ដោយមិនគិតពីអតីតកាលរបស់លោក ជា ស៊ីម ឥស្សរជនមកពីគណបក្សនយោបាយចម្រុះបានកោតសរសើរពីកេរដំណែលលោក ជា ស៊ីម ក្រោយឆ្នាំ១៩៧៩។
ក្រុមអ្នកនយោបាយជាច្រើនបានចងចាំអំពីការតស៊ូនយោបាយផ្ទៃក្នុងគណបក្សរបស់លោកប្រជែងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអំពីកិច្ចការរដ្ឋ។
ដោយទុកចោលការប្រឡាក់ប្រឡូសរបស់លោក ជា ស៊ីម កាលពីអតីតកាលក្នុងរបបខ្មែរក្រហម ក្រុមអ្នកនយោបាយចម្រុះគណបក្សបានកោតសរសើរកេរដំណែលរបស់លោក ជា ស៊ីម មេដឹកនាំគណបក្សកាន់អំណាច ក្រោយពេលដែលលោកបានទទួលមរណភាព។ បញ្ហាទាំងនោះរាប់បញ្ចូលទាំងការដែលលោកតតាំងជាមួយនឹងគូប្រជែងក្នុងគណបក្សប្រជាជនកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹងការបំពេញកិច្ចការរដ្ឋផងដែរ។
ក្រុមឥស្សរជននយោបាយកម្ពុជាបានថ្លែងថា លោក ជា ស៊ីម បានធ្វើការសម្របសម្រួលនយោបាយ សម្រួលកិច្ចការអនុម័តច្បាប់ជាច្រើន ដោយគ្មានការរើសអើងគណបក្ស ហើយមានកិច្ចសហការល្អក្នុងកិច្ចការ ហើយនឹងបានជំទាស់មិនចុះហត្ថលេខាក្នុងឋានៈជាប្រមុខរដ្ឋស្តីទីលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលនឹងបើកផ្លូវឲ្យមានការបោះឆ្នោតកញ្ចប់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី ក្រោយពីការជាប់គាំងនយោបាយជិតមួយឆ្នាំ ក្រោយការបោះឆ្នោតឆ្នាំ២០០៣នោះ។ ច្បាប់រដ្ឋធម្មនុញ្ញបន្ថែមនោះត្រូវគេចាត់ទុកថា ធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោក សឺន ស៊ូប៊ែរ ជាប្រធានគណបក្សសិទ្ធិមនុស្ស ហើយជាអតីតអនុប្រធានទី២នៃរដ្ឋសភា និងជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា៖
«អញ្ចឹងមែន ព្រោះកាលហ្នឹងអ្វីៗលោកធ្វើតាមរដ្ឋធម្មនុញ្ញ តាមនីតិវិធីនៃរដ្ឋធម្មនុញ្ញ រួចដល់អញ្ចឹងទៅ គេបង្ខំឲ្យលោកដើរចេញពីស្រុកហ្នឹង ដើម្បីឲ្យនរណាម្នាក់ទៀតជំនួស ចុះហត្ថលេខាលើហ្នឹង។ កាលខ្ញុំនៅក្រុមប្រឹក្សាធម្មនុញ្ញ ខ្ញុំបាន ជម្រាបក្រុមប្រឹក្សាធម្មនុញ្ញ។ ខ្ញុំថា អ្វីៗបានធ្វើហ្នឹង វាខុសនីតិវិធីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋធម្មនុញ្ញហ្នឹង ហើយខុសរដ្ឋធម្មនុញ្ញទៅទៀត។ តែកាលហ្នឹងសម្តេចក្រុមព្រះ លោកជួយឲ្យលោក ញ៉ឹក ប៊ុនឆៃ ចុះហត្ថលេខាដោយខុសច្បាប់ទៅទៀត ព្រោះព្រះករុណានរោត្តម សីហនុ បានប្រគល់រាជសិទ្ធិរបស់ព្រះអង្គជូនទៅសម្តេច ជា ស៊ីម រួចដល់គេនាំសម្តេច ជា ស៊ីម ទៅថៃ ហើយយកលេសថា មើលសុខភាពលោក ប៉ុន្តែមែនទែនទៅដូចជារដ្ឋប្រហារមួយដែរហ្នឹង»។
