ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Chauvin ត្រូវ​គណៈ​វិនិច្ឆ័យ​​សម្រេច​​ឱ្យ​មាន​ទោស​ក្នុង​បទ​ចោទ​ទាំង​អស់​ទាក់ទិន​​​នឹង​ការ​ស្លាប់​របស់​លោក​ George Floyd


មនុស្ស​​ម្នា​​​​អបអរ​​​នៅ​ក្នុង​ទី​ក្រុង Minneapolis រដ្ឋ Minnesota កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ នៅ​ក្រោយ​ពី​ដីកា​ត្រូវ​ប្រកាស​ថា​លោក ​Derek Chauvin មាន​ទោស​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd។

អតីត​មន្ត្រី​ប៉ូលិស​នៅ​ទីក្រុង​ Minneapolis លោក Derek Chauvin ត្រូវ​បាន​គណៈវិនិច្ឆ័យ​សម្រេច​ឱ្យ​មាន​ទោស​ពី​បទ​ឃាតកម្ម​និង​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា​ជុំវិញ​ការ​ស្លាប់​របស់​លោក​George Floyd ដែល​ជា​រឿង​ក្តី​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​បាតុកម្ម​នៅ​ទូទាំង​ពិភពលោកប្រឆាំង​នឹងអំពើ​ហិង្សា​របស់​ប៉ូលិសទៅ​លើ​ប្រជាពលរដ្ឋ។

គណៈវិនិច្ឆ័យ​បាន​ឈាន​ដល់​ការសម្រេច​នេះកាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ចំណាយ​ពេល​ពិភាក្សាប្រមាណ​១០ម៉ោង​ក្នុង​រយៈពេល​២ថ្ងៃ​នៅ​ក្នុង​ទីក្រុង​មួយ​ដែល​ស្ថិត​ក្នុង​សភាពអាច​នឹង​មាន​ការ​ផ្ទុះឡើង​នូវ​ភាព​វឹកវរ។

លោក Floyd បាន​ស្លាប់​កាលខែ​ឧសភា​ឆ្នាំ​មុន​បន្ទាប់ពី​លោក Chauvin ដែល​ជា​ប៉ូលិស​ស្បែកស បាន​លុត​ជង្គង់​ពី​លើ​ឬគៀក​នឹងក​របស់​បុរស​ស្បែក​ខ្មៅ​វ័យ​៤៦​ឆ្នាំ​រយៈ​ពេល​ប្រហែល​៩នាទី​កន្លះ។

ឧប្បត្តិហេតុ​នេះដែល​ត្រូវ​បាន​ថត​ជាប់​ជា​វីដេអូ​លើ​ទូរស័ព្ទ​ដោយ​ពលរដ្ឋ​វ័យ​ជំទង់​ម្នាក់​ត្រូវ​បាន​ផ្សព្វផ្សាយ​គ្រប់ទិសទី​និង​បាន​បង្ក​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សាធារណៈ​និង​នៅ​ថ្នាក់​ជាតិ​ទៅ​លើ​បញ្ហា​រើស​អើង​ជាតិ​សាសន៍​និង​បញ្ហាការ​ប្រើ​អំណាច​របស់ប៉ូលិស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Chauvin ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ឃាតកម្ម​មិន​គិត​ទុក​ជាមុន​កម្រិត​មធ្យម​បទ​ឃាតកម្ម​មិន​គិត​ទុក​ជាមុន​កម្រិត​ស្រាល​និង​ពី​បទ​មនុស្សឃាតដោយ​អចេតនា​កម្រិត​មធ្យម។

ក្រោយ​សវនាការ​បាន​បិទ​បញ្ចប់​កាល​ពីថ្ងៃ​ចន្ទ គណៈវិនិច្ឆ័យ​ដែល​មាន​សមាសភាព១២រូប ដោយមាន​ជន​ស្បែក​ស​៦រូប និង​៦នាក់​ទៀត​ជា​ជន​ស្បែកខ្មៅ​និង​ជន​ចម្រុះ​ជាតិសាសន៍ បាន​ចំណាយ​ពេល​ប្រហែល​៦ម៉ោង​ពិភាក្សា​អំពី​ព័ត៌មាន​នានាដែល​ទទួល​បាន​ពី​សវនាការ​រយៈ​ពេល​៣សប្តាហ៍​មុន​នឹង​ឈាន​ដល់​សេចក្តី​សម្រេច។

