ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​បើក​សន្និបាត​ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​គណបក្ស


លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​រដ្ឋសភា​ជាតិ ថ្លែង​​នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អនុប្រធាន​គណបក្ស។

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​កោះ​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​នៅថ្ងៃ​ទី​២០​ ខែមិថុនា​ខាង​មុខ​នេះ​ ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ និង​អនុ​ប្រធាន​គណបក្ស។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។​

ការ​កោះ​ប្រជុំ​នេះ​គឺ​នឹង​ត្រូវ​ធ្វើឡើងមួយ​ថ្ងៃ​ ក្រោយ​ការ​កាន់​ទុក្ខ​សព​របស់​លោក ជា ស៊ីម​ អតីត​ប្រធានគណ​បក្ស ​និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា។​

លោក​ សុខ ឦសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​បា្រប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ គណបក្ស​នឹង​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៨ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​គណបក្ស ​ដែល​មាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​ ជា​បេក្ខភាព​ តែ​លោក​មិនទាន់​អាច​បញ្ជាក់​ថា ​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឬ​លោក សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​ទើប​ជាប់​ឆ្នោត​ថ្មី​ជា​បេក្ខេជន​អនុប្រធាន​នោះ​ទេ។​

«ខ្ញុំ​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​នេះ​ទេ​ ក៏​ប៉ុន្តែ​សម្តេច​តេជោ​ ក្នុង​នាម​ជា​បេក្ខជន​ សម្រាប់​ប្រធាន​គណបក្ស​អាហ្នឹង​ច្បាស់​ហើយ ​ព្រោះ​សម្តេច​បាន​ប្រកាស​យូរ​ហើយ»។​

កាល​ពីខែ​មេសា​កន្លង​ទៅនេះ​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ប្រកាស​នៅ​ឯ​ពិធី​ដាក់​ឲ្យ​ដំណើរ​ការរោង​ចម្រាញ់​ដូង​ប្រេង​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​ថា​ លោក​នឹង​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​ ប្រសិន​បើ​លោក ​ជា ស៊ីម​ ទទួល​មរណភាព។​

«ក្នុង​ករណី​ដែល​គាត់​មរណកាល​ អ្នក​ដែល​ធ្វើ​ប្រធាន​គណបក្ស​គឺ​ ហ៊ុន សែន‍»។​

បេក្ខជន​មាន​ស្រាប់​ហើយ ​គ្រាន់​តែ​ចាំ​បោះ​ឆ្នោត​តែ​ប៉ុណ្ណឹង​ទេ។ ​បើ​ទោះ​ ហ៊ុន សែន ​មិន​ធ្វើ​ប្រធាន​ថ្ងៃ​នេះ​ក៏​ដឹក​នាំ​បក្ស​តែ​រហូត​ទៅ​ហើយ»។​លោក កែម ឡី ​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​អភិវឌ្ឍន៍​សង្គម​ មើល​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជាអាច​នឹង​ជួប​ផល​វិបាកក្នុង​ការ​ស្តារ​ប្រជា​ប្រិយភាពគណបក្ស​ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែនចង់​ក្តោប​អំណាច​ទាំង​ប្រធាន​គណបក្ស​ផង​ និង​ជា​នាយក​រដ្ឋមន្ត្រី​ផង​ ហើយ​ថា​លោក​ ស ខេង​ គួរ​ទទួ​ល​បាន​បេក្ខភាព​នាយក​រដ្ឋមន្រ្តី។​

«គណបក្ស​ប្រជា​ជន​កម្ពុជា​ បើ​ល្អ​ បើ​សិន​ជា​នាយក​រដ្ឋមន្ត្រី​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ គួរតែ​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ឲ្យ​ឯកឧត្តម ​ស ខេង។​អាហ្នឹង​អាច​ជួយ​ស្រោច​ស្រង់​បាន ​ព្រោះ​អី​ឯក​ឧត្តម​ ស ខេង​ នៅ​មាន​ប្រជា​ប្រិយភាព​ចំពោះ​សាធារណជន ​ចំពោះ​NGO​ ចំពោះ​អី​ណាស់។ ​អាហ្នឹង​ខ្ញុំ​មើល​ឃើញ។​ ប៉ុន្តែ​បើ​សិន​ជា​ឱប​ម្នាក់​ឯង​ វា​អត់​ខុស​ពី​ឱប​ភ្នំពីរ​ម្នាក់​ឯង​ទេ។ ​ វា​អាច​មាន​បញ្ហា»។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ សុខ ឦសាន ​ដែល​ជា​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បាន​បញ្ជាក់​ថា ​ការ​ជ្រើស​រើស​យក​លោក​នាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​គណបក្ស​នឹង​មិន​បង្ក​ឲ្យ​មាន​ការ​រកាំ​រកូស​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទេ​ ដោយ​សារ​តែ​មាន​ឯកភាព​ផ្ទៃ​ក្នុង​គណបក្ស ​ហើយ​ថា​ ការ​បោះឆ្នោត​យក​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ គឺ​ដើម្បី​ពង្រឹង​គណបក្ស​ស្រោចស្រង់​ប្រជា​ប្រិយភាព។​

«គោល​បំណង​ហ្នឹង​សំណូម​ពរ​របស់​យើង​គឺ​ដើម្បី​ពង្រឹង​គណបក្ស​ហ្នឹង​ហើយ»។​

លោក​ ហ៊ុន សែន ​អង្គុយ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចាប់​តាំង​ពី​ឆ្នាំ១៩៨៥​ មក​ម្ល៉េះ​ពោល​គឺ​មាន​រយៈ​ពេល​៣០ឆ្នាំ​មក​ហើយ។​ លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​ដ៏​កម្រ​នៅ​ក្នុង​ពិភព​លោក។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​ធ្លាក់​ចុះ​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ២០១៣ ​ដោយ​ទទួល​បាន​តែ​៦៨អាសនៈ ​ខណៈពេល​ដែល​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ ដែល​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ និង​លោក​ កឹម​ សុខា​ ដណ្តើម​បាន​៥៥អាសនៈ​នៅ​ក្នុង​សភា​ជាតិ។

លទ្ធផលឆ្នោត​នេះ​ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ និង​នយោបាយ​យល់​ថា ​ជា​លទ្ធផល​ដ៏​ចម្រូង​ចម្រាស ​ពី​ព្រោះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត៕

XS
SM
MD
LG