ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចិន​ព្យាយាម​ខ្ទប់​មាត់​ពួក​និស្សិត​នៅ​ឯ​ក្រៅ​ប្រទេស​ដោយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រួសារ​ពួក​គេ


លោក​ប្រធានាធិបតី ស៊ី ជីនពីង ចុះ​ប៊ូតុង​បោះឆ្នោត​លើ​ច្បាប់​សន្តិសុខ​ជាតិ​ពាក់ព័ន្ធ​នឹង​ក្រុង​ហុងកុង នៅ​ពេល​បិទ​សមាជ​ប្រជាជន​ចិន​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ស៊ី ជីនពីង ចុះ​ប៊ូតុង​បោះឆ្នោត​លើ​ច្បាប់​សន្តិសុខ​ជាតិ​ពាក់ព័ន្ធ​នឹង​ក្រុង​ហុងកុង នៅ​ពេល​បិទ​សមាជ​ប្រជាជន​ចិន​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរ​ចិន​ព្យាយាម​ខ្ទប់​មាត់​ពួក​និស្សិត​នៅ​ឯ​ក្រៅ​ប្រទេស​ដែល​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាម​បណ្តាញ​សង្គម​ដោយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រួសារ​ពួក​គេ​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋាភិបាល​ចិន​បាន​បង្កើន​ការ​ត្រួតត្រា​ដោយ​ត្រួត​ពិនិត្យ​បណ្តាញ​សង្គម​ហើយ​កំណត់​គោល​ដៅ​វាយ​ប្រហារ​ពួក​ពលរដ្ឋ​ចិន​នៅ​ឯ​ក្រៅ​ប្រទេស​ដែល​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាម​បណ្តាញ​សង្គម។​ មធ្យោបាយ​ដាក់​សម្ពាធ​មាន​ឈ្មោះ​ថា ​zhulian​ ជា​វិធី​ដាក់​ទណ្ឌកម្ម​បូរាណ​មួយ​មាន​ន័យ​ថា​ «មាន​ទោស​ដោយសារការ​សេពគប់»។ ​ជា​ធម្មតា​វិធីនេះ​មាន​ទាក់​ទិន​នឹង​ការ​គំរាម​កំហែង​ដោយ​ពួក​ប៉ូលិស​ទៅ​លើ​ពួក​សមាជិក​គ្រួសារ​នៅ​ក្នុង​ប្រទេស​ចិន​ដោយសារ​សកម្ម​ភាព​នៃ​ញាតិ​សន្តាន​ពួក​គេ​នៅ​ក្រៅ​ប្រទេស។​

ការណ៍​នេះ​បាន​កើត​មាន​ឡើង​ដល់ ​Zoo​ ដែល​ ជា​ឈ្មោះ​តាម​ Twitter ​របស់​និស្សិត​ស្រី​ចិន​ម្នាក់​ដែល​ធ្វើការ​សិក្សា​ក្រោយ​ទទួល​បរិញ្ញាបត្រ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​ឳពុក​នាង​បាន​ត្រូវ​កោះ​ហៅ​ច្រើន​ដង​ឱ្យ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ពី​ព្រោះ​នាង​បាន​រិះគន់​ពួក​មេ​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​តាម​បណ្តាញ​សង្គម។​

ក៏​ប៉ុន្តែ​ដោយ​មិន​រឹតត្បិត​សេរីភាព​គណនី​ Twitter​ របស់​នាង​ ​នាង​ Zoo ​ហ៊ាន​និយាយ​ជាង​មុន​ដោយ​ផ្តល់​វីដេអូ​ជា​ច្រើន​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នាង​ដោយ​ពួក​ប៉ូលិស​តាម​រយៈ​ការ​និយាយ​គ្នា​តាម​វីដេអូ។​ រឿង​របស់​នាង​ផ្តល់​ព័ត៌មាន​ដ៏កម្រ​អំពី​ថា ​ តើ​អាជ្ញាធរ​ចិន​ប្រើ​គ្រួសារ​របស់​ពួក​អ្នក​ប្រឆាំង​បែប​ណា​ដើម្បី​ខ្ទប់មាត់​ពួក​គេ។​

កាល​ពី​ខែ​មេសា ​ ឪពុក​របស់​ Zoo បាន​បាន​ត្រូវ​កោះ​ហៅ​ឱ្យ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្នុង​ក្រុង​តូច​មួយ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន។

ពួក​ប៉ូលិស​បាន​សួរ​ចម្លើយ​លោក​អំពី​គណនី ​Twitter ​របស់​ Zoo ​គឺ @FakeNewsOfChina។

