គេនៅមិនទាន់ដឹងឲ្យប្រាកដនៅឡើយទេ ថាតើមេខ្លោងនៃការវាយប្រហារក្នុងទីក្រុងប៉ារីសកាលពីសប្តាហ៍មុននោះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់នៅខាងក្នុងអាគារមួយ ដែលត្រូវបានប៉ូលិសបារាំងវាយឆ្មក់ចូលកាលពីថ្ងៃពុធ។ ការវាយឆ្មក់នោះចំណាយពេលអស់៧ម៉ោង។ រដ្ឋអាជ្ញាប្រចាំទីក្រុងប៉ារីស លោក Francois Molins បាននិយាយត្រឹមថា ជនឈ្មោះ Abdelhamid Abaaoud ដែលជាជនជាតិបែលហ្ស៊ិក (Belgium) មានដើមកំណើតម៉ូរ៉ូកូ (Morocco) មិនស្ថិតនៅក្នុងចំណោមជនទាំង៨នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់ប៉ូលិស នៅក្នុងសង្កាត់ Saint-Denis នោះទេ។
លោករដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃពុធថា រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងជាផ្លូវការនៅឡើយ ពីអត្តសញ្ញាណរបស់ជនទាំងអស់ដែលត្រូវបានចាប់ខ្លួននៅក្នុងអាគារនោះទេ ប៉ុន្តែលោកបញ្ជាក់ថា ជនឈ្មោះ Abdelhamid Abaaoud និងជនម្នាក់ទៀតឈ្មោះ Salah Abedestam មិនស្ថិតនៅក្នុងចំណោមជនដែលត្រូវបានឃុំខ្លួននោះទេ។
លោករដ្ឋអាជ្ញា Molins បាននិយាយថា មនុស្សយ៉ាងហោចណាស់២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ប៉ូលិសនោះ ប៉ុន្តែលោកមិនបានប្រាប់ពីចំនួនជាក់លាក់នោះទេ។
របាយការណ៍បឋមៗបង្ហាញថា ស្រ្តីម្នាក់ដែលចុចបំផ្ទុះគ្រឿងផ្ទុះដែលជាប់នៅនឹងអាវរបស់ខ្លួននោះ ត្រូវបានសម្លាប់ ហើយគេប្រទះឃើញសាកសពមួយទៀតនៅក្នុងគំនរបាក់បែក។ សាកសពនោះ មានស្នាមគ្រាប់កាំភ្លើងធ្លុះពេញខ្លួន ដែលធ្វើឲ្យគេពិបាកស្គាល់អត្តសញ្ញាណបានភ្លាមៗ។ ប៉ូលិសបីនាក់បានរងរបួស ហើយឆ្កែរបស់ប៉ូលិសមួយក្បាលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់នោះ៕