មរណភាពមេដឹកនាំកំពូលរបស់គណបក្សគ្រប់គ្រងប្រទេសគឺលោកជា ស៊ីម ដែលជាអតីតកម្មាភិបាលខ្មែរក្រហម ត្រូវគេចាត់ទុកថា ធ្វើឲ្យវប្បធម៌និទណ្ឌភាព កើតបន្ត ហើយថា អ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់ពលរដ្ឋខ្មែរសម័យខ្មែរក្រហមត្រូវរួចទោស។ ក្រុមមន្ត្រីកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំងតបទៅនឹងការចោទប្រកាន់ដែលថា មេដឹកនាំរបស់ខ្លួនគឺលោកជា ស៊ីមពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានៅសម័យខ្មែរក្រហមនោះ។
ក្រុមអ្នកស្រាវជ្រាវ និងអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ទាំងជាតិ និងអន្តរជាតិរួមទាំងអង្គការសិទ្ធិមនុស្ស Human Rights Watch ថ្មីៗនេះបានភ្ជាប់មេដឹកនាំកំពូលរបស់គណបក្សគ្រប់គ្រងប្រទេសគឺលោកជា ស៊ីមថា ជាប់ពាក់ព័ន្ធទៅនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរសម័យខ្មែរក្រហម ហើយលោកបានរួចផុតពីការស៊ើប អង្គេតរឿងរ៉ាវក្នុងឃាតកម្មសម័យខ្មែរក្រហមរហូតដល់លោកស្លាប់ ដែលគេ ចាត់ទុកថា ជាការបង្ហាញថា តុលាការខ្មែរក្រហមបានបរាជ័យ ហើយវប្បធម៌រួច ទោសកំពុងបន្តកើតមានក្នុងប្រទេសកម្ពុជា។
របាយការណ៍របស់លោក Brad Adams នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីហាក់ដូចជានិយាយប៉ះចំទៅលើចំណុចរសើបសំខាន់មួយ មុនពេលបោះឆ្នោតឆ្នាំ២០១៨ ហើយប៉ះចំត្រង់ទៅលើបញ្ហាដែលគណបក្សនេះ លាក់ទុក និងមិនសូវមានគេហ៊ាននិយាយជាចំហជាយូរមកហើយនោះ។
តែអង្គការសិទ្ធិមនុស្ស Human Rights Watch នេះបានបញ្ជាក់ចំៗថា លោកជា ស៊ីមបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងពេលលោកកាន់មុខតំណែង ជាលេខាបក្សស្រុក ឬគណៈស្រុកពញាក្រែក តំបន់២០ ភូមិភាគបូព៌ាសម័យខ្មែរក្រហម។ បញ្ហាទាំងនោះរាប់បញ្ចូលទាំងការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម ការសម្លាប់ និងទាសភាពជាដើម។
អង្គការ Human Rights Watch បាននិយាយដូច្នេះក្នុងរបាយការណ៍របស់ខ្លួនចំ ថ្ងៃលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានស្លាប់ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធកាលពីថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៥។ ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទ លោក Brad Adams បានបញ្ជាក់បន្ថែមថា៖
