ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រជែង​របស់​ចិន​ជាមួយ​នឹង​​ប្រព័ន្ធ​កំណត់​ទីតាំង GPS មាន​ហានិភ័យ​ខ្ពស់


រូបឯកសារ៖ រុក្កែត​ដែល​ដឹក​ផ្កាយ​រណប Beidou-3 ដែល​ជា​ផ្កាយ​រណប​ចុង​ក្រោយ​របស់​ចិន​ត្រូ​វ​បាន​បង្ហោះ​ចេញ​ពី​ស្ថានីយ៍​ផ្កាយ​រណប Xichang ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។

បន្ទាប់​ពី​ខំ​ប្រឹង​អស់​រយៈ​ពេល​ជាង​ ២០​ ឆ្នាំ ប្រទេស​ចិន​បង្កើត​បាន​សម្រេច​នូវ​ប្រព័ន្ធ​​ផ្កាយ​រណប​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ទី០៧ ខែ​កក្កដា នៅ​ពេល​ដែល​ផ្កាយ​រណប BeiDou’s 35 ចុង​ក្រោយ​បាន​ទៅ​ដល់​គន្លង​ភូមិសាស្ត្រ​ក្នុង​ទី​អវកាស។

ប្រទេស​ចិន​បង្កើត​ប្រព័ន្ធ​ផ្កាយ​រណប​ BeiDou សម្រាប់​រក​ទីតាំង​ដោយ​ខ្លួន​ឯង ដើម្បី​ប្រជែង​ជាមួយ​នឹង​ប្រព័ន្ធ GPS របស់​សហរដ្ឋ​អាមេរិក និង​កំពុង​ផ្ដល់​សេវា​ដែល​គ្រប​ដណ្ដប់​ទូទាំង​ពិភពលោក ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​និង​ឆាប់​រហ័ស ដែល​មាន​សារៈ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ទំនើប។

ឥឡូវ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ​របស់​ចិនបាន​លើក​ឡើង​ថា​ ប្រព័ន្ធនេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៤ ហើយ​ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​ប្រទេសនានា​ជាង​ពាក់​កណ្ដាល​ពិភព​លោក ហើយ​ប្រព័ន្ធ​បង្ហាញ​ផ្លូវ​របស់​ចិន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ជាង ១២០ ប្រទេស​ទូទាំង​ពិភពលោក។

ដូច​ប្រព័ន្ធ​ GPS ដែរ សេវាកម្ម​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ជា​សាធារណៈ។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​បាន​និយាយ​ថា ភាព​ខុស​គ្នា​រវាង​ប្រព័ន្ធ GPS របស់​អាមេរិក និង​ប្រព័ន្ធBeiDou របស់​ចិន​គឺ​ប្រព័ន្ធ​ការពារ​សន្តិសុខ។

ហានិភ័យ​សន្តិសុខ

ប្រព័ន្ធ​ផ្កាយ​រណបបង្ហាញ​ផ្លូវ​ធំៗ​នៅ​ក្នុង​ពិភពលោក មាន​ដូចជា GPS ប្រព័ន្ធ GLONASS របស់​រុស្ស៊ី និង​ប្រព័ន្ធ Galileo របស់​អឺរ៉ុប ដែល​ភាគច្រើន​ដើរ​តួនាទី​ជា​ឧបករណ៍​ផ្ដល់​សញ្ញា​ឲ្យ​ឧបករណ៍​រាប់ពាន់​លាន​ផ្សេង​ទៀតប្រើ​ប្រាស់ ដើម្បី​កំណត់​ទី​តាំង​ច្បាស់​លាស់​របស់​ឧបករណ៍​ទាំង​នោះ​នៅ​លើ​ផែនដី។

BeiDou គឺជា​ប្រព័ន្ធ​ទំនាក់​ទំនង​សម្រាប់​មុខងារ​ពីរ ដែល​អនុញ្ញាត​ឲ្យ​វា​កំណត់​នូវ​ទីតាំង​របស់​អ្នក​ទទួល​សញ្ញា។ ឧបករណ៍ប្រើ​ប្រព័ន្ធ BeiDou អាច​បញ្ជូន​ទិន្នន័យ​ត្រឡប់​ទៅ​ផ្កាយ​រណប​វិញ ដែល​សូម្បី​តែ​ការ​ផ្ញើសារ​ជា​អក្សរ ​អាច​ធ្វើ​ទៅបានរហូត​ដល់​ ១២០០ តួអក្សរ​ចិន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន CCTV បាន​ឲ្យដឹងកាលពី​ខែ​មុន​ថា៖ «នៅ​ក្នុង​ភាសា​សាមញ្ញ អ្នក​មិន​ត្រឹម​តែ​អាច​ដឹង​ពី​ទីតាំង​របស់​អ្នក​នៅ​ក្នុង​ប្រព័ន្ធ BeiDou ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ថែម​ទាំង​អាច​ប្រាប់​អ្នក​ដទៃ​ពី​ទីតាំង​របស់​អ្នកនៅ​ក្នុង​ប្រព័ន្ធ​នេះ​ផង​ដែរ»។

