ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​ជំងឺ​បេះដូង​ថា លោក Floyd មិន​មែន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ឬ​ការប្រើ​ថ្នាំ​ញៀន​លើស​កម្រិត​នោះ​ទេ


នៅក្នុង​រូបគំនូរ​នេះ គឺ​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​បេះដូង​លោក Jonathan Rich ពេល​លោក​ផ្តល់​សក្ខីកម្ម​នៅ​ឯ​សវនាការ​រឿង​ក្តី​របស់​អតីត​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin ទាក់ទងនឹង​មរណភាព​របស់​លោក George Floyd នៅ​ក្រុង Minneapolis ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​បេះដូង​លោក Jonathan Rich បាន​ផ្តល់​សក្ខីកម្ម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក George Floyd ដែល​បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាលពី​ឆ្នាំ​មុន មិន​បាន​ស្លាប់​ដោយ​សារ​រោគ​គាំង​បេះដូង ​ឬ​ការ​ប្រើ​ថ្នាំ​ញៀន​លើស​កម្រិត​នោះ​ទេ ហើយ​គាត់​អាច​នៅ​រស់រាន​មាន​ជីវិត ប្រសិនបើ​គាត់​មិន​ត្រូវ​បាន​លោក Derek Chauvin ដែល​ជា​មន្ត្រី​ប៉ូលិស ប្រើ​ជង្គង់​សង្កត់​ក​អស់​រយៈពេល​ជាង ៩ នាទី​នោះ។

លោក​វេជ្ជបណ្ឌិត Jonathan Rich ដែលជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Northwestern បាន​ប្រាប់​គណៈវិនិច្ឆ័យ​តុលាការ​នៅឯ​ការ​កាត់ទោស​លោក Chauvin នៅ​ក្នុង​ទីក្រុង Minneapolis ថា ប្រសិនបើ​លោក Floyd «មិន​ត្រូវ​បាន​សង្កត់​ដូច​នៅ​ពេល​នោះ​ទេ ខ្ញុំ​គិត​ថា គាត់​នឹង​នៅ​មាន​ជីវិត»។

លោក Eric Nelson មេធាវី​ការពារ​ក្តី​របស់​លោក Chauvin បាន​អះអាង​ថា លោក Floyd ដែល​មាន​អាយុ ៤៦ ឆ្នាំ បាន​ស្លាប់​ដោយសារ​ការ​ប្រើ​ថ្នាំ​ញៀន​ហួស​កម្រិត និង​ដោយសារ​បញ្ហា​សុខភាព​ដែល​មាន​ជាប់​នឹង​ខ្លួន មិនមែន​ដោយសារ​វិធី​ដែល​លោក Chauvin ចាប់​ខ្លួន​គាត់​កាលពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ​មុន ពី​បទ​សង្ស័យ​ប្រើ​ក្រដាស​ប្រាក់ ២០ ដុល្លារ​ក្លែងក្លាយ​នោះ​ទេ។

លោក Chauvin អាយុ ៤៥ ឆ្នាំ មិន​បាន​សារភាព​ទទួល​កំហុស​ពី​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម​និង​មនុស្ស​ឃាត​ដោយ​អចេតនា​នៅ​ក្នុង​សំណុំរឿង​របស់​លោក Floyd នេះ​ទេ៕

XS
SM
MD
LG