«មរណភាពរបស់លោកជា ស៊ីមគឺជាការបង្ហាញថា ក្រុមមន្ត្រីអតីតខ្មែរក្រហមស្ទើរតែទាំងអស់មិនត្រូវបានទទួលការកាត់ទោសចំពោះការស្លាប់ពលរដ្ឋខ្មែរជាច្រើនលាននាក់ ហើយនឹងមិនទទួលខុសត្រូវចំពោះទុក្ខវេទនាពិតៗរបស់ពលរដ្ឋខ្មែរជាទូទៅក្រោមការគ្រប់គ្រងខ្មែរក្រហម។ វាជាការចំអកដល់យុត្តិធម៌ដែលលោកជា ស៊ីមអាចកាន់មុខតំណែងជាមេដឹកនាំប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហមជាច្រើនទសវត្សរ៍ ដោយគ្មានការប្រឈមមុខការស៊ើបអង្កេត ការចាប់ខ្លួន ឬចោទប្រកាន់ទោសទាល់តែសោះ»។
ការបញ្ជាក់របស់នាយកអង្គការ Human Rights Watch នេះគឺផ្ទុយទៅនឹងអ្វីដែលជាមូលដ្ឋានគ្រឹះដែលគណបក្សប្រជាជនកម្ពុជាធ្លាប់យកមកឃោសនារកសំឡេងឆ្នោតមួយផ្នែក។ ការឃោសនានោះបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សនេះជាអ្នកតស៊ូបណ្តេញពួកខ្មែរក្រហម រំដោះប្រទេសពីការកាប់សម្លាប់ពលរដ្ឋខ្មែរ កាលពីថ្ងៃ៧មករាឆ្នាំ១៩៧៩។គណបក្សកាន់អំណាចនេះបានចេញប្រតិកម្មយ៉ាងខ្លាំងភ្លាមៗប្រឆាំងតបនឹងអង្គការសិទ្ធិមនុស្ស Human Rights Watch។
លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រតិកម្ម ចំពោះអង្គការ Human Rights Watch៖
«ខ្ញុំយល់ថា មតិរបស់លោក Brad Adams ហ្នឹងវាលម្អៀង។ វាមិនមែនផ្អែកទៅលើសច្ចធម៌ទេ ព្រោះគាត់តាំងខ្លួនជាខ្មាំងសត្រូវរបស់គណបក្សប្រជាជនកម្ពុជាទៅហើយ។ ទោះជានិយាយម៉េចក៏មិនអាចទទួលយកបានដែរ។ តាំងពីដើមមកយើងឃើញហើយ លោក Brad Adams មិនដែលនិយាយល្អពីកម្ពុជាទេ ជាពិសេសការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ អញ្ចឹងសម្តេចជា ស៊ីម អ្នកណាក៏ទទួលស្គាល់ដែរថា លោកជាវីរជនរបស់ជាតិយើង»។
លោកបានលើកឡើងពីកេរដំណែលរបស់លោកជា ស៊ីមថា បានរួមដៃរំដោះ ប្រទេសជាតិពីរបបខ្មែរក្រហម។ ក្រោយពីបានរំដោះប្រទេសហើយ លោកក៏បានរួមចំណែកក្នុងការដឹកនាំប្រទេស ស្តារប្រទេសតាំងពីបាតដៃទទេ។ លោកបន្តថា រហូតដល់បច្ចុប្បន្ននេះ លោកជា ស៊ីមក៏បានរួមចំណែកយ៉ាងធំធេងដែរ ហើយនរណាក៏ដឹងដែរ។
លោកសុខ ឦសានបានកំណត់ហើយថា ខួរក្បាលលោក Brad Adams នៅមានការបន្តបង្កប់សង្គ្រាមត្រជាក់នៅឡើយ ព្រោះទោះបីជាគណបក្សទាំងអស់នៅកម្ពុជាបានអនុវត្តដំណាក់កាលថ្មី អនុវត្តច្បាប់រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យ សេរី ពហុបក្សក៏ដោយ ក៏លោក Brad Adams នៅតែចាត់ទុកថា គណបក្សប្រជាជនកម្ពុជាជាគណបក្សកំម្មុយនីស្ត។
ប្រតិកម្មជាបន្តបន្ទាប់របស់ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃក៏បានចេញ ព្រោងព្រាតដើម្បីប្រឆាំងនឹងសារព័ត៌មានក្នុងប្រទេសមួយចំនួន ហើយនឹង អង្គការ Human Rights Watch ផងដែរចំពោះការផ្សព្វផ្សាយអំពីលោកជា ស៊ីម ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។