លោក សឺន ស៊ូប៊ែរ ថ្លែងដូច្នេះ ដោយសារថា តាមច្បាប់រដ្ឋធម្មនុញ្ញ គេត្រូវបោះឆ្នោតរើសស្ថាប័នរដ្ឋសភាសិន រួចទើបរើសសមាជិករដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រី តែនេះត្រូវបោះឆ្នោតព្រមរួមតែម្តង ដើម្បីរៀបចំសភាដែលជាស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាលដែលជាស្ថានប័ននីតិប្រតិបត្តិ និងជាស្ថាប័នដាច់ពីគ្នា ហើយប្រមុខរដ្ឋគឺសម្តេចឳ ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះនៅគង់ជាប្រមុខរដ្ឋ បានផ្ទេរព្រះរាជសិទ្ធិតាមព្រះរាជសារ ផ្ញើពីប្រទេសកូរ៉េខាងជើងឲ្យលោក ជា ស៊ីម ជាប្រមុខរដ្ឋស្តីទីជាអ្នកសម្រេចជ្រើសរើសយកការចុះហត្ថលេខាតាមសតិសម្បជញ្ញៈ។
តែលោក ជា ស៊ីម ត្រូវគេដឹងថា មិនព្រមចុះហត្ថលេខាទេ ហើយលោកត្រូវបានលោក ហុក ឡងឌី ដែលជាអគ្គស្នងការនគរបាលជាតិពេលនោះ បង្ខំឲ្យចាកចេញទៅកាន់ប្រទេសថៃ ក្រោមអ្វីមួយដែលគេបញ្ជាក់ថា ដើម្បីព្យាបាលជំងឺ។ហើយក្នុងអំឡុងពេលនោះថ្នាក់ដឹកនាំព្រឹទ្ធសភានៅក្នុងប្រទេសសល់តែលោក ញ៉ឹក ប៊ុនឆៃ ប៉ុណ្ណោះដែលជាអនុប្រធានទី២នៃព្រឹទ្ធសភា ដែលត្រូវចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម កាលពីខែកក្កដា ឆ្នាំ២០០៤នោះ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតមិនគ្រប់សំឡេង២ភាគ៣ ដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ គឺត្រូវការសំឡេងពីគណបក្សសម្ព័ន្ធភាព គឺហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងត្រូវការសំឡេងឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា ដោយការបោះឆ្នោតកញ្ចប់លើកដៃតែម្តង ដើម្បីបោះឆ្នោតបង្កើតស្ថាប័នសភា និងរដ្ឋាភិបាល ហើយនឹងចែកអំណាចគ្នា។
លោក ស៊ូប៊ែរ បានហៅលោក ជា ស៊ីម ថា ជាវីរជនម្នាក់ ហើយការស្លាប់នេះនាំឲ្យបាត់បង់មេដឹកនាំម្នាក់នៃគណបក្សកាន់អំណាច។
«សម្តេចជា ស៊ីមបាត់បង់ជីវិតហ្នឹង គឺប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាច្រើនជាងគេ ព្រោះពេលដែលលោកនៅទីនេះ លោកជាមនុស្សអាជ្ញាកណ្តាល មិនឲ្យគេធ្វើផ្តេសផ្តាស់ ឬមិនឲ្យគេធ្វើអំពើជ្រុលនិយមដូចជំនាន់សង្គ្រាម។ នេះគ្រាន់តែជាការយល់ ដែលខ្ញុំធ្លាប់បានធ្វើការជាមួយលោកហ្នឹង ហើយលោកបានផ្តល់ព័ត៌មានច្រើនពីរឿងជំនាន់ខ្មែរក្រហម ជាពិសេសគណបក្សប្រជាជនកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយម។ នេះគ្រាន់តែខ្ញុំបានដឹងប្រវត្តិសាស្ត្រខ្លះពីរឿងអស់ហ្នឹង។ ក្រៅពីហ្នឹងវាជាការសោកស្តាយមួយដែរ ដោយសារគាត់ស្លាប់ អស់មានមនុស្សចាស់ទុំនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ខ្ញុំមិនដឹងថា គណបក្សនេះទៅជាយ៉ាងណា ហើយនយោបាយគេនៅដដែល ឬមានការផ្លាស់ប្តូរទេ។ នេះជាសំណួរមួយដែលទាក់ទងនឹងការបាត់បង់ជីវិតសម្តេច ជា ស៊ីម»។
