កាលពីថ្ងៃចន្ទ ពួករាជអាជ្ញានៃប្រទេសបែលហ្ស៊ិកបាននិយាយថា ការឆ្មក់វាយប្រហារប្រឆាំងនឹងភេរវកម្មបាននាំឱ្យមានការចាប់ខ្លួនមនុស្ស៥នាក់ថែមទៀតហើយចំនួនមនុស្សទាំងអស់ដែលបានត្រូវចាប់ខ្លួនបានកើនដល់២១នាក់ហើយ នៅពេលដែលរាជធានីព្រុចសែល នៅតែឋិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត។
កាលពីពេលមុននៅថ្ងៃចន្ទដដែលនោះ ពួករាជអាជ្ញាបានថ្លែងថា ពួកប៉ូលិសនៅក្នុងរាជធានីចាប់បានជនជាប់សង្ស័យថាជាភេរវជន១៦នាក់នៅក្នុងការវាយឆ្មក់២២ដង ក៏ប៉ុន្តែឈ្មោះ Salah Abdeslam ដែលជាជនជាប់សង្ស័យខ្លាំងជាងគេនៅក្នុងការសម្លាប់រង្គាលក្នុងក្រុងប៉ារីស នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
ពួករាជអាជ្ញានិយាយថា មានជនជាប់សង្ស័យយ៉ាងតិចណាស់ម្នាក់បានត្រូវរបួសនៅក្នុងការឆ្មក់ទាំងនេះ។ ការវាយឆ្មក់១៩កន្លែងក្នុងបណ្តាការវាយឆ្មក់ទាំងនេះបានធ្វើឡើងនៅក្នុងកន្លែងនានាខាងក្នុងនិងនៅជុំវិញក្រុងព្រុចសែល។
លោកនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Charles Michel បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា៖ «យើងព្រួយបារម្ភអំពីការវាយប្រហារមួយស្រដៀងគ្នានឹងការវាយប្រហារនៅក្រុងប៉ារីស»។
គេគិតថា ឈ្មោះ Abdeslam បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា តែប៉ុន្មានម៉ោងក្រោយពីពួកជនប្រដាប់អាវុធរដ្ឋឥស្លាម បានសម្លាប់មនុស្ស១៣០នាក់និងធ្វើឱ្យមនុស្សរាប់រយនាក់ទៀតត្រូវរបួសនៅក្នុងការវាយប្រហារនៅក្នុងក្រុងប៉ារីស។ ជនជាប់សង្ស័យថាជាមេគំនិតរៀបចំការវាយប្រហារទាំងនេះឈ្មោះ Abdelhamid Abaaoud បានត្រូវសម្លាប់កាលពីថ្ងៃពុធនៅក្នុងការឆ្មក់វាយប្រហារមួយដោយពួកប៉ូលិសនៅក្នុងតំបន់ជាយក្រុងមួយនៅខាងជើងក្រុងប៉ារីស។
ប្រព័ន្ធរទេះភ្លើងក្រោមដីនិងសាលារៀនក្នុងក្រុងព្រុចសែល បានបិទទ្វារកាលពីថ្ងៃចន្ទ នៅពេលដែលអ្នកស្រុកដែលមានការព្រួយបារម្ភ ប្រឈមនឹងការបិទប្រព័ន្ធសេវាសាធារណៈនៅថ្ងៃទីបី និងការបិទថ្ងៃធ្វើការមួយសប្តាហ៍ទៀត ដោយសារមានការតាមប្រមាញ់ពួកភេរវជន៕