សមត្ថភាពនេះបាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​យ៉ាង​ខ្លាំង។ លោក​បណ្ឌិត Larry Wortzelស្នងការ​នៃ​គណៈកម្មការ​ត្រួត​ពិនិត្យ​សេដ្ឋកិច្ច​និង​សន្តិសុខ​សហរដ្ឋអាមេរិក – ចិន ហៅ​កាត់​ថា USCCបាន​ប្រាប់​ VOA ថា៖ «តាម​ដែល​ខ្ញុំ​ដឹង រាល់​ឧបករណ៍​ចល័ត​ទាំង​អស់​អាច​ត្រូវ​បាន​គេ​តាម​ដាន​បាន ព្រោះ​ពួក​វា​ជានិច្ចកាលទាក់​ទង​ជាមួយ​អង់តែន​ និង​ផ្កាយ​រណប​»។

លោកបណ្ឌិត Wortzel បន្ថែម​ថា៖ «ដូច្នេះ​ដូច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អញ្ចឹង មាន​ការ​ព្រួយ​បារម្ភ​ថា ​ប៉ូលិស ឬ​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ អាច​តាម​ដាន​មនុស្ស​តាម​ទូរស័ព្ទ​របស់​ពួក​គេ ហើយ​វា​អាច​កើត​ឡើង​បាន។ ការពិត​ដូច​គ្នា​គឺ​ថា​ ទូរស័ព្ទ​ពឹង​លើ​ប្រព័ន្ធ BeiDou ប្រព័ន្ធ Glonass និង​ប្រព័ន្ធ Galileo។ សំណួរ​គឺ​ថា ​តើ​អ្នក​បារម្ភ​ថា​តើ​អ្នក​ណា​ជា​អ្នក​តាម​ដាន​អ្នក»?​

ច្បាប់​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​តៃវ៉ាន់​កាល​ពី​ឆ្នាំ ២០១៦ ក៏​បាន​កត់​សម្គាល់​ថា សមត្ថភាព​របស់​ការ​ទំនាក់ទំនង​សម្រាប់​មុខងារ​ពីរ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត។ ច្បាប់​នេះ​បាន​កំណត់​ថា បុគ្គលិក​រដ្ឋាភិបាល​អាច​ជៀស​វាង​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន ដែល​ពឹង​ផ្អែក​លើ​ប្រព័ន្ធ BeiDou សម្រាប់​ប្រព័ន្ធ​រក​ផ្លូវ​លើ​ទូរស័ព្ទ​របស់​ពួកគេ។

ការ​សិក្សា​មួយរបស់​ USCC កាល​ពី​ឆ្នាំ ២០១៧​ ក៏​បាន​រក​ឃើញ​ថា ប្រព័ន្ធ​នេះ​អាច​ក្លាយ​ជា​កន្លែង​មួយ​សម្រាប់​ការ​វាយ​ប្រហារ​នានា។ «ប្រព័ន្ធ BeiDou អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​សន្តិសុខ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចិន តាម​ដាន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ ដោយ​ដាក់សញ្ញា​តាម​ដាន ឬ​ Malware ក្នុង​ប្រព័ន្ធ​បង្ហាញ​ផ្លូវ ឬ​មុខងារ​ផ្ញើសារ​ជា​អក្សរ (តាមរយៈ​ប៉ុស្តិ៍​ទំនាក់​ទំនង​ផ្កាយរណប) នៅ​ពេល​ដែល​បច្ចេកវិទ្យា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ទូលំ​ទូលាយ»។

ប៉ុន្តែ​របាយការណ៍​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ​កន្លង​មក​បាន​និយាយ​ថា ពួក​គេ​មិន​បាន​ដឹង​ពី​វិធីដាក់​សញ្ញា​តាម​ដាន ឬ Malware នៅ​ក្នុង​ប្រព័ន្ធ​ស្វែងរក​ទីតាំង​នោះ​ទេ។

អាស្រ័យ​លើ​ទី​កន្លែង​ផលិត​របស់​ទូរស័ព្ទ និង​តើ​មីក្រូឈីប​ប្រភេទ​ណា​ដែល​ទូរស័ព្ទ​នោះ​ប្រើ «សញ្ញា​តាមដាន ឬ Malware អាច​នឹង​បាន​គេ​ដាក់​នៅ​ក្នុង​ឈីប»។ នេះ​បើ​តាម​សម្ដី​របស់​លោក​បណ្ឌិត Wortzel ថែ្លង​ប្រាប់ VOA។ ហើយ​លោក បណ្ឌិត Wortzel បាន​បន្ថែម​នូវ​គំនិត​ផ្ទាល់​ខ្លួន​ ដែល​មិន​ពាក់​ព័ន្ធ​នឹង USCC ថា៖ «នេះ​ជា​ហេតុ​ផល​ដែល​សហរដ្ឋ​អាមេរិក​បារម្ភ​ពី​ឧបករណ៍​ និង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​ Huawei ក៏ដូចជា​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន Lenovo»។