លោកសុខ ឦសានបានបន្ថែមថា ជារឿងមិនអាចទទួលយកបានដែលលោក ជា ស៊ីម ជាអ្នកតស៊ូ បែរជាត្រូវរងការចោទប្រកាន់ថា ជាខ្មែរក្រហមទៅវិញ។
លោកបានបន្ថែមថា គេមិនអាចចាត់ទុកថា អញ្ចឹងបានទេ ព្រោះលោកជា ស៊ីមបានចូលព្រៃម៉ាគីទៅតាមការអំពាវនាវរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុក្នុងការតស៊ូវ៉ៃចក្រពត្តិ ហើយនឹងបនបរិវារបស់ចក្រពត្តិ។ ហើយនៅថ្ងៃរំដោះឆ្នាំ១៩៧៥ ប្រជាពលរដ្ឋកម្ពុជាអរណាស់ថា ប្រទេសបានសុខសន្តិភាព បញ្ចប់សង្គ្រាម។ តែផ្ទុយទៅវិញដោយសារប៉ុល ពតក្បត់។ ក្បត់ទាំងគណបក្ស ហើយទាំងប្រជាជន។ រួចសាបព្រោះអំពើប្រល័យពូជសាសន៍ កាប់សម្លាប់។ លោកបានបន្ថែមថា មិនអាចបញ្ចូលលោកជា ស៊ីមទៅក្នុងជួរខ្មែរក្រហមដោយសារតែការងើបតស៊ូរបស់លោកនោះទេ។
«ព្រោះគាត់តស៊ូនៅក្នុងស្មារតីសេ្នហាជាតិ ឧត្តុង្គឧត្តមរបស់គាត់ តាមការអំពាវនាវរបស់ព្រះករុណា។ អញ្ចឹងទេ ពេលដែលដឹងថា ប៉ុល ពតក្បត់ហើយ គាត់ធ្វើការរើបម្រះ ធ្វើការតស៊ូទាំងសម្ងាត់ ទាំងចំហប្រឆាំងនឹងប៉ុល ពត។ អញ្ចឹងម៉េចក៏បញ្ចូលគាត់ទៅជាមួយប៉ុល ពតកើត។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមួយចំនួន ដែលមានស្មារតីសេ្នហាជាតិ ហើយប្រឆាំងដាច់ខាតជាមួយរបបប៉ុល ពតនេះ យើងឃើញហើយថា បានរួមកម្លាំងគ្នាបង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិដើម្បីធ្វើការតស៊ូ»។
ទោះជាយ៉ាងណាក៏ដោយ លោកនេត ថេយ័រ (Nate Thayer) អ្នកកាសែត អាមេរិកាំងល្បីល្បាញម្នាក់ដែលបានសម្ភាសប៉ុល ពតពេលនៅរស់ ហើយបានតាមដានសាលាក្តីខ្មែរក្រហមកម្ពុជានោះ បានថ្លែងប្រាប់វីអូអេថា មន្ត្រីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នភាគច្រើនជាមនុស្សចេញពីអតីតខ្មែរក្រហម ដែលគ្មានការចាប់អារម្មណ៍នឹងយុត្តិធម៌ពិតប្រាកដទេ។ តែផ្តោតទៅលើការថែរក្សាអំណាចវិញ ដោយមានការរារាំងមន្ត្រីរបស់ខ្លួនមិនឲ្យមានការស៊ើបអង្កេត និងសាកសួរដោយ តុលាការខ្មែរក្រហម។
«តែការស្លាប់របស់លោកជា ស៊ីមពិតជាបង្កើតជាសំណួរអំពីភាពរួចទោសដល់ ក្រុមខ្មែរក្រហម មិនឲ្យមានការសាកសួរ ឬស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាមដែលពេលនេះតុលាការអន្តរជាតិកំពុងជំនុំជម្រះទោសក្នុងប្រទេសកម្ពុជា»។
លោកសាស្ត្រាចារ្យច្បាប់អាមេរិកាំងម្នាក់គឺលោក Peter Maguire ដែលជាអ្នកនិពន្ធសៀវភៅខ្មែរក្រហមឈ្មោះ Facing Death in Cambodia បានថ្លែងថា៖
