ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​អំពាវ​នាវ​ឱ្យ​ដោះ​លែង​មេ​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ ​និង​ជំរុញ​កម្ពុជា​ឱ្យ​គោរព​កាតព្វ​កិច្ច​សិទ្ធិ​ការងារ


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ (​កណ្តាល) និង​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍​២នាក់​ផ្សេង​ទៀត ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​បច្ចុប្បន្នភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​និង​ការ​បន្តធ្វើ​ទុក្ខ​បុកម្នេញ​លើ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២២។ 
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ (​កណ្តាល) និង​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍​២នាក់​ផ្សេង​ទៀត ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​បច្ចុប្បន្នភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​និង​ការ​បន្តធ្វើ​ទុក្ខ​បុកម្នេញ​លើ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២២។ 

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​«ក្តី​បារម្ភ​យ៉ាង​ខ្លាំង»​ទៅ​លើ​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​ កញ្ញា ​ឈឹម ស៊ីថរ​ ដោយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​អ្នក​តស៊ូ​មតិ​រូប​នេះ​ជា​បន្ទាន់។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក ​លោក ​Ned Price​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២។​

អាមេរិក​បញ្ជាក់​ថា​អាជ្ញាធរ​កម្ពុជា​បាន​ជ្រៀត​ជ្រែក​សិទ្ធិ​របស់​កម្មករ​ ដោយ​ចាប់​ឃុំ​ខ្លួន​មេ​ដឹក​នាំ​សហជីព​និង​កម្មករ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​ការងារ ​នៅ​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​រក​ស៊ី​កាស៊ីណូ​ណាហ្គាវើលដ៍ ​ប្រមាណ​១​ឆ្នាំ​មក​ហើយ។​

សហ​រដ្ឋ​អាមេរិក​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«យើង​ជំរុញ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា ​ឈឹម ស៊ីថរ ​និង​មន្រ្តី​សហជីព​ការងារ​ទាំង​អស់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយសារ​ការ​សម្តែង​សិទ្ធិ​សេរី​ភាព​ផ្នែក​សមាគម ​និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​របស់​ពួកគេ ​ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ពួកគេ ​និង​ឈាន​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ ​ដោយ​ការ​ស្ថាបនា»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ​នោះ ​អាមេរិក​ក៏​បញ្ជាក់​ជា​ថ្មី​អំពី​ការ​អំពាវនាវ​ឱ្យ​ដោះ​លែង​មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​កញ្ញា ​សេង ធារី​ ផង​ដែរ។​

កញ្ញា ​ឈឹម ស៊ីថរ​ ដែល​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​នៅ​ពេល​ដែល​កញ្ញា​ត្រឡប់​មក​ពី​ចូលរួម​កិច្ច​ប្រជុំ​សហព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​

កញ្ញា​ ស៊ីថរ ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​លើក​ទីមួយ ​កាល​ពី​ខែ​មករា ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដោយ​សារ​សកម្មភាព​កូដកម្ម​របស់​សហជីព​ដែល​កញ្ញា​ដឹកនាំ។ ​នេះ​បើ​តាម​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល។​

កញ្ញា ​ស៊ីថរ ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ខែ​មីនា​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​សា​ជាថ្មី ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​កញ្ញា​បាន​រំលោភ​លក្ខខណ្ឌ​ដែល​ហាម​ឃាត់​កញ្ញា​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស។ ​ ប៉ុន្តែ​ទាំង​ កញ្ញា ​ស៊ីថរ ​និង​មេធាវី​ការពារ​ក្តីឱ្យ​កញ្ញា​សុទ្ធ​តែ​មិន​បាន​ទទួល​ការ​ជូន​ដំណឹង​អំពី​លក្ខ​ខណ្ឌ ​ក្នុង​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះ​ទេ។ ​ នេះ​បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ​ដែល​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ​ឈឹម ស៊ីថរ​ ដែរ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ សហ​រដ្ឋ​អាមេរិក​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​គោរព​នូវ​កាតព្វ​កិច្ច​សិទ្ធិ​ការងារ​ និង​ការ​ប្តេជ្ញា​របស់​ខ្លួន​ និង​សម្រុះ​សម្រួល​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​និង​សហជីព​ការងារ​តំណាង​ដោយ​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ»។​

លោក ​អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ ការ​ចាប់​ខ្លួន​កញ្ញា ​ឈឹម ស៊ីថរ​ ដោយ​សារ​តែ​កញ្ញា​ល្មើស​ឬ​ក៏​បំពាន​ទៅ​នឹង​កាតព្វ​កិច្ច​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ នៅ​ពេល​ដែល​កញ្ញា​បាន​ចាក​ចេញ​ពី​កម្ពុជា​ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើប​សួរ។​

លោក​បញ្ជាក់​ថា៖​ «ចំពោះ​ការ​លើក​ឡើង​ថា​ ជន​ត្រូវ​ចោទ​មិន​បាន​ទទួល​ដំណឹង​ពី​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឱ្យ​ស្ថិត​នៅ​ក្រោម​កាតព្វ​កិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នោះ ​កាន់​តែ​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​ចេតនា​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។​

លោក ​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​ប្រាប់​វីអូអេ​ថា​ការ​លើក​ឡើង​របស់​សហ​រដ្ឋ​អាមេរិក​ ជា​ការ​មិន​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​ ខណៈ​ថា​នេះ​ជា​ដំណើរ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​កម្ពុជា។

លោក​ថ្លែង​ថា៖​ «ការ​ដែល​សមត្ថ​កិច្ច​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ​ផ្លូវ​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន​ ត្រឹម​ត្រូវ​គ្រប់​លក្ខណៈ​ទាំង​អស់​នេះ​ មិន​មែន​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ឬ​ក៏​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ទេ។​ អា​ហ្នឹង​ជា​វិធាន​ការ​ច្បាប់​ទូទៅ​ នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​....​នីតិ​រដ្ឋ​ណា​ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ»។

លោក ​ឃុន ថារ៉ូ ​ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា​ សង់ត្រាល់​ ប្រាប់​វីអូអេ​ថា​ ការ​ចាប់​ខ្លួន​សកម្ម​ជន​សិទ្ធិ​ការងារ​ដ៏​លេច​ធ្លោ​រូប​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។​

បើ​តាម​ លោក​ ឃុន ថារ៉ូ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប ​និង​ GSP​ របស់​សហ​រដ្ឋ​អាមេរិក ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ថា​តើ​ថា​គួរ​ដក​បន្ថែម​ឬ​ក៏​ឱ្យ​មក​កម្ពុជា​វិញ ​ដោយ​លោក​ព្រមាន​ពី​ការ​បាត់​បង់​ ប្រសិន​បើ​មិន​មាន​ការ​គោរព​សិទ្ធិ​ការងារ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ចំណុច​មួយ​នេះ​ ខ្ញុំ​គិត​ថា​ វា​ជា​ចំណុច​មួយ​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ក្នុង​ការ​ធានា​ឱ្យ​មាន​ការ​លើក​កម្ពស់​ សេរី​ភាព​ផ្នែក​សមាគម​ ជំរុញ​ឱ្យ​មាន​លម្ហ​សិទ្ធិ​ពល​រដ្ឋ ​និង​ការ​អនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ជួប​ជុំ​ ប្រមូល​ផ្តុំ​ និង​ការ​សម្តែង​មតិ​ ដោយ​សន្តិវិធី»។​

កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២១ ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រុម​បុគ្គលិក​ថា​ ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បញ្ឈប់​នោះ​គឺ​ជា​សមាជិក​សហជីព៕

XS
SM
MD
LG