លោក ស៊ូប៊ែរ បានបន្ថែមថា លោកបានផ្សះផ្សារមិនឲ្យមានភាពជ្រុលនិយម និងមនុស្សជ្រុលនិយមទេ នៅពេលដែលកម្ពុជាមានភាពវឹកវរនយោបាយច្រើន ក្រោយការបោះឆ្នោតដំបូង ដែលលោកទំនងជាសំដៅទៅលើគណបក្សនីមួយៗ ដែលមានកម្លាំងកងទ័ពរៀងៗខ្លួននោះ។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ៨២ឆ្នាំ កាលពីថ្ងៃច័ន្ទទី៨ ខែមិថុនាឆ្នាំ២០១៥ ដែលបើកផ្លូវឲ្យលោក ហ៊ុន សែន ក្លាយជាប្រធានគណបក្សពេញច្បាប់ បន្ថែមលើអំណាចដ៏ខ្លាំងជានាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។
លោក ញ៉ឹក ប៊ុនឆៃ អនុប្រធានទី២នៃគណបក្សហ៊្វុនស៊ីនប៉ិច មិនធ្វើអត្ថាធិប្បាយអំពីរដ្ឋធម្មនុញ្ញបន្ថែមនោះទេ។
លោកថ្លែងថា លោកបានចងចាំថា លោក ជា ស៊ីម បានចូលរួមដឹកនាំតស៊ូប្រឆាំងនឹងខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលខ្មែរក្រហមសម្លាប់ច្រើនលាននាក់។ ហើយគាត់ជាអ្នកដឹកនាំម្នាក់ដែលបានជួយឲ្យមានរបបរាជានិយមឡើងវិញ និងជួយសម្របសម្រួលឲ្យមានការរួបរួម ការសាមគ្គីគ្នាក្នុងប្រទេសកម្ពុជា។
«ហើយឆ្នាំ១៩៩៣ ពេលហ៊្វុនស៊ីនប៉ិចឈ្នះឆ្នោត សម្តេច ជា ស៊ីម ក៏លោកបានចូលរួម ជាពិសេសពេលនោះសម្តេចតេជោ ហ៊ុន សែន តែសម្តេច ជា ស៊ីម ក៏លោកចូលរួមគាំទ្រឲ្យមានរបបរាជានិយមក្នុងប្រទេសកម្ពុជានេះឡើងវិញ។ ហើយលោកក៏ជាអ្នកចូលរួមក្នុងការជួយដោះស្រាយបញ្ហា ដែលតែងតែកើតឡើងពេលបោះឆ្នោតអីហ្នឹង។ គាត់តែងតែជួយសម្របសម្រួលឲ្យមានការស្រុះស្រួលគ្នាជាបន្តបន្ទាប់ដែរ ជាពិសេសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»។
លោក ញ៉ឹក ប៊ុនឆៃ អតីតមេបញ្ជាការទ័ពចលនាតស៊ូនៃគណបក្សហ៊្វុនស៊ីនប៉ិច ដែលធ្លាប់តស៊ូប្រឆាំងនឹងកងទ័ពស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយអំពើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ១៩៩៧ បានអះអាងបន្ថែមថា មរណភាពរបស់លោក ជា ស៊ីម នឹងមិនធ្វើឲ្យមានការប្រែប្រួលទេ។