«ជាការណ៍ពិត ខ្ញុំឃើញការកាត់ទោសទាំងមូលមានការសម្របសម្រួលតាំងពីដើមដំបូងៗម្ល៉េះ។ តុលាការនេះមិនមានបំណងបង់សំណាញ់ឲ្យធំទេ។ គេធ្វើការ កាត់ទោសផ្តោតទៅលើតែបុគ្គល៣ទៅ៥នាក់ ហើយលោកហ៊ុន សែនមិនដែលផ្លាស់ប្តូរគោលជំហរនោះឡើយ។ ក្រុមអង្គការសិទ្ធិមនុស្សគឺជាអ្នកដែលដាក់សម្ពាធ តែលោកហ៊ុន សែនបានសម្រេចចិត្តជាអចិន្ត្រៃយ៍ តាំងពីថ្ងៃដំបូងថា លោកនឹងផ្តោតលើការកាត់ទោសមេដឹកនាំខ្មែរក្រហមតែប៉ុន្មាននាក់នេះប៉ុណ្ណោះ»។
លោកបន្តថា តុលាការនេះកាត់ទោសទំហំតូចតាច ហើយនឹងមានអំណាចតិចតួច ដែលរឿងនេះជាឧទាហរណ៍ពីការគ្រប់គ្រងប្រទេសមិនតាមបែបប្រជាធិបតេយ្យ ហើយវប្បធម៌គ្មានទោសពៃរ៍នៅកើតមានជាបន្ត។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបដិសេធពុំធ្វើអធិប្បាយ ចំពោះការរិះគន់តុលាការខ្មែរក្រហមដោយអង្គការ Human Rights Watch ហើយនឹងអ្នកតាមដាននោះទេ។
ក៏ប៉ុន្តែ លោកសុខ ឦសានបានអះអាងថា គេគួរមើលពីកិច្ចព្រមព្រៀងរវាង អ.ស.ប. និងកម្ពុជាស្តីពីការបង្កើតតុលាការខ្មែរក្រហម ដែលកាត់ទោសតែជំពូក មនុស្សពីរប្រភេទគឺមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតហើយនឹងអ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់របបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
«តុលាការហ្នឹងគេធ្វើការឲ្យវាត្រូវតាមក្របខណ្ឌដែលមានកិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលកម្ពុជាជាមួយនឹងអ.ស.ប.។ អញ្ចឹងហើយមិនត្រូវរាលដាលដល់អ្នកនេះ ដល់អ្នកនោះទេ។ វានាំឲ្យបង្កើតសង្គ្រាមស៊ីវិលតទៅទៀត។ អាហ្នឹងបានសេចក្តីថា គាត់ហ្នឹងមិនមែននិយមសន្តិភាពទេ។ យើងត្រូវមើលអ្នកហ្នឹង។ បើគាត់ចាក់ឆ្កិះអ្នកដែលមិនទទួលខុសត្រូវខ្ពស់បំផុត ហើយនឹងអ្នកដែលមិនមែនជាអ្នកដឹកនាំកំពូលរបស់ខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យហើយ អាហ្នឹងគឺថា គាត់ឆ្កិះយកមកអញ្ចឹងម៉េចកើត?»។
លោក Brad Adams អះអាងថា ជារឿងគួរឲ្យអស់សំណើចចំពោះប្រតិកម្មរបស់ មន្ត្រីកម្ពុជា ដោយសារនេះគឺជាការណ៍ពិត ហើយគេបានសរសេរជាសៀវភៅធ្វើ ជាឯកសារ របាយការណ៍របស់អ្នកកាសែត និងគេដឹងឮអស់ហើយពីការជាប់ពាក់ព័ន្ធរបស់លោកជា ស៊ីមនៅសម័យខ្មែរក្រហមនោះ។
ទោះជាយ៉ាងនេះក្តី អ្នកកាសែតជើងចាស់កម្ពុជាម្នាក់គឺលោកថេត សម្បត្តិ ផលិតករឯកសារភាពយន្តខ្មែរក្រហម«សត្រូវប្រជាជន» ឬ «Enemies of the People» បានថ្លែងថា លោកជា ស៊ីមមានការទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនជាច្រើន។
