រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអនុម័តកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់ ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៤០០ពាន់លានដុល្លារអាមេរិកលើវិស័យន្តិសុខនិងសេដ្ឋកិច្ច។
អ្នកវិភាគមួយចំនួនលើកឡើងថា កិច្ចព្រមព្រៀងនេះអាចផ្តល់ឲ្យប្រទេសចិនក្លាយជាប្រភពដ៏ធំនិងមានសុវត្ថិភាពនៃថាមពល និងជាបង្អែកយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ប្រទេសអ៊ីរ៉ង់ក្នុងតំបន់ឈូងសមុទ្រនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលមានសក្តានុពលនេះ រួមមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលមានសារៈសំខាន់ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើវិស័យការពារជាតិនិងការចែករំលែកព័ត៌មានចារកម្មជាដើម។ មានពាក្យចចាមអារាមថា កិច្ចព្រមព្រៀងនេះមានរួមបញ្ចូលការបញ្ចុះតម្លៃប្រេងរបស់អ៊ីរ៉ង់ផងដែរ។
កិច្ចព្រមព្រៀងនេះជាជំហានថ្មីបំផុតក្នុងកិច្ចប្រឹងប្រែងរបស់ក្រុងប៉េកាំង ដើម្បីពង្រីកមហិច្ឆតាតំបន់របស់ខ្លួន ដើម្បីឲ្យក្លាយជា ប្រទេសមហាអំណាចមួយនៅលើពិភពលោកតាមរយៈគំនិតផ្តួចផ្តើមនៃកម្មវិធីផ្លូវក្រវ៉ាត់ដែលខ្លួនបានដាក់ចេញ។
កិច្ចព្រមព្រៀងចិន-អ៊ីរ៉ង់
គេនៅពុំមានសេចក្តីលម្អិតណាមួយទាក់ទងនឹងកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែសេចក្តីរាយការណ៍រហូតមកដល់ពេលនេះអំពីអ្វីដែលកំពុងស្ថិតក្នុងការពិភាក្សាគ្នានៅឡើយនោះ គឺបង្ហាញពីគម្រោងវិនិយោគដែលមានទំហំយ៉ាងធំសម្បើម។ ប្រទេសចិនត្រូវគេរាយការណ៍មកថា កំពុងពិចារណាក្នុងការវិនិយោគទឹកប្រាក់ប្រមាណ២៨០ពាន់លានដុល្លារក្នុងការអភិវឌ្ឍវិស័យប្រេង ឧស្ម័ន និងសារធាតុគីមីដែលបំលែងចេញពីប្រេង ក៏ដូចជា ទឹកប្រាក់ប្រមាណ១២០ពាន់លានដុល្លារផ្សេងទៀត ក្នុងការលើកកម្ពស់ការផលិតហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
ខ្លឹមសារនៃកិច្ចព្រមព្រៀងនោះត្រូវបានពន្យល់បន្ថែមទៀត នៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ប្រាប់សភាអ៊ីរ៉ង់កាលពីថ្ងៃទី៥កក្កដាថា ប្រទេសអ៊ីរ៉ង់កំពុងចរចារជាមួយប្រទេសចិនក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយដែលមានរយៈពេល២៥ឆ្នាំ និងប្រកបដោយ«ភាពជឿជាក់និងទំនុកចិត្ត»។
សេចក្តីរាយការណ៍មួយរបស់ទស្សនាវដ្តី Petroleum Economist បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះផ្តល់នូវការផ្លាស់ប្តូរប្រកបដោយសក្តានុពលនៃតុល្យភាពពិភពលោកសម្រាប់វិស័យប្រេងនិងឧស្ម័ន ដោយប្រទេសអ៊ីរ៉ង់បានសន្យាជាមួយចិនថា ខ្លួននឹងបញ្ចុះតម្លៃប្រេងនិងឧស្ម័ន ព្រមទាំងអនុញ្ញាតឲ្យចិនអាចពន្យារពេលការបង់ប្រាក់នូវផលិតផលប្រេងអ៊ីរ៉ង់រហូតដល់២ឆ្នាំ។
ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំមួយរបស់អ៊ីរ៉ង់ និងជាទីផ្សារមួយដ៏សំខាន់សម្រាប់ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ ដែលមានការប៉ះពាល់យ៉ាងខ្លាំងដោយសារការដាក់ទណ្ឌកម្មរបស់អាមេរិកនោះ។
តើអាមេរិកពាក់ព័ន្ធក្នុងរឿងនេះដោយរបៀបណា