គណនី​របស់​នាង​មាន​អ្នក​ចូល​មើល​ប្រមាណ​៥​ពាន់​នាក់​នៅ​ពេល​សម្ភាសន៍​របស់​នាង​ជា​មួយ​ VOA ហើយ​ជា​ទៀង​ទាត់​នាង​បាន​បង្ហោះ​រូបថត​និង​បង្ហោះ​តាម​ Tweets ​និយាយ​រិះគន់​ប្រធានាធិបតី​ចិន​លោក​ Xi Jinping។​

ពួក​ប៉ូលិស​បាន​សុំ​ឲ្យ​ឪពុក​ Zoo ​ទាក់​ទង​នឹង​នាង​តាម​ការ​សន្ទនា​គ្នា​តាម​វីដេអូ​នៅ​នឹង​កន្លែង​ដោយ​ព្យាយាម​បង្ខំ​នាង​ឱ្យ​ប្រគល់​ពាក្យ​សម្ងាត់​នៃ​គណនី​របស់​នាង។​ Zoo ​បាន​ថត​ការ​និយាយ​គ្នា​ទាំង​ស្រុង​ហើយ​នៅ​ពេល​បន្ទាប់​មក​នាង​បាន​រំលែក​ជា​មួយ​ VOA។​

នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​វីដេអូ​នោះ ​ឪពុក​នាង​បាន​សុំ​ច្រើន​ដង​ឱ្យ​នាង​ប្រាប់​ពាក្យ​សម្ងាត់​នៃ​គណនី​របស់​នាង​ទៅ​ពួក​ប៉ូលិស។​

ឪពុក​នាង​បាន​និយាយ​ថា៖ ​«កង​កម្លាំង​បរទេស​កំពុង​ប្រើកូន។​ ប្រធានាធិបតី​ Xi ​ជា​មេ​ដឹកនាំ​អស្ចារ្យ​សម្រាប់​ប្រទេស​យើង»។ ឪពុក​នាង​ជា​សាស្ត្រាចារ្យ​ខាង​លទ្ធិ ​Marx ​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ។ ​លោក​បង្រៀន​ប្រវត្តិសាស្ត្រ​នៃ​គណបក្ស​កុម្មុយនិស្ត​ និង​ទស្សនវិជ្ជា​នយោបាយ​របស់​លោក​ Xi Jinping។​

នាយ​ប៉ូលិស​ម្នាក់​ដែល​ប្រាប់​ថា​ គាត់​ឈ្មោះ ​Hu ​បាន​និយាយ​ថា៖ ​«នាង​និយាយ​ភាសា​ចិន​ មែន​ទេ?​ ទោះ​ណា​ជានាង​នៅ​ទី​ណា​ក៏​ដោយ​ក៏​នាង​ត្រូវតែ​កុំភ្លេច​ថា ​នាង​ជា​ជនជាតិ​ចិន។ ​ នាង​ត្រូវ​តែ​ចាំ​ថា​ គ្រួសារ​នាង​ជា​ជន​ជាតិ​ចិន»។

Zoo​ បដិសេធ​ថា​ ​ខ្លួន​គ្មាន​ទាក់​ទិន​ជា​មួយគណនី​ Twitter ​នេះ​ទេ។​

នាយ​ប៉ូលិស​រូប​នេះ​បាន​និយាយ​ថា៖​ «មាន​គណនី​ Twitter ​ប្រឆាំង​នឹង​លោក​ Xi​ ជា​ច្រើន​ហើយ​យើង​ភ្ជាប់​គណនី​នេះ​ទៅ​នឹង​នាង»។​ នាយ​ប៉ូលិស​ Hu ​បាន​ដំឡើង​សំឡេង​ថា៖​ «ការណ៍​នេះ​មាន​ន័យ​ថានាង​ជា​ម្ចាស់​គណនី​នេះ!»។​

Hu ​បាន​ថ្លែង​ទៀត​ថា៖​ «នាង​បាន​បង្រៀន​អ្នក​ឯ​ទៀតៗ​ឱ្យ​ប្រើ ​VPN ​ដោយ​បញ្ចៀស​ firewall ​មែន​ទេ?​ នាង​គិត​ថា​យើង​មិន​ដឹង​អំពី​សកម្ម​ភាព​របស់​នាង​ឬ?»។​

Hu ​បាន​សម្លុត​ Zoo​ ថា៖ ​«នាង​បាន​ហៅ​អ្នក​ឯទៀត​ឱ្យ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​មែន​ទេ?​ ជា​មួយបច្ចេកវិជ្ជា​ទំនើប​បែប​នេះ​នាង​នៅ​តែ​គិត​ថា​ យើង​មិន​អាច​តាម​ដានសារ​តាម​ Twitter​ មែន​ទេ?»។​

