មន្ត្រីប៉ូលិសកូរ៉េខាងត្បូង ឲ្យដឹងថា លោក Park Won-soon អភិបាលក្រុងសេអ៊ូល បានស្លាប់នៅព្រឹកថ្ងៃសុក្រ ក្នុងករណីដែលគេសង្ស័យបឋមៗថា បានធ្វើអត្តឃាតខ្លួនឯង។
សាកសពរបស់អភិបាលក្រុងវ័យ ៦៤ ឆ្នាំរូបនេះ ត្រូវបានរកឃើញនៅច្រកចូលតំបន់ភ្នំ Bugaksan ស្ថិតក្នុងទីក្រុងសេអ៊ូល នៅពាក់កណ្តាលអាធ្រាតយប់ថ្ងៃព្រហស្បតិ៍ ឈានចូលព្រឹកថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមគ្រួសាររបស់លោកបានផ្តល់ដំណឹងដល់ប៉ូលិសថា អភិបាលក្រុងរូបនេះបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
មួយថ្ងៃមុនលោកបានបាត់ខ្លួន លោក Park Won-soon ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ដោយអតីតលេខាប្រចាំការិយាល័យរបស់លោក។
អាជ្ញាធរក្រុងសេអ៊ូល បានថ្លែងនៅថ្ងៃសុក្រថា ពិធីបុណ្យសពរយៈពេល ៥ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យជាតិ Seoul National University Hospital។
កាសែត The Korea Herald បានរាយការណ៍ថា លោក Park បានចេញថ្លែងសុំទោសជាសាធារណៈ ជាពិសេសទៅកាន់ក្រុមគ្រួសាររបស់លោក នៅក្នុងលិខិតកំណត់ត្រាមួយដែលរក្សាទុកនៅគេហដ្ឋានរបស់លោក។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើសាកសពរបស់លោក Park នឹងត្រូវធ្វើកោសល្យ វិច័យឬយ៉ាងណានោះ។ លោក Park គឺជាអភិបាលក្រុងសេអ៊ូលដំបូងគេបង្អស់ ដែលបានស្លាប់ក្នុងអំឡុងពេលកាន់តំណែង។
លោក Seo Jung-hyup អនុអភិបាលក្រុងសេអ៊ូលទទួលបន្ទុកកិច្ចការរដ្ឋបាល នឹងចុះកាន់តំណែងជាអភិបាលក្រុងបណ្ណោះអាសន្នរហូតដល់មានការបោះឆ្នោតជ្រើសតាំងអភិបាលក្រុងជាផ្លូវការដែលនឹងធ្វើឡើងនៅខែមេសាឆ្នាំក្រោយ។
លោក Park ដែលកំពុងបំពេញការងារជាអភិបាលក្រុងក្នុងអាណត្តិទី៣ដែលជាអាណត្តិចុងក្រោយរបស់លោក ត្រូវបានគេចាត់ទុកថាជា អ្នកនយោបាយមួយរូបដែលអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបាន។
លោក Park Won-soon បានស្លាប់ ដោយបន្សល់ទុកនូវភរិយា កូនប្រុសម្នាក់ និងកូនស្រីម្នាក់៕