នៅ​ក្នុង​អំឡុង​ការ​ផ្តល់​សក្ខីកម្ម​ចុង​ក្រោយ​កាលពី​ថ្ងៃចន្ទ រដ្ឋអាជ្ញា​មួយ​រូប​បាន​ចោទ​ប្រកាន់​លោក Chauvin ថា​បាន​សម្លាប់​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដោយបាន​លុត​ជង្គង់​លើ​ក​របស់​លោក​និង​ធ្វើ​ឲ្យ​លោក​ដក​ដង្ហើម​មិន​រួច។ មេធាវី​ការពារក្តី​ឲ្យ​ចុង​ចោទ​មួយរូប​គឺ​លោក Eric Nelson បាន​ប្រកែក​ថា លោក Floyd បាន​ស្លាប់​មួយ​ផ្នែក​ដោយសារ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ហើយ​ថា​លោក Chauvin បាន​ធ្វើ​ទៅ​តាម​ការក្បួន​ហ្វឹកហាត់​របស់​ប៉ូលិស​ពេល​លោក​ឃាត់​ខ្លួន​លោក Floyd កាលពី​ខែ​ឧសភា​ឆ្នាំមុន នៅ​លើ​ចិញ្ចើម​ផ្លូវ​មួយ​នៅ​ក្នុង​ទីក្រុង Minneapolis។

លោក​រដ្ឋអាជ្ញា Steve Schleicher បាន​ថ្លែង​សរុប​ចុង​ក្រោយប្រឆាំង​នឹង​លោក Chauvin ដែល​បាន​លុត​ជង្គង់​លើ​លោក Floydទាំង​លោក​ជាប់​ខ្នោះដៃ​ខណៈ​លោក​ដេក​រាប​លើ​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង ហើយ​លោក​ស្រែកដង្ហក់​ចំនួន​២៧​ដង ថា​លោក​មិន​អាច​ដក​ដង្ហើម​បាន។ នេះ​បើ​យោង​តាម​វីដេអូ​នានា​ដែល​បង្ហាញ​ពី​ការ​ចាប់​ខ្លួន​លោក Floyd។

លោក Schleicher បាន​ថ្លែង​ថា៖ «លោកត្រូវ​គាប​ជាប់​នឹង​ជង្គង់​លើ​ក​របស់​លោក​ជាមួយ​នឹង​ទម្ងន់​របស់​លោក Chauvin សង្កត់​លើ​លោក​រយៈ​ពេល​៩​នាទី ២៩​វិនាទី»។

លោក Schleicher បាន​ថ្លែង​ថា៖ «លោក George Floyd ពេល​នោះ​មិនមែន​ជា​ការ​គំរាម​កំហែង​ដល់​នរណា​ម្នាក់​នោះទេ។ លោក​គ្រាន់​តែ​ត្រូវ​ការ​ការ​អាណិត​អាសូរ​ខ្លះ​តែ​ប៉ុណ្ណោះ ហើយ​លោក​មិន​ទទួល​បាន​ទាល់​តែ​សោះ»។

លោក Nelson បាន​ប្រកែក​ថា៖ «មិន​មាន​អំពី​ឧក្រិដ្ឋកម្ម​ណា​មួយ​ត្រូវ​បាន​ប្រព្រឹត្ត​នោះ​ទេ ប្រសិន​បើ​វា​ជា​ការ​ប្រើប្រាស់​កម្លាំង​ដែល​ត្រូវ​បាន​អនុញ្ញាត»។

មេធាវីការពារក្តី​ឲ្យ​លោក Chauvin បាន​ថ្លែង​ចុងក្រោយ​ខណៈ​លោក​ស្នើ​ឲ្យ​គណៈវិនិច្ឆ័យ​ឲ្យ​លោក Chauvin រួច​ទោស​ពី​បទ​ឃាតកម្ម​និង​មនុស្សឃាត​ដោយ​លើកឡើង​ពី​បទដ្ឋាន​នៃ​ការ​ផ្តន្ទា​ទោស​យ៉ាង​ដូច្នេះ​ថា៖ «រដ្ឋ [Minnesota] មិន​បាន​ភស្តុតាងចំពោះ​អំណេះអំណាង​គ្រប់គ្រាន់​ដើម្បី​អស់​មានវិមតិសង្ស័យ​នោះ​ទេ»។​

លោក Floyd ត្រូវ​បាន​សង្ស័យ​ថា​បាន​ព្យាយាម​ប្រើប្រាស់​ក្រដាស​ប្រាក់​២០​ដុល្លារ​ក្លែង​ក្លាយ​នៅ​ក្នុង​ហាង​ទំនិញ​មួយ​នៅ​ក្បែរ​នោះ។

ករណី​ការ​ស៊ើបអង្កេត​ជា​ធម្មតា​របស់​ប៉ូលិស​លើ​រឿងតូចតាច​មួយ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​ទៅ និង​ដែល​ក្រោយ​មក​ធ្វើ​ឲ្យលោក Floyd ស្លាប់​នោះ​បាន​ក្លាយ​ជា​រឿងក្តី​ឧក្រិដ្ឋកម្ម​ដ៏​សំខាន់​បំផុត​មួយនៅ​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។