ប្រជែង​នឹង GPS របស់​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ជាយូរ​ណាស់​មក​ហើយ​ជា​អ្នក​នាំ​មុខ​គេនៅ​ក្នុង​ពិភពលោក​ក្នុង​ផ្នែក​កំណត់​ទីតាំង​តាម​ប្រព័ន្ធ​ផ្កាយ​រណប ដោយ​ប្រើ​ប្រព័ន្ធ GPS។

​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​អំឡុង​វិបត្តិ​ច្រក​ដែនសមុទ្រ​តៃវ៉ាន់​ ប្រទេស​ចិន​បាន​បាញ់​មីស៊ីល​បី​គ្រាប់​ទៅ​កាន់​ច្រក​ដែន​សមុទ្រ​របស់​តៃវ៉ាន់​ជា​ការ​ព្រមាន។ ស្រប​ពេល​ដែលគ្រាប់​មីស៊ីល​ដំបូង​បាន​បាញ់​ចំ​គោល​ដៅ​ដូច​ការ​គ្រោង​ទុក កង​ទ័ព​រំដោះ​ប្រជាជន (PLA) បាត់​ដាន​ពី​គ្រាប់​មីស៊ីល​ពីរគ្រាប់​ផ្សេង​ទៀត។ ប្រទេសចិន​បាន​អះ​អាង​ថា សហរដ្ឋ​អាមេរិក​បាន​កាត់​ផ្ដាច់​សញ្ញា​ GPS ទៅ​កាន់​តំបន់​ប៉ាស៊ីហ្វិក ដែល​ចិន​ប្រើ​ប្រាស់​ដើម្បី​តាមដាន​គ្រាប់​មីស៊ីល។ ព្រឹត្តិការណ៍​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បង្កើត​ប្រព័ន្ធ​ផ្កាយ​រណបកំណត់​ទីតាំង​ជា​សកល​ដោយ​ខ្លួន​ឯង។​

ប្រមាណ​ជិត ២៥ឆ្នាំ​ក្រោយ​មក ប្រព័ន្ធ BeiDou ​ឥឡូវ​នេះ​កំពុង​តែ​ព្យាយាម​ប្រកួត​ប្រជែង​យក​តួនាទី​ដ៏​លេចធ្លោ​របស់ ប្រព័ន្ធ​ GPS។ បើ​និយាយ​ពីទំហំ​ វា​បាន​យកឈ្នះគូ​ប្រជែង​អាមេរិកបាត់ទៅ​ហើយ។ នៅ​ចុង​ខែ​មិថុនា ប្រព័ន្ធBeiDou មាន​ផ្កាយ​រណប​ចំនួន ៣៥ នៅ​ក្នុង​ប្រតិបត្តិការ ​បើ​ប្រៀបធៀប​ជា​មួយ​ផ្កាយ​រណប​របស់ GPS មាន​តែ ៣១ ប៉ុណ្ណោះ។

ប្រព័ន្ធ BeiDou ត្រូវ​បាន​បង្កើត​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ ១៩៩៤។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្មវិធីអវកាស «ធំបំផុត» និងដំបូង​បំផុតដែល​ចិន​បាន​បង្កើត​ឡើង។ គិត​ត្រឹម​ពីរ​ឆ្នាំ​កន្លះ​មុន មាន​អ្នកវិទ្យាសាស្ត្រ​ និង​វិស្វករ​ជាង​ ៣០ម៉ឺន​នាក់​មក​ពី​វិទ្យាស្ថាន និង​សាជីវកម្ម​ ជាង​៤០០ កន្លែង​ផ្សេងៗគ្នា ចូល​រួម​ចំណែក​នៅ​ក្នុង​កម្មវិធី​នេះ។ ជាមួយ​នឹង​បច្ចេកវិទ្យា 5G ប្រព័ន្ធ BeiDou ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហៅថា​ជា «សសរ​ស្ដម្ភ​ពីរ​នៃ​មហាអំណាច​មួយ»។

លោក Yang Changfeng ប្រធាន​ផ្នែក​រចនា​ប្រព័ន្ធ BeiDou បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ​របស់​ចិន CCTV កាល​ពី​ខែ​មុន​ថា ប្រទេស​ចិន​ឥឡូវ​នេះ​កំពុង​ប្រែ​ខ្លួន​ពី​ប្រទេស​ដ៏​សំខាន់​មួយ​ក្នុង​ទី​អវកាស ទៅ​ជា​មហាអំណាច​ក្នុង​ទី​អវកាស​យ៉ាង​ពិតប្រាកដ»។​

លោកបណ្ឌិត Meneut ​បាន​និយាយ​ថា៖ «ការ​លេច​ឡើង​នៃ​ប្រព័ន្ធ GPS «BeiDou» របស់​ចិន មិន​មែនជា​គូ​ប្រជែង​ធម្មតា​មួយ​ក្នុង​សេវាកម្ម​កំណត់​ទីតាំង​ជាមួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ វាគឺ​ជា​គូប្រជែង​ផ្នែក​យុទ្ធសាស្រ្ត៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG