ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ខឹង​សម្បារ​នៅពេល​សហរដ្ឋ​អាមេរិក​តែងតាំង​បេសកជន​សិទ្ធិ​មនុស្ស​សម្រាប់​ដែនដី​ទីបេ


រូបឯកសារ៖ បាតុករធ្វើបាតុកម្មទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅទីបេ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណេវ ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ បាតុករធ្វើបាតុកម្មទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅទីបេ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណេវ ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា​ បាន​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅ​ដែនដី​ទីបេ បន្ទាប់ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​តែងតាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​មួយ​រូប ​ឲ្យ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ពិសេស​សម្រាប់​បញ្ហា​ទីបេ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក Robert Destro ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ នឹង​កាន់​មុខ​តំណែង​សម្របសម្រួល​បញ្ហា​ទីបេ​នេះ​បន្ថែម ដែល​មុខ​តំណែង​នេះ​បាន​នៅ​ទំនេរ​ចាប់តាំង​ពី​ការ​ចាប់ផ្តើម​នៃ​អាណត្តិ​របស់​លោក​ប្រធានាធិបតី Trump ក្នុង​ឆ្នាំ ២០១៧ មក។

លោក Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដូច្នេះ​ថា លោក Destro៖ «នឹង​ដឹកនាំ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សន្ទនា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្ដេច​សង្ឃ Dalai Lama ឬ​ក៏​អ្នក​តំណាង​របស់​ព្រះ​អង្គ ការ​ការពារ​អត្តសញ្ញាណ​ពិសេស​តែ​មួយ​គត់​ផ្នែក​សាសនា វប្បធម៌ និង​ភាសា​នៃ​ជាតិ​សាសន៍​ទីបេ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ចំពោះ​សិទ្ធិ​សេរីភាព​របស់​ពួកគេ»។

កន្លង​មក ប្រទេស​ចិន​បាន​បដិសេធ​ជា​បន្តបន្ទាប់​មិន​ព្រម​ធ្វើការ​ជាមួយ​អ្នក​សម្របសម្រួល​សហរដ្ឋ​អាមេរិក ដោយ​បាន​បញ្ជាក់​ថា វា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន។

លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា៖ «កិច្ចការ​ទីបេ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន ដែល​មិន​អនុញ្ញាត​ឲ្យ​បរទេស​ជ្រៀតជ្រែក​ទេ»។

លោក Zhao Lijian បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «ការ​តែងតាំង [របស់​សហរដ្ឋ​អាមេរិក​នូវ] អ្នក​សម្រប​សម្រួល​សម្រាប់​បញ្ហា​ទីបេ គឺ​ជា​ការ​រៀបចំ​ផ្នែក​នយោបាយ​ទាំងស្រុង​ដើម្បី​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដល់​តំបន់​ទីបេ។ រដ្ឋាភិបាល​ចិន​ជំទាស់​ដាច់ខាត​ចំពោះ​រឿង​នេះ»។

ការ​តែងតាំង​អ្នក​សម្របសម្រួល​សម្រាប់​បញ្ហា​ទីបេ​នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​ធ្លាក់ចុះ​ដល់​ចំណុច​ទាប​បំផុត​ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ទាក់ទិន​នឹង​បញ្ហា​ជា​ច្រើន ​ដូចជា​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​កោះ​តៃវ៉ាន់ បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​ជំងឺ​កូវីដ១៩ ជាដើម៕

XS
SM
MD
LG