លោក​Chauvin ថា​លោក​គ្មាន​ទោស​ដូច​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក​នោះទេ។ លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៤០​ឆ្នាំ។

កាល​ពី​សប្តាហ៍​មុន​លោក​ Chauvin បាន​ប្រើប្រាស់​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​លោក​ដោយ​មិន​ផ្តល់​សក្ខីកម្ម​និង​មិន​ធ្វើ​ជា​សាក្សី។ ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ភាគី​រដ្ឋអាជ្ញា ​ដែល​ជា​ដើម​ចោទ មាន​បន្ទុក​បង្ហាញ​ភ័ស្តុតាងគ្រប់គ្រាន់​ចំពោះ​ការ​ចោទប្រកាន់​ប្រឆាំង​ចុងចោទ​ហើយ​ចុង​ចោទ​នឹង​ត្រូវ​ចាត់ទុក​ថា​មិន​មាន​ទោស​រហូត​ទាល់​តែ​អាច​រកឃើញថា​មាន​ទោសដោយ​មិន​មានវិមតិសង្ស័យ។

អតីត​មន្ត្រី​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin ត្រូវ​គេ​នាំ​ចេញ​ដោយ​ជាប់​ខ្នោះ ពី​សាល​សវនាការ ក្រោយគណៈវិនិច្ឆ័យបាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២០ ថា​លោក​មាន​ទោស​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd។
អតីត​មន្ត្រី​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin ត្រូវ​គេ​នាំ​ចេញ​ដោយ​ជាប់​ខ្នោះ ពី​សាល​សវនាការ ក្រោយគណៈវិនិច្ឆ័យបាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២០ ថា​លោក​មាន​ទោស​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd។

លោក​ចៅក្រម Peter Cahill បាន​ប្រាប់​គណៈវិនិច្ឆ័យ​កុំ​ឲ្យ​យក​ការ​បដិសេធ​មិន​ផ្តល់​សក្ខីកម្ម​របស់​លោក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​សម្រេច​ថាលោក​មាន​ទោស​ឬ​មិនមាន​ទោសនោះ។

បញ្ហា​ដូចគ្នានេះ​ត្រូវ​បាន​លើក​ឡើង​ជាថ្មី​ម្តងទៀត​នៅ​ក្នុង​សហគមន៍​នៅពេល​ដែល​មន្ត្រី​ប៉ូលិស​ដែល​ឥឡូវ​បាន​លាលែង​ពី​តំណែង​ម្នាក់​នៅ​ជាយក្រុង Minneapolis បាន​បាញ់​សម្លាប់​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​វ័យ​២០ឆ្នាំ​ម្នាក់​ក្នុង​អំឡុង​ពេលឈប់​នៅ​កន្លែង​ភ្លើង​ស្តុប​កាល​ពី​ថ្ងៃ​ទី១១ ខែមេសា។

នៅ​ក្នុង​រឿង​ដោយ​ឡែក​មួយ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​Joe Biden បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​សម្រេច​របស់​គណៈវិនិច្ឆ័យឱ្យ​លោក Derek Chauvin ជាប់​ទោសនៅ​ក្នុង​ការ​សម្លាប់​លោក George Floyd នេះ «អាច​ជា​ជំហានទៅ​មុខ​ដ៏​ធំធេង​មួយ»​សម្រាប់​ប្រទេសជាតិ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​ជា​ប្រព័ន្ធ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារព័ត៌មាន AP។

លោក Biden បាន​ថ្លែង​យ៉ាង​ដូច្នេះ​ពី​សេតវិមាន​នៅប៉ុន្មាន​ម៉ោង​ក្រោយ​គណៈវិនិច្ឆ័យនៅ​ក្រុង Minneapolis បាន​ចេញ​ដីកា​សម្រេច​ទោស។ លោក Bidenត្រូវ​អម​ដោយអ្នកស្រី​អនុប្រធានាធិបតី Kamala Harris ដោយ​អ្នក​ទាំង​ពីរ​បាន​អំពាវនាវ​ឱ្យ​សភា​អាមេរិក​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​ក្នុង​ការ​កែទម្រង់​ស្ថាប័ន​ប៉ូលិស។

​ប្រធានាធិបតី Biden ថ្លែង​ថា៖ «វា​មិន​គ្រប់គ្រាន់​ទេ។ យើង​មិន​អាច​នៅ​ឈប់​ត្រឹម​នេះ​បានទេ»។

លោក Biden បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយពេល​លោកបាន​ទូរស័ព្ទ​ទៅ​កាន់​ក្រុមគ្រួសារ​លោក Floyd ដោយ​ប្រាប់​ពួក​គេ​ថា «យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ធូរ​ស្បើយ​ចិត្ត»៕

ប្រែសម្រួលដោយ​ស្រេង លក្ខិណា

អត្ថបទ​ទាក់ទង

XS
SM
MD
LG