កល​ល្បិច​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នេះ​បាន​ត្រូវ​ប្រើ​ដំបូង​គេ​ទៅ​លើ​ក្រុម​អ្នក​ប្រើ​ Twitter ​នៅ​ក្នុង​ប្រទេស​ចិនដី​គោក។​ ដោយ​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​២០១៨​ អាជ្ញាធរ​ចិន​បាន​ធ្វើ​ការ​បង្ក្រាប​នៅ​ទូទាំង​ប្រទេស​ដើម្បី​បំបិទ​មាត់​ពួក​អ្នក​ប្រើ ​Twitter ​ ដែល​រិះគន់​អាជ្ញាធរ​ ទោះ​ណា​ជាគ្មាន​កម្មវិធី​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​ចិន​ដោយ​គ្មាន​ VPN ​ដើម្បី​បញ្ចៀស​ពី​ firewall ​របស់​ប្រទេស​ចិន​ក៏​ដោយ។​ ពួក​អ្នក​ប្រើ​ Twitter​ ក្នុង​ប្រទេស​ចិន​ដែល​ផ្សាយ​អត្ថបទ​ប្រឆាំង​នឹង​អាជ្ញាធរ​បាន​ត្រូវ​ពួក​ប៉ូលិស​កោះ​ហៅ​ហើយ​បង្គាប់​ពួក​គេ​ឱ្យ​លុប​ Tweets ឬ​លប់​ចោលគណនី​ពួក​គេ​ទាំង​ស្រុង។​

គេហទំព័រ​ព័ត៌មាន​មួយ​អំពី​សិទ្ធិ​មនុស្ស ​វិធានការ​ច្បាប់​ និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ចិន​ឈ្មោះ ​China Change ​បាន​ចងក្រង​ព័ត៌មាន​អំពី​ Tweets​ ចំនួន​៤២​ ពី​ពួក​អ្នក​ប្រើ​ប្រាស់​ដែល​សរសេរ​អំពី​សម្ពាធ​ដែល​ពួក​គេ​បាន​ប្រឈម​ពី​អាជ្ញាធរ។​ ពួកជន​ទាំង​នេះ​មាន​រួម​បញ្ចូល​ពួក​អ្នក​កាសែត​ល្បីៗ ពួក​អ្នក​ប្រឆាំង ​ពួក​បញ្ញវន្ត ក្រុម​និស្សិត​និង​ពួក​ប្រជា​រាស្ត្រ​សាមញ្ញ​ដែល​បាន​សម្រេច​បញ្ចេញ​ការ​យល់​ឃើញ​របស់​ពួក​គេ។​

មនុស្ស​ខ្លះ​ក្នុង​បណ្តា​ក្រុមជន​ទាំង​នេះ​បាន​ត្រូវ​ជាប់​ឃុំឃាំង។​ យ៉ាង​តិច​ណាស់​មាន​អ្នកប្រើ ​Twitters ​ម្នាក់​រង់ចាំ​ការ​ចោទ​ប្រកាន់​ពីបទ​ព្រហ្មទណ្ឌ។​

ក្រុម​ហ៊ុន ​Twitter​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​សកម្មភាព​របស់​អាជ្ញាធរ​ចិន​ទេ។​ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ ​ ការ​បង្ក្រាប​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ពង្រីក​ទៅ​កាន់​ពួក​អ្នកប្រើ ​Twitter ​ចិន​រស់​នៅ​ឯ​ក្រៅ​ប្រទេស។​

Zoo ​បាន​និយាយ​ប្រាប់ VOA ​ថា ឪពុក​នាង​គាំទ្រ​ដោយ​ស្មោះ​ចំពោះ​ការ​យល់​ឃើញ​របស់​ពួក​ប៉ូលិស​អំពី​ស្ថានភាព​នាង ​ទោះ​ណា​ជា​លោក​បាន​ត្រូវ​បង្ខំ​ចិត្ត​ទៅ​កាន់​ ប៉ុស្តិ៍​ប៉ូលិស​នៅ​ពេល​ប៉ូលិស​បាន​ហៅ​លោក​ទៅ។​

Zoo ​បាន​ថ្លែង​ប្រាប់​ VOA ថា៖​ «ឪពុក​ខ្ញុំ​បាន​ប្រមូល​ភស្តុតាង​ឲ្យ​ពួក​ប៉ូលិស​សម្ងាត់ ​guoba។​ គាត់​បាន​និយាយ​ប្រាប់​ពួក​គេ​អំពី​ពួក​មិត្តភក្តិ​ខ្ញុំ។​ គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា ​ ខ្ញុំ​គួរ​ប្រគល់​ខ្លួន​ឱ្យ​ពួក​អាជ្ញាធរ»។​

