ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ប្រតិកម្ម​នឹង​សេចក្តី​រាយការណ៍​ពី​ប្រវត្តិ​លោក​ជា ស៊ីម​ ក្នុង​របបខ្មែរ​ក្រហម


លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភាជាតិ និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ថ្ងៃ​ចុង​ក្រោយ​កាលពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ នៅ​ទីក្រុង​ភ្នំពេញ។
លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភាជាតិ និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ថ្ងៃ​ចុង​ក្រោយ​កាលពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ នៅ​ទីក្រុង​ភ្នំពេញ។

ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ស្តី​បន្ទោស​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​ចំពោះ​ការ​សរសេរ​អត្ថបទ​ទាក់​ទង​នឹង​ការ​ទទួល​ខុសត្រូវ​របស់​លោក​ ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​កាប់​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ក្រសួង​ព័ត៌មាន​បាន​ចាត់​ទុក​ថា​ កាសែត​នេះ​«ខ្វះ​មនសិការ​ និង​ពិតជា​ខ្វះ​សីលធម៌​ និង​មាន​ភាព​ជំលើយ​យ៉ាង​ហួសហេតុ‍» ​ដោយ​សារ​បាន​ដកស្រង់​តាម​សេចក្តី​រាយការណ៍របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​លើក​ឡើង​ថា​ មរណភាព​របស់​លោក​ ជា ស៊ីម គឺ​ជា​«ការ​ចំអក​ចំពោះ​យុត្តិធម៌​មួយ‍» ព្រោះ​គាត់​រួច​ខ្លួន​ពី​ការ​កាត់​ទោស​ពី​បទ​«ឧក្រិដ្ឋកម្មដ៏​ធ្ងន់ធ្ងរ‍»។

នៅក្នុង​អត្ថបទ​ដែលមាន​ចំណងជើង​ថា​ «Sim’s KR Role Scrutinised‍» ចេញ ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី១០ ​ខែ​មិថុនា​ ឆ្នាំ​២០១៥​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ដកស្រង់​តាម​ប្រភព​អង្គការ​ Human Rights Watch​ ដែល​បាន​ផ្សាយ​កាលពី ថ្ងៃ​ច័ន្ទ​ ដោយ​លើក​ឡើង​ថា​ អង្គការ​នេះ​បាន​រក​ឃើញ​ភស្តុតាង​ថា​ លោក​ ជា ស៊ីម មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ ក្នុង​តួនាទី​របស់​លោក​ជា​លេខា​បក្ស​ស្រុក​ពញាក្រែក ​របស់​ក្រុម​ខ្មែរក្រហម​ ដែល​នៅ​តំបន់​២០​នៃ​ភូមិភាគ​បូព៌ា​ និង​ជា​សមាជិក​នៃ​បក្ស​នោះ​ពីឆ្នាំ​១៩៧៥ ដល់​១៩៧៨។

អង្គការ​នោះ​បាន​បន្ត​ថា​ ការ​ទទួល​ខុសត្រូវ​របស់​លោក​ ជា ស៊ីម រួមមាន​ការ​ចាប់​ឃុំឃាំង​ខ្លួន ការ​ធ្វើ​ទារុណកម្ម ​និង​ការ​កាប់​សម្លាប់​ប្រព្រឹត្ត​មក​លើ​មន្ត្រី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ពលរដ្ឋ​អ្នក​មាន​ក្នុង​របបចាស់ សមាជិក​ក្រុម​ខ្មែរ​ក្រហម និង​ជន​ជាតិ​វៀតណាម ចាម និង​ខ្មែរ​កាត់​ចិន។

តែ​ក្រសួង​ព័ត៌មាន​បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជា​«ការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ‍» ហើយ​ការ​យក​មក​ចុះផ្សាយ‍​«គឺ​ជា​ការបំពាន​លើ​វិជ្ជា​ជីវៈ​សារព័ត៌មាន​មួយ‍»។​

លោក​ ជា ស៊ីម ​ដែល​ក៏​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុ​ង​ជន្មាយុ​៨២ ឆ្នាំ​ដោយ​រោគាពាធ។​ ក្នុង​ឆាក​នយោបាយ​ចុងក្រោយ ​លោក​ត្រូវ​បាន​គេ​ចងចាំ​ថា​បាន​ដើរ​តួនាទី​កណ្តាល​ ក្នុង​ការ​ជួយ​បង្រួប​បង្រួម​អ្នក​នយោបាយ​ខ្មែរ​ ក្នុង​នោះមាន​ការ​មិន​ព្រម​ ​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​ក្នុង​ឆ្នាំ​២០០៤​ ដែល​អ្នក​តាម​ដាន​នយោបាយ​មើល​ឃើញ​ថា​ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG