ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​មហាផ្ទៃ​​ប្រតិកម្ម​នឹង​អត្ថបទ​របស់​លោក​ Brad Adams​ អំពី​លោក​ជា ស៊ីម


ក្រសួង​មហាផ្ទៃ​កំពុង​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ទាន់​បាន ដឹង​ពី​អត្ថន័យ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ឡើយ​​ទេ។

លោក​នាយ​ឧត្តម​សេនីយ៍​ឯក ​ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ គ្រោង​នឹង​ដាក់​លិខិត​មួយ​ច្បាប់​ទៅលោក​ ប្រេដ​ អាដាម៍​ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ដើម្បី​ទាម​ទារ​ឱ្យធ្វើ​ការ​«សុំទោស»​ដល់​សព​លោក​ ជា​ ស៊ីម ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​និង​អត្ថបទ​របស់​លោក​ ដែល​និយាយ​អំពី​តួនាទី​របស់​លោក​ ជា ស៊ីម​ នៅ​ក្នុង​របប​ខ្មែរ​ក្រហម។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​បាន​ប្រាប់​វីអូអេ​ខេមរភាសាថា​ លោក​នឹង​សរសេរ​លិខិត​ដោយ​ផ្ទាល់​ទៅលោក ​Brad Adams ​ដើម្បី​ឲ្យ​លោក​សុំទោស​នូវ​អ្វី​ដែល​លោក​បកស្រាយ​ខុស​ពី​ជីវិត​ពិត​របស់​លោក​ ជា ស៊ីម ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

«ធម្មតា​ក្នុង​នាម​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អ្វី​ខុស​មួយ​ គេ​តែង​តែ​មាន​ការ​សុំ​ទោស​ ជា​ពាក្យ​សុំទោស​ ជា​ពាក្យ​អរគុណ ​ពាក្យ​អរគុណ​គឺ​ជា​មនុស្ស។ ​ហើយ​ប្រសិន​បើ​លោក​ Adams​ លោក​មិន​បាន​ប្រើ​ពាក្យ​អី​អរគុណ​ ឬ​សុំទោស​ទេ ​គាត់​ចាត់​ទុក​ថា​ ជា​មនុស្ស​ដែល​មិន​សម​ដឹកនាំ​នៃ​អង្គការ​ ដែល​មាន​ឈ្មោះ​ល្បី​ Human Rights Watch ​ហ្នឹង​ទេ»។​

ការ​ត្រៀម​ដាក់​លិខិត​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «Sim's KR Role Scrutinized» ​ដោយ​បាន​ដក​ស្រង់​តាម​ប្រភព​អង្គការ​ Human Rights Watch។​

អត្ថបទ​នោះ​បាន​លើកឡើង​ថា​ អង្គការ ​Human Rights Watch ​បាន​រក​ឃើញ​ភស្តុតាង​ដែល​ថា​ លោក​ ជា ស៊ីម​ មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧក្រិដ្ឋ​កម្ម​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​តួនាទី​របស់​លោក​ជា​លេខា​បក្ស​ស្រុក​ពញា​ក្រែក​សម័យ​ខ្មែរក្រហម​ ដែល​នៅ​តំបន់​២០​នៃ​ភូមិ​ភាគ​បូព៌ា​ និង​ជា​សមាជិក​នៃ​បក្ស​នោះ​ពី​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ១៩៧៨។​

អង្គការ​នោះ​បាន​បន្ត​ថា​ ការ​ទទួល​ខុសត្រូវ​របស់​លោក​ ជា ស៊ីម ​រួមមាន​ការ​ចាប់​ឃុំឃាំង​ខ្លួន ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​កាប់​សម្លាប់​ប្រព្រឹត្ត​មក​លើ​មន្ត្រី​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ​ ពលរដ្ឋ​អ្នក​មាន​ក្នុង​របប​ចាស់​ សមាជិក​ក្រុម​ខ្មែរក្រហម​ និង​ជន​ជាតិ​វៀតណាម ​ចាម ​និង​ខ្មែរ​កាត់​ចិន។​

