ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ច្បាប់​ថ្មី​នៅ​ក្នុង​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក ដាក់​កម្រិត​ចំពោះ​អ្នក​ដែល​មាន​សិទ្ធិ​មើល​វីដេអូ​ក្នុង​កាមេរ៉ា​ដែល​ដាក់​នៅ​លើ​ខ្លួន​ប៉ូលិស


ស្រ្តី​ពីរ​នាក់​អោប​គ្នា​ នៅ​ពេល​ពួកគេ​មើល​ប៉ូលិស​ម្នាក់​នៅ​ក្នុង​ក្រុង Charlotte ក្នុង​ពេល​បាតុកម្ម​មួយ​ទៅ​លើ​ការ​បាញ់​ប្រហារ​ទៅ​លើ​លោក Keith Scott ក្នុង​ក្រុង Charlotte រដ្ឋ North Carolina កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

មាន​ការ​ចាប់​អារម្មណ៍​ដែល​មាន​ការ​កើន​ឡើង​របស់​សាធារណជន​ទូទៅ​ចំពោះ​ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដាក់​ជាប់​នឹង​ខ្លួន​របស់​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​សហគមន៍​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ប៉ូលិស​បាន​ប្រើ​កាមេរ៉ា​សុវត្ថិភាព​ដាក់​នៅ​ក្នុង​រថយន្ត​របស់​ពួកគេ​តាំង​ពី​យូរ​ណាស់​មក​ហើយ សម្រាប់​ថត​សកម្មភាព​ផ្សេងៗ​ក្នុង​អំឡុង​ពេល​ពួកគេ​បញ្ឈប់​រថយន្ត​ល្មើស​ច្បាប់​ចរាចរណ៍។ ប៉ុន្តែ ការ​ដាក់​កាមេរ៉ា​នេះ​នៅ​ជាប់​នឹង​ដង​ខ្លួន​របស់​មន្ត្រី​ប៉ូលិស​ទាំង​នោះ គឺ​សម្រាប់​ថត​សកម្មភាព​ណា​ដែល​មិន​ស្ថិត​នៅ​ក្នុង​បរិវេណ​ដែល​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​រថយន្ត​របស់​ប៉ូលិស​អាច​ថត​បាន។

ប៉ុន្តែ ចំពោះ​សាធារណជន​មាន​ចម្ងល់​ថា អ្នក​ណា​មាន​សិទ្ធិ​មើល​សកម្មភាព​ដែល​ថត​បាន​នៅ​ក្នុង​កាមេរ៉ា​ដាក់​ជាប់​នឹង​ខ្លួន​នេះ?

នៅ​ក្នុង​រដ្ឋ North Carolina ដែល​នៅ​សប្ដាហ៍​នេះ មាន​ការ​តវ៉ា​បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការ​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ក្នុង​ក្រុង Charlotte នោះ គេ​ឃើញ​ច្បាប់​ថ្មី​មួយ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែ​តុលា ខាង​មុខ ដែល​ច្បាប់​នេះ​ចែង​ថា វីដេអូ​ដែល​ថត​បាន​នៅ​ក្នុង​កាមេរ៉ា​ដែល​នៅ​ជាប់​នឹង​ខ្លួន​ប៉ូលិស​នោះ មិន​មែន​សម្រាប់​សាធារណជន​ទូទៅ​មើល​នោះ​ទេ។

ច្បាប់​នេះ​ដាក់​កម្រិត​យ៉ាង​តឹងតែង​ចំពោះ​អ្នក​ណា ដែល​អាច​មើល​វីដេអូ​នៅ​ក្នុង​កាមេរ៉ា​នោះ​បាន។ ច្បាប់​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា ផ្នែក​មួយ​ចំនួន ឬ​ផ្នែក​ទាំង​ស្រុង​នៃ​វីដេអូ​នេះ​មិន​អាច​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ឃើញ​នោះ​ទេ ដរាប​ណា​មាន​ការ​សម្រេច​ពី​តុលាការ។

អ្នក​ដែល​ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា មិន​ថា​ជា​រូបភាព​របស់​អ្នក​នោះ ឬ​គ្រាន់​តែ​ជា​សំឡេង​នោះ​ទេ អាច​មាន​សិទ្ធិ​ស្នើ​តុលាការ​ឲ្យ​ចេញ​ដឺកា​បង្គាប់​ឲ្យ​បង្ហាញ​វីដេអូ​នោះ​បាន។ ហើយ​អ្នក​តំណាង​របស់​កុមារ​ដែល​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​នោះ មិន​ថា​ជា​រូប ឬ​ជា​សំឡេង​របស់​កុមារ​នោះ​ទេ ក៏​អាច​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​បាន​ដែរ៕

XS
SM
MD
LG