ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Clinton និង​លោក ​Trump ព្យាយាម​ដណ្ដើម​ការ​គាំទ្រ​ពី​ប៉ូលិស


លោក Donald Trump​ ថ្លែង​ក្នុង​យុទ្ធនាការ​មួយ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Erie។

បេក្ខជន​ប្រធានាធិបតី​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Hillary Clinton និង​គូរ​ប្រជែង​របស់​លោកស្រី​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Donald Trump សុទ្ធ​តែ​កំពុង​ព្យាយាម​ដណ្តើម​ការ​គាំទ្រ​ពី​ប៉ូលិស នៅ​គ្រា​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​មន្ត្រី​អនុវត្ត​ច្បាប់ និង​ពលរដ្ឋ​អាមេរិកាំង​ ដើម​កំណើត​អាហ្វ្រិក។

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA គឺ​អ្នកស្រី Zlatica Hoke បាន​រាយការណ៍​ថា លោកស្រី Clinton បាន​ជួប​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​នាំ​មុខ​គេ​ មក​ពី​ទាំង​ប្រទេស ក្នុងទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​លោក Trump បាន​ធ្វើ​ទស្សនកិច្ច​នៅ​ស្ថានីយ​ប៉ូលិស​ក្នុង​មូលដ្ឋាន​មួយ​នៅ​រដ្ឋ North Carolina ។

លោក Trump បាន​ថ្លែង​សុន្ទរកថា​នៅ​ក្រុង Charlotte នៃ​រដ្ឋ North Carolina ដោយ​សម្ដែង​ការ​គាំទ្រ​របស់​លោក ចំពោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ​នៅ​រដ្ឋ Louisiana ប៉ុន្តែ​ នៅ​ពេល​ដែល​លោក ប្តូរ​ប្រធានបទ​ទៅ​រក​របៀបវារៈ​នយោបាយ​របស់​លោក​នោះ លោក​ Trump បាន​ផ្តល់​អាទិភាព​ខ្ពស់​ទៅ​លើ​ច្បាប់ ​និង​សណ្តាប់ធ្នាប់​វិញ។

លោក Trump បាន​ថ្លែង​អំពី​ភាព​គួរ​ឲ្យ​សង្វែង​នៃ​ស្ថានភាព​សន្តិសុខ សេដ្ឋកិច្ច សុខុមាលភាព​និង​អនាគត​របស់​អាមេរិក ដោយ​បាន​ស្តីបន្ទោស​ទៅលើ​គណបក្ស​ប្រជាធិបតេយ្យ ជាពិសេស​ទៅលើ​ លោកស្រី Clinton ដែល​លោក​បាន​ហៅ​ម្តង​ហើយ​ម្តង​ទៀត​ថា ជា​មនុស្ស​កុហក។

​លោក Trump ថ្លែង​ថា ប្រសិនបើ​លោក​ជាប់​ឆ្នោត ក្លាយ​ជា​ប្រធានាធិបតី នោះ​ភាព​វឹកវរ​ និង​អំពើ​ហិង្សា នឹង​ចប់យ៉ាង​ឆាប់​រហ័ស។

ក្រុម​អ្នក​រិះគន់​ និយាយ​ថា លោក​ Trump បាន​បង្ខំ​ចិត្ត​ប្ដូរ​គណៈគ្រប់គ្រង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក ប៉ុន្តែ​លោក​អះអាង​ថា លោក​មិន​ចង់​ឲ្យ​គេ​បង្ខំ​រូប​លោក​ឲ្យ​ធ្វើ​ដូច​អ្នក​នយោបាយ​ទូទៅ​នោះ​ទេ។

លោកស្រី Clinton មាន​ប្រសាសន៍​ថា គណៈគ្រប់គ្រង​យុទ្ធនាការ​ថ្មី​របស់​លោក​ Trump មិន​អាច​ប្តូរ​លោក Trump ​បាន​ទេ ដោយ​លោកស្រី​ថ្លែង​ថា លោក Trump អាច​ជួល ​និង​បណ្ដេញ​នរណា​ក៏​បាន ឲ្យ​តែ​លោក​ចង់ ចេញ​ពី​យុទ្ធនាការ​របស់​លោក។

លោកស្រី ថ្លែង​ថា គេ​អាច​ឲ្យ​លោក​ Trump អាន​ពាក្យ​ថ្មីៗ​ពី​ផ្ទាំង​កញ្ចក់​ដែល​បង្ហាញ​អក្សរ​រត់​នោះ​បាន ប៉ុន្តែ លោក​ Trump នៅ​តែ​ជា​មនុស្ស​ដដែល។

​យុទ្ធនាការ​របស់​លោកស្រី Clinton ក៏​បាន​ផ្ដោត​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។ ប៉ុន្តែ នៅ​ក្នុង​ជំនួប​របស់​លោកស្រី ក្នុង​ទីក្រុង​ញូវយ៉ក ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​កំពូលៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នោះ លោក​ស្រី ក៏​បាន​សង្កត់​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ភ្ជាប់​គម្លាត​ និង​ការ​បែកចែក​រវាង​ប៉ូលិស​ និង​សហគមន៍​ដែល​ពួកគេ​បម្រើ​ផង​ដែរ៕

XS
SM
MD
LG