វីដេអូដែលបានត្រូវផ្សព្វផ្សាយដោយពួកប៉ូលិសនៅក្នុងក្រុង Charlotte រដ្ឋ North Carolina បានបង្ហាញពីការប្រឈមមុខដាក់គ្នាដ៏ប្រល័យមួយរវាងប៉ូលិសនិងបុរស Keith Lamont Scott ដែលជាបុរសស្បែកខ្មៅអាយុ៤៣ឆ្នាំដែលបានត្រូវបាញ់ស្លាប់កាលពីថ្ងៃអង្គារ។ ការបង្ហាញវីដេអូនេះនាំឱ្យមានកុប្បកម្មនៅក្នុងក្រុងធំបំផុតនៃរដ្ឋ North Carolina។
វីដេអូទាំងពីរដែលថតដោយកាម៉េរ៉ានៅជាប់នឹងរាងកាយ និងកាម៉េរ៉ាដាក់នៅជិតកញ្ចក់ឡានខាងមុខដែលពួកប៉ូលិសបានបង្ហាញត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ នៅក្រោយមានការអំពាវនាវច្រើនថ្ងៃដោយក្រុមបាតុករឱ្យបង្ហាញរូបតាមវីដេអូទាំងនេះជាសាធារណៈ។
វីដេអូមួយក្នុងបណ្តាវីដេអូទាំងនេះបង្ហាញឱ្យឃើញលោក Scott ចេញពីឡានលោកហើយបានដើរទៅខាងឆ្វេង ឈរនៅក្នុងកន្លែងចតឡានប្រមាណ៣វិនាទីនៅមុនពេលលោកត្រូវបានបាញ់ ហើយដួលទៅលើដី។
វីដេអូទីពីរមិនបានបង្ហាញឱ្យឃើញលោក Scott នៅមុនពេលលោកដួលនៅលើដីទេ។ ស្នូរសំឡេងនៃវីដេអូនេះបានត្រូវលប់ចោលចំនួន២៣វិនាទីដំបូង។
រហូតមកដល់ពេលនេះ វាជាថ្ងៃទី៥ហើយនៃការធ្វើបាតុកម្មប្រឆាំងនឹងការបាញ់នេះ។ បាតុកម្មប្រព្រឹត្តទៅដោយសន្តិវិធីទោះបីជាមានការបង្ហារញវីដេអូទាំងនេះក៏ដោយ។ កាលពីថ្ងៃអាទិត្យ បាតុកររាប់សិបនាក់បានស្រែកបន្ទរថា «ជីវិតពួកជនស្បែកខ្មៅមានសារៈសំខាន់!» នៅខាងក្រៅការប្រកួតកីឡាបាលអោបអាមេរិកាំងប្រចាំអាជីពរវាងពួកកីឡាករក្រុម Carolina Panthers និងពួកកីឡាករ ក្រុម Minnesota Vikings នៅក្នុងក្រុង Charlotte។
លោក Cam Newton កីឡាករល្បីឈ្មោះនៃក្រុម Panthers បានពាក់អាវយឺតមួយមានបោះពុម្ពប្រសាសន៍របស់លោក Martin Luther King Jr. ឥស្សរជនល្បីឈ្មោះបំផុតខាងសិទ្ធិពលរដ្ឋដែលសរសេរថា «ការមានអយុត្តិធម៌នៅកន្លែងណាមួយជាការគំរាមកំហែងដល់យុត្តិធម៌នៅគ្រប់ទីកន្លែង»។
សំណួរសំខាន់អំពីការបាញ់ប្រហារនេះគឺ «តើលោក Scott មានកាន់កាំភ្លើងឬទេនៅពេលដែលប៉ូលិសបញ្ជាឱ្យលោកចេញពីឡាន?» មិនបានត្រូវឆ្លើយទេ ទោះណាជាមានការផ្សព្វផ្សាយវីដេអូទាំងនេះក៏ដោយ៕