។ ខ្ញុំមិនយល់ថា ប្រទេសចិនមានប្រាក់ច្រើនរហូតទេ។ ខ្ញុំយល់ថា ចិនពូកែណាស់ខាងយុទ្ធសាស្ត្រ»។
អ្នកស្រីបានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងមិនមែនគ្រាន់តែ «បើកទ្វារខ្លួនទទួលឧស្សាហកម្មរថយន្តនិងទំនិញឯទៀតៗរបស់អាល្លឺម៉ង់ប៉ុណ្ណោះទេ» តែប្រទេសនេះបានផ្តល់ឱ្យប្រទេសអាល្លឺម៉ង់នូវការចូលទាក់ទងមិនធម្មតាខាងនយោបាយថែមទៀតផង។
អ្នកស្រីបានពោលថែមទៀតថា៖ «ប្រទេសអាល្លឺម៉ង់ជាប្រទេសតែមួយគត់ក្នុងអឺរ៉ុប ដែលមានអ្វីហៅថា «ការប្រជុំគណរដ្ឋមន្ត្រី» ជាមួយប្រទេសចិនច្រើនឆ្នាំមកហើយ» ហើយគេយល់ឃើញថា ការចូលរួមក្នុងការប្រជុំទាំងនេះ ជា«កិត្តិយសខ្ពស់»មួយ។
អ្នកស្រី Tatlow បានចង្អុលបង្ហាញថា បន្ថែមលើការចាត់ចែងឱ្យមានចំណងទាក់ទងល្អប្រសើរជាមួយប្រទេសមហាអំណាចធំៗ ដូចជាប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំងជាដើមនោះ រដ្ឋាភិបាលក្រុងប៉េកាំងប្រើគ្រប់វិធីទាំងអស់ដែលខ្លួនមាន ដោយមានរួមបញ្ចូលការបើកទីផ្សារខ្លួនជាដើម ដើម្បីទាក់ទាញប្រទេសឯទៀតៗ ក្នុងដែនឥទ្ធិពលរបស់ផងខ្លួន។
ជាឧទាហរណ៍ អ្នកស្រីបានថ្លែងយោងដល់សេចក្តីសម្រេចរបស់ចិនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសស្លូវ៉ាគី អំពីការដឹកជញ្ជូនសាច់ទៅលក់ក្រៅប្រទេសក្នុងពេលខ្លី នៅមុនរដ្ឋាភិបាលក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលជាមួយប្រទេសទាំង ១៧ នៃផ្នែកកណ្តាលនិងប៉ែកខាងកើតទ្វីបអឺរ៉ុប ក្នុងសប្តាហ៍ទីពីរនៃខែកុម្ភៈ។
អ្នកស្រី Tatlow និងជនឯទៀតបាននិយាយថា ទោះជាយ៉ាងនេះក៏ដោយ ក៏មានភាពមិនស្រួលចិត្តក្នុងចំណោមរដ្ឋសមាជិកនៃសហភាពអឺរ៉ុប អំពីការជិតស្និទ្ធពេកជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើការណ៍នេះនឹងនាំឱ្យរដ្ឋមួយជាសមាជិកក្នុងចំណោមរដ្ឋសមាជិកទាំង ២៧ នៃសហភាពនេះ នឹងបោះឆ្នោតវ៉េតូនឹងកិច្ចព្រមព្រៀងវិនិយោគជាមួយរដ្ឋាភិបាលក្រុងប៉េកាំងបែបណាទេ។
លោក Jakub Janda ដែលជានាយកនៃមជ្ឈមណ្ឌលតម្លៃអឺរ៉ុប សម្រាប់នយោបាយសន្តិសុខមានមូលដ្ឋានក្នុងទីក្រុង Prague បាននិយាយថា៖ «តាមទ្រឹស្តីគេត្រូវការប្រទេសតែមួយ ដើម្បីវ៉េតូនឹងកិច្ចព្រមព្រៀងនេះ»។
តែលោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទថា បណ្តាប្រទេសទំហំតូចនិងទំហំកណ្តាលនៃសហភាពអឺរ៉ុប ប្រហែលរារែកក្នុងការប្រើអំណាចនេះ ពីព្រោះពួកគេត្រូវការការគាំទ្រពីប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំងចំពោះ
អត្ថប្រយោជន៍ស្នូលឯទៀតៗ ដូចជាការផ្តល់ប្រាក់ជំនួយបន្ថែមខាងកសិកម្ម ដល់ប្រទេសប៉ូឡូញ ឬការទ្រទ្រង់របស់ប្រទេសអាល្លឺម៉ង់ ដល់បណ្តារដ្ឋក្នុងតំបន់សមុទ្របាល់ទិក នៅក្នុងទំនាក់ទំនងពួកគេជាមួយប្រទេសរុស្សី។
លោក Janda ស្តាយដែលសហភាពអឺរ៉ុបនៅក្រោមការដឹកនាំរបស់ប្រទេសអាល្លឺម៉ង់ មិនទទួលបានជោគជ័យក្នុងការប្រើកិច្ចចរចាអំពីកិច្ចព្រមព្រៀងវិនិយោគ ដើម្បីជំរុញតម្លៃប្រជាធិបតេយ្យរបស់ខ្លួន និងគាំទ្រសិទ្ធិមនុស្ស ជាពិសេសនៅពេលដែលក្រុងប៉េកាំង មានបំណងចង់ឲ្យមានកិច្ចព្រមព្រៀងដែលជាការផ្តល់ឲ្យសហភាពអឺរ៉ុប មានប្រៀបក្នុងការចរចា។
សហភាពអឺរ៉ុបទទូចថា មានយន្តការឯទៀតៗជាស្រេច ដើម្បីពិភាក្សាអំពីសិទ្ធិមនុស្ស តែលោក Janda មានជំនឿថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងខ្វល់ខ្វាយខ្លាំងខាងនយោបាយ បើសិនជាកង្វល់ទាំងនេះទាក់ទិននឹងពាណិជ្ជកម្ម ដែលជាវិស័យចិនគិតគូរខ្លាំង។
លោក Janda បាននិយាយប្រាប់វីអូអេថា៖ «ប្រសិនលោកអ្នកលើកតែបញ្ហាសិទ្ធិមនុស្សក្នុងការសន្ទនាខាងសិទ្ធិមនុស្សរវាងសហភាពអឺរ៉ុបនិងប្រទេសចិន ហើយលោកអ្នកនិយាយប្រាប់ចិនថា អ្វីដែលពួកគេធ្វើក្នុងតំបន់ស៊ីនជាំង ជាការសម្លាប់ប្រល័យពូជសាសន៍ប្រជារាស្ត្រអំបូរអ៊ុយហ្គ័រនោះ ចម្លើយដែលលោកអ្នកនឹងទទួលគឺថា «ទេយើងមិនបានធ្វើដូច្នេះទេ» ហើយនេះជាចម្លើយរបស់ចិន»។
ថ្លែងកាលពីពេលថ្មីៗនេះដល់អ្នកស្តាប់អន្តរជាតិ នៅឯការប្រជុំរបស់ក្រុមប្រឹក្សាអាត្លង់ទិក ដែលជាអង្គការស្រាវជ្រាវមួយនៅរដ្ឋធានីវ៉ាស៊ីនតោនលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានការពារកិច្ចព្រមព្រៀងបណ្តាក់ទុនរវាងសហភាពអឺរ៉ុប និងប្រទេសចិន៕
ប្រែសម្រួលដោយលោកឈឹម សុមេធ