«បើធៀបទៅនឹងតាខៀវ សំផន គាត់ត្រូវទទួលខុសត្រូវធំជាងចំពោះការស្លាប់ ប្រជាជននៅសម័យឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩»។
លោកសុខ ភាព ជាអតីតមេបញ្ជាការខ្មែរក្រហម ដែលបានផ្តាច់ខ្លួនពីប៉ុល ពតចូលជាមួយរដ្ឋាភិបាលលោកហ៊ុន សែនកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ១៩៩៦ ក្នុងតំបន់ភ្នំម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្ននេះលោកធ្វើជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ លោកបានអះអាងថា លោកមិនឮដំណឹងពីលោកជា ស៊ីមទេ លុះគ្រាក្រោយសមាហរណកម្ម ទើបលោកបានជួបគ្នាពេលលោកធ្វើដំណើរទៅមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ ឬឆ្លងកាត់ទៅប្រទេសថៃ។
លោកថា លោកជា ស៊ីមធ្លាប់បញ្ជាក់អំពីអតីតកាលតិចតួច ពេលជួបគ្នាក្រោយសមាហរណកម្ម។
«មិនដែលនិយាយអីទេ គ្រាន់តែនិយាយថា យើងពីដើមដូចតែគ្នាហ្នឹង។ អ្នកតស៊ូ តែក្រោយមកបែកផ្លូវគ្នា»។
លោកសុខ ភាពបានអះអាងថា លោកគ្រាន់តែឮថា លោកជា ស៊ីមជាគណៈស្រុកពញាក្រែក តែមិនធ្លាប់ជួបទេក្នុងសម័យខ្មែរក្រហម។
ទោះជាយ៉ាងណាក៏ដោយ លោកថេត សម្បត្តិ ដែលបានស្រាវជ្រាវឯកសារ សម្រាប់ផលិតខ្សែភាពយន្តឯកសារទី២របស់លោក បានបញ្ជាក់ថា នៅភូមិភាគ បូព៌ា ដែលគ្រប់គ្រងដោយលោកសោ ភឹមនិងលោកជា ស៊ីមនេះគឺមានប្រជាជនស្លាប់ច្រើន ដោយលោកអះអាងថា លោកមានឯកសារគ្រប់គ្រាន់ថា តើគាត់ប្រព្រឹត្តយ៉ាងណាខ្លះនៅក្នុងតំបន់របស់គាត់។
«ព្រោះអ្នកដែលប្រព្រឹត្តការកាប់សម្លាប់ទាំងប៉ុន្មានហ្នឹងគឺថា នៅក្នុងជួររដ្ឋាភិបាលរាល់ថ្ងៃ រស់ដោយមានសេរីភាព មានអំណាច ហើយចំពោះការសម្លាប់ដូចខ្ញុំបាននិយាយរួចហើយគឺមិនមែនតែថ្នាក់កំពូលឯណា។ អញ្ចឹងសម័យនោះដូចខ្ញុំនិយាយអញ្ចឹង វាមានភាពស្មុគស្មាញ តែខ្ញុំមិនចង់និយាយទេ ខ្ញុំទុកនៅក្នុងឯកសាររបស់ខ្ញុំដើម្បីបង្ហាញការណ៍ពិត ព្រោះខ្ញុំមិនចង់និយាយឲ្យពិស្តារថា តើវាមូលហេតុអីខ្លះ ដែលបណ្តាលឲ្យប្រជាជនយើងស្លាប់។ តែខ្ញុំគ្រាន់តែចាត់ទុកថា តុលាការនេះគ្រាន់តែឧបករណ៍មួយដែលធ្វើឲ្យរបបលោកហ៊ុន សែន លោក ហេង សំរិន ហើយនឹងអ្នកដទៃផ្សេងទៀត ហើយនឹងការឈ្លានពានរបស់វៀតណាមនោះ ឲ្យស្របច្បាប់តែប៉ុណ្ណោះទេ បាទ»។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលលោកហ៊ុន សែនចំណេញច្រើន។ រដ្ឋាភិបាលវៀតណាមគេចំណេញច្រើនទៅលើការបង្កើតសាលាក្តីនេះ៖
«ព្រោះមូលហេតុអី ព្រោះគេយកតុលាការនេះឯងដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីធ្វើឲ្យរបបហ្នឹងហើយនឹងការឈ្លានពានរបស់គេហ្នឹងគឺស្របច្បាប់ក្នុងឆ្នាំ១៩៧៨ ឆ្នាំ១៩៧៩»។
លោកថ្លែងថា តុលាការនេះមិនអាចរកយុត្តិធម៌បានទេ ព្រោះអ្វីដែលតុលាការកំពុងធ្វើនោះ គឺវាផ្ទុយពីអ្វីដែលលោកបានរកឃើញ។
លោកថេត សម្បត្តិ ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវនៅក្នុងសាលកលវិទ្យាល័យប្រទេសអាមេរិក Harvard បានបន្ថែមសេចក្តីថា ការកាត់ទោសខ្មែរក្រហមនេះគឺសំដៅទៅលើក្រុមខ្មែរក្រហមមួយចំហៀងដឹកនាំដោយប៉ុល ពត តែក្រុមខ្មែរក្រហមម្ខាងទៀត ដែលស្ថិតនៅក្នុងជួររដ្ឋាភិបាលសព្វថ្ងៃ ដែលលោក សម្បត្តិថា បានសម្លាប់ពលរដ្ឋសាហាវជាងក្រុមប៉ុល ពតទៀតនោះ មិនត្រូវគេនាំខ្លួនទៅកាត់ទោសទេ។
«អ្នកទាំងអស់ហ្នឹងទទួលខុសត្រូវធំណាស់ ព្រោះអ្នកទាំងអស់ហ្នឹង...គឺថា អញ្ចឹង ហើយបានជាខ្ញុំសោកស្តាយ ដែលលោកជា ស៊ីម គាត់ស្លាប់ហ្នឹង។ ខ្ញុំសោកស្តាយមែនទែន។ ខ្ញុំសោកស្តាយចង់ឲ្យគាត់បានមើលឯកសារខ្ញុំដើម្បីបង្ហាញថា អ្វីដែលគាត់បានប្រព្រឹត្តក្នុងសម័យនោះ ព្រោះពួកគាត់ជាអ្នកប្រព្រឹត្តបញ្ហាហ្នឹងកើតឡើង មិនមែនប៉ុល ពតទេ។ ខ្ញុំបញ្ជាក់ឲ្យច្បាស់មិនមែនប៉ុល ពត នួន ជាទេ»។
លោកបានបន្ថែមថា លោកគោរពយុត្តិធម៌ សច្ចធម៌ នរណាខុស នរណាត្រូវ។ តែក្រុមដែលលោករកឃើញគឺក្រុមលោកជា ស៊ីម ដែលបង្កឲ្យប្រជាជនស្លាប់ច្រើននោះ។
«ក្រុមអ្នកទាំងអស់ហ្នឹងឯងដែលបង្កឲ្យប្រជាជនស្លាប់នៅក្នុងតំបន់របស់ខ្លួន មិនមែនប៉ុល ពត នួនជាទេបាទ»។
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប. បានចាប់ផ្តើមធ្វើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៦។ ការបង្កើតតុលាការនេះបានខកខានជាងបីទសវត្សរ៍ក្នុងពេលគណបក្សប្រជាជនកម្ពុជាកាន់អំណាច។ សាលាក្តីនេះរងការរិះគន់ពីការជ្រៀតជ្រែកផ្នែកនយោបាយយ៉ាងខ្លាំងកន្លងមកក្នុងដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលពាក់ព័ន្ធនឹងការសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
សាលាក្តីនេះបានបរាជ័យជាច្រើនលើកក្នុងការកោះហៅមន្ត្រីកំពូលក្នុងរដ្ឋាភិបាលកម្ពុជា រួមទាំងលោកជា ស៊ីម លោកហ៊ុន សែននិងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតដើម្បីបំភ្លឺចំពោះមុខចៅក្រមតុលាការ ក្នុងពេលបន្តនីតិវិធីតុលាការ។
បន្ទាប់ពីការកាត់ទោសកាំង ហ្កេចអ៊ាវ ហៅឌុច មេគុកទួលស្លែងគឺមន្ទីរស-២១ មកនោះ សាលាក្តីនេះកំពុងកាត់ទោសមេដឹកនាំខ្មែរក្រហមតែពីរនាក់ប៉ុណ្ណោះ គឺនួន ជា និងខៀវ សំផនពីបទពាក់ព័ន្ធនឹងបទចោទក្នុងកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០៕