«ខ្ញុំដូចជាមានជំនឿថា មិនមានអីប្រែប្រួលធំដុំទេ។ ស្ថានការណ៍ដូចជានៅដដែលទេ ខ្ញុំមើលទៅ ព្រោះយើងដឹងហើយថា រយៈកាលកន្លងមក សម្តេច ជា ស៊ីម នៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ហើយម្តងម្កាលក៏ជាប្រមុខរដ្ឋស្តីទី ហើយបញ្ហានៅកម្ពុជាយើងសំខាន់គឺនីតិប្រតិបត្តិ។ ហើយនីតិប្រតិបត្តិ សម្តេចតេជោហ៊ុន សែន លោកគ្រប់គ្រងការងារនីតិប្រតិបត្តិ។ អញ្ចឹងមិនមានអី ដែលផ្លាស់ប្តូរធំដុំទេ ព្រោះសម្តេចជា ស៊ីមលោកគ្រប់គ្រងស្ថាប័ននីតិបញ្ញតិ ឬព្រឹទ្ធសភា»។
លោក សុន ឆៃ អ្នកតំណាងរាស្ត្រគណបក្សជំទាស់ បានអះអាងស្របគ្នាដែរថា មរណភាពរបស់លោក ជា ស៊ីម មិនអាចនាំឲ្យកើតហេតុការណ៍អ្វីនោះទេ ដោយសារក្នុងគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងទាំងស្រុង ហើយនឹងក្លាយជាប្រធានគណបក្ស។
លោក សុន ឆៃ បានកោតសរសើរលោក ជា ស៊ីម ថា ជាមេដឹកនាំមានលក្ខណៈទទួលខុសត្រូវ មិនមានលក្ខណៈរើសអើងគណបក្សនយោបាយ ហើយគាត់ហាក់ដូចជាមានការសម្របសម្រួលការងារសភាបានច្រើន។
«ហើយក្នុងពេលដែលគាត់គ្រប់គ្រងនោះ យើងឃើញហើយសកម្មភាពការងាររបស់សភាបានប្រព្រឹត្តទៅមានសកម្មភាពច្រើន ហើយមានកិច្ចសហការគ្នាល្អ។ នេះជាអ្វីដែលខ្ញុំនឹកចាំគាត់ ហើយក្រោយមកគាត់ចេញទៅព្រឹទ្ធសភា មិនមានទំនាក់ទំនងអីជាមួយគាត់ទេ។ ប៉ុន្តែខ្ញុំថា ប្រហែលជាដូចរូបខ្ញុំដែរ អ្នកដែលធ្លាប់ធ្វើតំណាងរាស្ត្រក្នុងរយៈកាល ដែលគាត់ធ្លាប់គ្រប់គ្រងរដ្ឋសភា គឺយើងវាហាក់ដូចជាមានកិច្ចសហប្រតិបត្តិការល្អ ហើយគាត់មានចិត្តទូលំទូលាយក្នុងការងារដែលយើងជាតំណាងរាស្ត្រត្រូវធ្វើ ដូចជាការងារតាក់តែងច្បាប់ក្តីគឺថា វាជានិច្ចកាលតែងតែមានការបង្កើតគណៈកម្មការពិសេសដើម្បីពិនិត្យលើការកែខ្លឹមសារ ឬក៏មាត្រាជាសេចក្តីព្រាងច្បាប់ដែលរដ្ឋាភិបាលផ្ញើរមកគឺមិនចង្អៀតចង្អល់»។
លោក ជា ស៊ីម ដែលជាមេដឹកនាំម្នាក់ដែលត្រូវបានលើកបន្ទុបជាមួយនឹងឥស្សរជនខ្មែរដទៃទៀត ដោយរដ្ឋាភិបាលក្រុងហាណូយកាលពីឆ្នាំ១៩៧៩ ពេលវៀតណាមចូលឈ្លានពានកម្ពុជា ដើម្បីបណ្តេញក្រុមខ្មែរក្រហមចេញពីអំណាចនោះ បានថមថយអំណាចនាទសវត្សចុងក្រោយនេះ។ ការចុះថយអំណាចរបស់លោក ជា ស៊ីម រាប់ទាំងពីការដែលលោកត្រូវគេឆ្គកចេញពីប្រទេស ការហ៊ុំព័ទ្ធផ្ទះរបស់លោក ការដកអគ្គមេបញ្ជាការទ័ពដែលស្មោះត្រង់នឹងលោក គឺលោកឧត្តមសេនីយ៍ កែ គីមយ៉ាន ការចាប់ខ្លួនមេបញ្ជាការអង្គរក្សផ្ទាល់របស់លោក និងចាប់ខ្លួនជំនួយការជាបន្តបន្ទាប់ក្នុងរយៈពេលជាង១០ឆ្នាំនេះ គឺកើតឡើងចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេដឹងថា ងាកបែរគោលនយោបាយរបស់លោកជាសំខាន់ទៅរកមហាអំណាចអាស៊ី គឺប្រទេសចិនកុំម្មុយនីស ដែលជាប្រទេសផ្តល់ជំនួយគាំទ្រដ៏ធំសម្រាប់កម្ពុជា៕