ឆ្លើយតប​ទៅ​នឹង​ការ​រក​ឃើញ​របស់​អង្គការ ​Human Rights Watch ​នេះ ​ លោក​នាយ​ឧត្តម​សេនីយ៍​ក៏​បាន​អះអាង​នៅ​ក្នុង​លិខិត​របស់​លោក​ចុះ​ថ្ងៃទី​១១ ​ខែ​មិថុនា​ថា ​អត្ថបទ​របស់​អង្គការ​ Human Rights Watch​ គឺ​ជា​អត្ថបទ​ដែល​បាន​រៀបចំ​គ្រោង​ទុក​ជាមុន​របស់​លោក ​Brad Adams ​ដែល​មាន​ចេតនា​ «មួល​បង្កាច់​ និង​បង្កប់​នូវ​គំនុំ​គុំ​កួន​បុគ្គល»មក​លើ​ថ្នាក់​ដឹនាំ​កំពូល​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ហើយ​ថា​ លោក​ជា ស៊ីម​គ្រាន់​តែជា​មន្ត្រី​មូលដ្ឋាន​មួយ​រូប​តែ​ប៉ុណ្ណោះ​ដែល​មិន​អាច​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​សាលាក្តី​ខ្មែរក្រហម​នោះ​ទេ។​

នៅ​ក្នុង​លិខិត​ដដែល​នោះ​ លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ បាន​ឲ្យ​ដឹង​ថា​ លោក ​Brad Adams ​មន្រ្តី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ធ្វើការ​វិភាគ ​និង​វាយ​តម្លៃ​បែប​«មនុស្ស​មាន​ភ្នែក​តែ​គ្មាន​ប្រស្រី» ​ឬ​បែប​«មនុស្ស​ភ្នែក​ភ្លឺ​តែ​ធ្វើ​ជា​ខ្វាក់»​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​របស់​ខ្លួន។

ដោយ​ឡែក​ កាល​ពី​ថ្ងៃ​១១​មិថុនា​នេះ​ដែរ​ ក្រសួង​ព័ត៌មាន​បាន​ចាត់​ទុក​ថា​ កាសែត​ភ្នំពេញប៉ុស្តិ៍​«ខ្វះ​មនសិការ​ និង​ពិត​ជា​ខ្វះ​សីលធម៌​ និង​មាន​ភាព​ជំលើយ​យ៉ាង​ហួស​ហេតុ» ​ដោយសារ​បាន​ដក​ស្រង់​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch​ ដែល​លើក​ឡើង​ថា​ វា​ជា«ការ​ចំអក​ចំពោះ​យុត្តិធម៌​មួយ»​ ព្រោះ​គាត់​រួច​ខ្លួន​ពី​ការ​កាត់​ទោស​ពី​បទ​«ឧក្រិដ្ឋ​កម្ម​ដ៏​ធ្ងន់​ធ្ងរ»។​

លោក​ ជា ស៊ីម ​អាយុ​៨២​ឆ្នាំ ​អតីត​ប្រធាន​ព្រឹទ្ធសភា ​ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​កាល​ពីដើម​សប្តាហ៍​នេះ ​ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ ​និង​សង្គម​កម្ពុជា​មើល​ឃើញ​ថា ​ជា​អ្នក​បង្រួបប​ង្រួម​ជាតិ​ និង​ជា​អ្នក​នយោ​បាយនិយម​កណ្តាល។​

លោក​ក៏​ពុំ​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​ក្នុង​ឆ្នាំ​២០០៤​ ដែល​អ្នក​តាម​ដាន​នយោបាយ​មើល​ឃើញ​ថា​ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​ រដ្ឋធម្មនុញ្ញ​បន្ថែម​នោះ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ឲ្យ​មានការ​បោះ​ឆ្នោត​កញ្ចប់​ ដើម្បី​ធ្វើ​ការ​តែងតាំង​រួម​នៃ​ថ្នាក់​ដឹក​នាំ​អង្គនីតិ​បញ្ញត្តិ​ និង​អង្គនីតិ​ប្រតិបត្តិ។

​នា​ពេល​នោះ លោក​ ហុក ឡងឌី​ អគ្គមេ​បញ្ជាការ​ប៉ូលិស​ជាតិ​បាន​នាំ ឬឆ្គក​លោក ​ជា ស៊ីម​ ចេញពី​ប្រទេស ​ក្រោយ​ពេល​លោក​មិនចុះ​ហត្ថលេខា​លើ​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​ ​ដែល​ក្នុង​នោះ​មាន​ការ​តែងតាំង​លោក ហ៊ុន សែន ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​កញ្ចប់​នោះ។ ​ក្រោយ​មក​ លោក ​ញ៉ឹក ប៊ុន​ឆៃ​ ដែល​ជា​អនុ​ប្រធាន ​បន្ទាប់ពី​លោក ​ជា ស៊ីម ​បាន​ចុះ​ហត្ថលេខា​លើ​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​នោះ៕

XS
SM
MD
LG