ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ខ្លាំង​ជាង​មុន​លើ​រឿង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន


រូបឯកសារ៖ ជនជាតិ​ភាគតិច Uighur កាន់​សាសនា​ឥស្លាម​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន ចូល​រួម​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​
G20 ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០១៩។
រូបឯកសារ៖ ជនជាតិ​ភាគតិច Uighur កាន់​សាសនា​ឥស្លាម​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន ចូល​រួម​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​ G20 ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០១៩។

ក្រុម​ចម្រុះ​សាកល​មួយ​នៃ​អង្គការ​សង្គម​ស៊ីវិល ៣២១ មក​ពី​ប្រទេស ៦០ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ជូន​អគ្គលេខាធិការ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស ដោយ​បង្ហាញ​កង្វល់​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។

អង្គការ​ដែល​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​នេះ បាន​គូស​បញ្ជាក់​អំពី​សេចក្តី​ត្រូវការ​នៅ​ក្នុង​ការ​ដោះស្រាយ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​រាលដាល​នៅ​ទូទាំង​ប្រទេស​ចិន ដោយ​រួម​មាន​ទាំង​ទីក្រុង​ហុងកុង តំបន់​ទីបេ និង​ខេត្ត Xinjiang ផង​ដែរ។

អ្នកស្រី Sophie Richardson នាយិកា​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន បាន​និយាយ​ថា ទំហំ​នៃ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​និង​ក្រៅ​ប្រទេសចិន​តម្រូវ​ឱ្យ​មាន​ការ​ឆ្លើយតប​បែប​ផ្សេង​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

អ្នកស្រី Sophie Richardson និយាយ​ថា៖ «នេះជា​ពេលវេលា​សំខាន់​ដែល​រដ្ឋាភិបាល​ចិន​ដឹង​ថា​ខ្លួន​នឹង​ប្រឈម​នឹង​ផល​វិបាក​ដោយសារ​ការ​ធ្វើ​រឿង​មួយ​ចំនួន​ដូចជា​ការ​បន្ត​ឃុំឃាំង​មនុស្ស​ប្រហែល​មួយ​លាន​នាក់​តាម​អំពើ​ចិត្ត ផ្អែក​លើ​មូលដ្ឋាន​នៃ​អត្តសញ្ញាណ​ជាតិសាសន៍​របស់​ពួកគេ និង​ដោយសារ​ការ​រំលោភ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ផង​ដែរ»។

គេ​បាន​រាយការណ៍​ថា​មាន​មនុស្ស​ប្រហែល​មួយ​លាន​នាក់​ដែល​ភាគ​ច្រើន​ជា​ជាតិ​សាសន៍​វីហ្គ័រ​កាន់​សាសនា​ឥស្លាម បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​កន្លែង​ដែល​គេ​ហៅ​ថា​ជំរំ​អប់រំ​ជា​ថ្មី​នៅ​ក្នុង​ខេត្ត Xinjiang។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ក្រុម​ចម្រុះ​នេះ​គូស​បញ្ជាក់​អំពី​ការ​ប៉ុនប៉ង​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​បង្វែរ​អាណត្តិ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឲ្យ​ខុស​ពី​ភាព​ដើម។ សេចក្តីថ្លែងការណ៍​នេះ​ចែង​ថា អាជ្ញាធរ​ចិន​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​ណា​ដែល​ព្យាយាម​គេច​ពី​ការ​សង្កត់​សង្កិន។

សេចក្តីថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​ការ​ផ្ដួចផ្តើម​ណា​ដែល​ចង់​ឲ្យ​មាន​វិធានការ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​ពិភពលោក។

រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ការ​វាយតម្លៃ​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ថា​ជា «ការ​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ»។

លោក John Fisher នាយក​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​គួរ​ចាត់​វិធានការ​តាម​ការ​ទាមទារ​ជា​ច្រើន​ដែល​ចង់​ឱ្យ​ប្រទេស​ចិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក John Fisher បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា​អ្វី​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​អំពី​ការ​អំពាវនាវ​នេះ​គឺ​ថា​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​មក​ពី​ប្រទេស​ផ្សេងៗ ដែល​មិន​គ្រាន់តែ​សម្តែង​កង្វល់​អំពី​ការ​សង្កត់​សង្កិន​របស់​អាជ្ញាធរ​ចិន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​សក្តិសម​ឲ្យ​មាន​ការ​ពិនិត្យពិច័យ​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ថែម​ទាំង​សម្ដែង​កង្វល់​អំពី​ផល​ប៉ះពាល់​ជា​សាកល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ប្រទេស​ចិន​នេះ​ផង​ដែរ»។

ក្រុម​ចម្រុះ​នេះ​ក៏​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​បើក​ការ​ប្រជុំ​ពិសេស ដើម្បី​ពិនិត្យ​មើល​លើ​ការ​រំលោភ​បំពាន​នានា​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន។ ក្រុម​ចម្រុះ​នេះ​បាន​ស្នើ​ក្រុមប្រឹក្សា​នេះ​ឱ្យ​បង្កើត​យន្តការ​អង្គការ​សហប្រជាជាតិ​មួយ​ដែល​មិន​លម្អៀង​និង​ឯករាជ្យ ដើម្បី​តាម​ឃ្លាំ​មើល​ឲ្យ​បាន​ដិតដល់ និង​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ។ ក្រុម​ចម្រុះ​នេះ​ថ្លែង​ផង​ដែរ​ថា អង្គការ​សហប្រជាជាតិ​ត្រូវតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ចិន​គោរព​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ខ្លួន​ជា​ដាច់ខាត៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG