ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​ដាក់​ការ​រឹតត្បិត​ទិដ្ឋាការ​​គ្នា​ទៅ​វិញ​ទៅ​មក​​ទាក់ទង​​បញ្ហា​ដែនដី​ទីបេ


រូបឯកសារ៖ ផែនទីបង្ហាញពីតំបន់ទីបេ។
រូបឯកសារ៖ ផែនទីបង្ហាញពីតំបន់ទីបេ។

ដែន​ដី​ទីបេបាន​ក្លាយ​ជា​ចំណុចទាស់ទែងចុង​ក្រោយ​នៅ​ក្នុង​ទំនាក់ទំនង​កាន់​តែតានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ចិន​នឹង​ដាក់​ការ​រឹតត្បិត​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​អាមេរិក​ណា​ដែល​ប្រព្រឹត្ត​ទង្វើ​«អាក្រក់»​ទាក់ទង​នឹង​បញ្ហា​ដែនដី​នៅ​ជួរ​ភ្នំ​ហេមពាន្ត​នេះ។

វិធានការ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ទំនង​ជា​ការ​សងសឹក​ចំពោះការ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ដែល​ថា​ សហរដ្ឋ​អាមេរិក​នឹង​រឹតត្បិត​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ចិន​មួយ​ចំនួន។

លោក Pompeo បាន​ចោទ​ថា ​អាជ្ញាធរ​ចិន​បាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​ទីបេចំពោះ​មន្ត្រី អ្នក​កាសែត និងអ្នក​ទេសចរណ៍​អាមេរិក ខណៈ​ដែល​មន្ត្រី​និង​អ្នក​ទេសចរ​ចិន​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​ជាង​នៅទូទាំង​សហរដ្ឋ​អាមេរិក។

លោក​ Pompeo បាន​ចោទ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ទីបេដែល​ជា​ដែនដី​កាន់​តែ​មាន​សារៈសំខាន់​ដល់​សន្តិសុខ​តំបន់ និង​ការ​ខកខាន​របស់​ចិនមិន​បាន​ទប់ស្កាត់​ផល​ប៉ះពាល់​បរិស្ថាន​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​តំបន់​ដែល​ជា​ប្រភព​ទឹក​នៃ​ទន្លេ​ធំៗ​របស់​ទ្វីប​អាស៊ី។​

អ្នក​នាំ​ពាក្យ​លោក Zhao Lijian បាន​ព្រមាន​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​ទាក់ទង​នឹង​បញ្ហា​ដែនដី​ទីបេតិ៍ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រថុយប្រថាន​នឹង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ត្រូវ​ខូចខាត។

ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ក្នុងប៉ុន្មាន​ខែ​ចុងក្រោយកាន់​តែ​មាន​ភាព​តានតឹង​ដោយ​សារ​មាន​ជម្លោះ​ពាណិជ្ជកម្ម​និង​បញ្ហា​ការបារម្ភ​អំពី​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ដែនដី​ហុងកុង​និង​ការ​ឃុំឃាំង​ជនជាតិ​ភាគ​តិចអ៊ុយហ្គ័ររហូត​ដល់​១​លាន​នាក់​នៅ​ខេត្ត Xinjiang៕

XS
SM
MD
LG