ជំនួស​ឲ្យ​មាន​ការ​បញ្ឈប់​ការ​រិះគន់​របស់​នាងតាម​ Tweets នាង​Zoo​បាន​សម្រេច​ធ្វើការ​ផ្សាយ​ជា​សាធារណៈ​ថែម​ទៀត។​ កាល​ពី​ថ្ងៃទី​៣១ ខែ​ឧសភា​ នាង​បាន​ចូលរួម​ការ​រំឭក​ដល់​ការ​បង្ក្រាប​នៅ​លើ​ទីលាន Tiananmen ​តាម ។​ Zoo​ ជា​អ្នក​ចូលរួម​វ័យ​ក្មេង​តែ​ម្នាក់​គត់​ដែល​ហ៊ាន​បញ្ចេញ​មុខ​តាម​វីដេអូ។

ការណ៍​ធ្វើ​ដូច្នេះ​នាំ​ឱ្យ​ឪពុក​នាង​មាន​បញ្ហា​ទៀត។​ ពួក​ប៉ូលិស​បាន​កោះ​ហៅ​លោក​ជា​ច្រើន​ដង​នៅ​ក្រោយ​វេទិកា​តាម​អ៊ីនធឺណិត​នេះ។​

ឪពុក​នាង​ Zoo​ បាន​និយាយ​ប្រាប់​នាង​តាមសារ​ WeChat​ ថា៖ ​«ឪពុក​ពិបាក​ចិត្ត​ណាស់។​ កូន​ត្រូវតែ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​ហើយ​ចាប់​ផ្តើម​ជីវិត​ថ្មី។ ​កូន​ត្រូវ​តែ​ចាក​ចេញ​ពី​ពួក​មនុស្ស​បិសាច​ទាំង​នេះ។​ មាន​តែ​ធ្វើ​ដូច្នេះ​ទេ​ទើប​កូន​អាច​រស់​បាន​ពីរ​បី​ឆ្នាំ​ទៀត»។​

បន្ទាប់​មក​ឪពុក​នាង​បាន​ស្នើ​ឱ្យ​គ្រួសារ​ធ្វើ​ដំណើរ​មួយ​ជា​មួយ​គ្នា។​

Zoo ​បាន​និយាយ​ប្រាប់ VOA ​ថា៖​ «ខ្ញុំមិ​ន​ជិត​ដិត​ខ្លាំង​ណាស់​ណា​ទេ​ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ។​ យើង​មិន​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ទេ។​ ឪពុក​ម្តាយ​ខ្ញុំ​ចង់​ប្រើ​វិធី​នេះ​ដើម្បី​បង្ខំ​ខ្ញុំ​ឱ្យ​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ។ ​ខ្ញុំ​មាន​អារម្មណ៍​ជិន​ឆ្អន់។ ឪពុក​ម្តាយ​ខ្ញុំ​ប្រើ​ប្រាស់​ការ​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ពួក​គាត់»។​

ក៏​ប៉ុន្តែ​នាង​ Zoo​ បាន​ថ្លែង​ថា​ នាង​ក៏​យល់​អំពី​ឪពុក​ម្តាយ​នាង​ដែរ​ពីព្រោះ​ «ពួក​គាត់​ក៏​ជា​ជនរង​គ្រោះ​ដែរ»។

នាង​ Zoo​ មិន​ទាន់​ប្រគល់​អក្សរ​សម្ងាត់​នៃ​គណនី​នាង​ទៅ​ឱ្យ​ពួក​ប៉ូលិស​ចិន​ទេ។​ នាង​ចង់​ការពារ​ពួក​អ្នកមើល​គណនី​នាង​ប្រាំ​ពាន់​នាក់​ហើយ​ខាង​ចង់​ឱ្យ​គណបក្ស​កុម្មុយនិស្ត​ដឹង​ថា ​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បាន​ទេ។​

Zoo ​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​ធ្វើ​តាម​ពួក​គេ ​ ពួក​គេ​នឹង​គិត​ថា ​ពួក​គេ​អាច​ធ្វើ​អ្វី​ទាំង​អស់​តាម​ពួក​គេ​ចង់​ ទោះ​ជា​ទៅ​លើ​ពួក​ជន​ជាតិ​ចិន​នៅ​ក្រៅប្រទេស​ក៏​ដោយ។​ ខ្ញុំ​នឹង​មិន​ធ្វើការ​សម្រប​សម្រួល​ដែរ។​ ខ្ញុំ​នឹង​បន្ត​ការ​ប្រយុទ្ធ​របស់​ខ្ញុំ​ត​ទៅ​ទៀត»។​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG