លោកនាយករដ្ឋមន្ត្រី Charles Michel បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិមួយថា នៅថ្ងៃចន្ទ័នេះប្រទេស ប៊ែលស៊ិក នឹងរក្សាទុកកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុតរបស់ខ្លួននៅក្នុងរាជធានី ថែមទាំងបិទសាលារៀនចំពេលដែលមានការគំរាមកំហែងធ្ងន់ធ្ងរនិងជាក់លាក់មួយអំពីការវាយប្រហារភេរវកម្ម។
ចំនែកតំបន់ផ្សេងៗទៀតរបស់ប្រទេសនេះនឹងស្ថិតនៅក្នុងលំដាប់ទីបីនៃការគំរាមកំហែងនៅលើកម្រិតទាំងអស់ដែលមានបួនលំដាប់។
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថាកងកម្លាំងសន្តិសុខ ប៊ែលស៊ិក កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធជាមួយការវាយប្រហារភេរវកម្មកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង Paris ដោយអ្នករស់នៅទីក្រុងព្រុចសែល កំពុងប្រឈមមុខនឹងការយាមល្បាតមាំទាំនៅក្នុងការបិទផ្លូវទ្រង់ទ្រាយធំក្នុងទីក្រុង។ប្រព័ន្ធរទេះភ្លើងក្រោមដីរបស់ក្រុង នៅតែបិទនៅឡើយនៅថ្ងៃចន្ទ័នេះ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Jan Jambon បាននិយាយថាអាជ្ញាធរជាច្រើនកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Salah Abdeslam ដែលគេជឿថាបានចូលក្នុងប្រទេស ប៊ែលស៊ិក ភ្លាមៗក្រោយពីមានការបាញ់កាំភ្លើងស៊ីគ្នាមួយ និង ការបំផ្ទុះគ្រាប់បែកក្នុងក្រុង Paris ដែលបានបណ្តាលឱ្យមនុស្ស១៣០នាក់ស្លាប់ និងស្វែងរកជនសង្ស័យផ្សេងទៀតទាក់ទិននឹងការវាយប្រហារកាលពីថ្ងៃទី១៣ខែវិច្ឆិកាដែលបានត្រូវអះអាងទាមទារការទទួលខុសត្រូវដោយក្រុមរដ្ឋឥស្លាម។
លោកនាយករដ្ឋមន្ត្រីនៃប្រទេស ប៊ែលស៊ិក បានព្រមានថា បុគ្គលមួយចំនួនដែលមានគ្រឿងអាវុធនិងគ្រឿងផ្ទុះអាចធ្វើការវាយប្រហារនៅក្នុងមួយតំបន់ឬច្រើន នៅខាងក្នុងនិងនៅជុំវិញរដ្ឋធានី៕