ប្រទេសអ៊ីរ៉ង់បានប្រកាសពីការវិវត្តនៃកិច្ចព្រមព្រៀងនេះក្នុងពេលដែលទំនាក់ទំនងអាមេរិកនិងចិនកំពុងមានការធ្លាក់ចុះយ៉ាងលឿន ដែលនាំឲ្យមានសំណួរថាតើរដ្ឋាភិបាលក្រុងតេហេរ៉ង់កំពុងតែរួមកម្លាំងគ្នាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំ ដើម្បីប្រឆាំងនូវឥទ្ធិពលអាមេរិកក្នុងតំបន់មជ្ឈឹមបូព៌ាឬយ៉ាងណា។
កិច្ចព្រមព្រៀងនេះហាក់ដូចត្រូវបានចាប់ផ្តើមចេញជារូបរាងតាំងពីឆ្នាំ២០១៦មកម្ល៉េះ នៅពេលដែលប្រទេសចិននិងអ៊ីរ៉ង់បានប្រកាសនូវ «ភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ» ដែលមានរយៈពេល២៥ឆ្នាំ នៅពេលដែលប្រធានាធិបតីចិនលោក Xi Jinping បានទៅធ្វើទស្សនកិច្ចក្នុងទីក្រុងតេហេរ៉ង់នៅពេលនោះ។
លោក Alex Vatanka នាយកកម្មវិធីអ៊ីរ៉ង់របស់វិទ្យាស្ថានកិច្ចការមជ្ឈឹមបូព៌ាដែលមានស្នាក់ការក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់វីអូអេថា កិច្ចព្រមព្រៀងនេះ មុនដំបូងឡើយ មិនមានន័យសម្រាប់ការប្រឆាំងគំនិតផ្តួចផ្តើមរបស់អាមេរិកនោះទេ។
លោកបន្តក្នុងសម្តីដើមថា៖ «សូមចាំថា កិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងតាំងក្នុងឆ្នាំ២០១៦មកម្ល៉េះ។ ខ្ញុំគិតថា នេះជាផ្នែកមួយនៃមហិច្ឆតាដ៏ធំរបស់ចិន សំរាប់តំបន់អាស៊ី-អឺរ៉ុប។ បើអ្នកសម្លឹងទៅមើលកម្មវិធីគំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិននោះ អ៊ីរ៉ង់ហាក់ដូចក្លាយជាប្រទេសមួយដ៏សំខាន់នៅក្នុងកម្មវិធីនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក Vatanka លើកឡើងថា ពេលវេលានៃការប្រកាសរបស់ប្រទេសអ៊ីរ៉ង់ទាក់ទងនឹងកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ ព្រោះដោយសារតែប្រទេសអ៊ីរ៉ង់ចង់កេងយកចំណេញពីទំនាក់ទំនងអាមេរិក-ចិនដែលកំពុងតែធ្លាក់ចុះ ហើយខ្លួនត្រូវបញ្ចប់នូវដំណាក់កាលចុងក្រោយដើម្បីឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងនេះ។
លោក Vatankaបន្តទៀតថា៖ «គេចង់បង្ហាញដល់ពលរដ្ឋអ៊ីរ៉ង់ថា ប្រទេសអ៊ីរ៉ង់មិនឯកោនៅលើឆាកអន្តរជាតិនោះទេ។ ផ្ទុយទៅវិញគឹ ពលរដ្ឋអាមេរិកកាំងទេ ដែលនៅឯកោ។ ទាំងអស់នេះភាគច្រើនជាល្បែងចិត្តសាស្រ្តតែប៉ុណ្ណោះ។ មេដឹកនាំអ៊ីរ៉ង់មិនចង់ឲ្យពលរដ្ឋរបស់ខ្លួនមើលឃើញថា ខ្លួនបានដឹកនាំប្រទេសទៅរកភាពឯកោទាំងស្រុងនោះឡើយ»។
កាលពីឆ្នាំ២០១៨ រដ្ឋបាលរបស់លោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយប្រទេសអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតទៅលើវិស័យយោធា ហិរញ្ញវត្ថុ និងថាមពលរបស់ប្រទេសអ៊ីរ៉ង់ជាដើម។
លោក Benjamin Friedman នាយកគោលនយោបាយនៃអង្គការស្រាវជ្រាវស្តីពីអាទិភាពនៃវិស័យការពារយោធា លើកឡើងថា គោលនយោបាយនេះជាផ្នែកមួយលើកទឹកចិត្តដល់អ៊ីរ៉ង់ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។
លោកបន្តថា៖ «នេះជាឱកាសមួយដ៏ល្អសំរាប់ចិន ព្រោះដោយសារតែអាមេរិកបានដាក់ទ័ណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់កំពុងមានការលំបាកខ្លាំងនាពេលនេះ ដូច្នេះហើយទើបប្រទេសនេះត្រូវតែលក់ប្រេងរបស់ខ្លួនក្នុងតម្លៃថោកជាងតម្លៃទីផ្សារ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