ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន​វៀតណាម​ព្រម​ព្រៀង​មិន​ឈូស​ឆាយ​ដីព្រៃ​សម្បទាន

  • សុខ ខេមរា

ប្រជាពលរដ្ឋ​ជនជាតិ​ភាគ​តិច​ទំពួន រស់នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី ដែល​ទទួល​រងគ្រោះ​ដោយ​សារ​ការ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន។ (Courtesy Photo)

ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Hoang Anh ​Gia Lai​ (HAGL)​ ដែល​បាន​ទទួលដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កៅស៊ូ​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​មិន​ឈូសឆាយ​ និង​មិន​អភិវឌ្ឍ​លើ​ដី​ពលរដ្ឋ​ចំនួន​៣​ភូមិ​ក្នុង​ចំណោម​ភូមិ​ជាង​១០​របស់​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ។

ក្រោយពី​កិច្ច​ប្រជុំ​ពីរថ្ងៃ​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​របស់​ជនជាតិ ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Hoang Anh ​Gia Lai​ (HAGL)​ ដែល​បាន​ទទួលដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កៅស៊ូ​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​មិន​ឈូសឆាយ​ និង​មិន​អភិវឌ្ឍ​លើ​ដី​ពលរដ្ឋ​ចំនួន​៣​ភូមិ​ក្នុង​ចំណោម​ភូមិ​ជាង​១០​របស់​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ។​

សេចក្តី​ថ្លែងការណ៍​រួម​មួយ​ចេញពី​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន​ Hoang​ Anh ​Gia Lai ​បាន​បញ្ជាក់​ថា៖​ ក្រុមហ៊ុន​យល់​ព្រម​ថា​ នឹង​មិន​ឈូស​ឆាយ​ មិន​អភិវឌ្ឍ មិនជ្រៀតជ្រែក មិនទន្ទ្រាន ​មិន​ប៉ះពាល់​ដល់ដី​របស់​អ្នកភូមិ​កាជូត ​ភូមិកេត​ និង​ភូមិណាយ​ រួមមាន​ដី​ដែល​សហគមន៍​ទាំង​នេះ​ប្រើប្រាស់​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​នោះ​ទេ​ ទោះ​ដោយ​វិធី​ណា​ក៏​ដោយ ​នា​ពេល​បច្ចុប្បន្ន​ ឬ​អនាគត។​

កិច្ចព្រម​ព្រៀង​ដូចនេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ខេត្ត​សៀមរាប​ ដែលមាន ​តំណាង​ក្រុមហ៊ុន ​តំណាង​អង្គការ​អង្គេតការណ៍​ តំណាង​សារ​ជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC) ​របស់​ធនាគារ​ពិភពលោក​ និង​តំណាង​ពលរដ្ឋបាន​ចូលរួម​ផង​ដែរ។​

លោក ​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ ដែល​បាន​ជួយ​ផ្នែក​ការ​តស៊ូ​មតិ​បាន​អបអរ​សាទរ​ចំពោះ​ការ​បញ្ឈប់​ការ​ឈូសឆាយ​ដីភូមិ​ចំនួន​៣​ដែល​មិន​ទាន់​រងការ​ប៉ះពាល់​នេះ។​

«យើង​គិត​ថា​ នេះ​ជា​សញ្ញា​មួយ​ល្អ​សម្រាប់​យើង ដែល​ធ្វើការ​ជាមួយ​គ្នា​ទាំង​ សហគមន៍​ក៏ដូច​ជា​ខាង​ក្រុមហ៊ុន​ ព្រោះ​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ​ក្រុមហ៊ុន​ចង់​ធ្វើការ​អភិវឌ្ឍឲ្យ​មាន​ការ​ចូលរួម​ជាមួយ​សហគមន៍​ជាមួយអ្នក​ដែល​ពាក់​ព័ន្ធ​ ព្រោះ​ថា​ដីសម្បទាន​ដែល​គាត់​ទទួល​បាន​គឺ​មាន​រយៈ​ពេល​យូរ»។​

លោក​ សាល់ ហ្នើយ ​តំណាង​ពលរដ្ឋ​រងគ្រោះ​ម្នាក់ ​ដែល​ចូលរួម​ក្នុងកិច្ច​ប្រជុំ​នោះ​ដែរ ​បានថ្លែង​ថា​ ទោះ​ជា​មាន​ការ​ត្រូវគ្នា​ទាក់ទង​នឹងភូមិ​ចំនួន​៣​មែន​ តែការ​ពិភាក្សា​ដោះ​ស្រាយ​នៅ​បន្ត​ទៀត ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​ការ​ប៉ះពាល់​នៅ​ភូមិ​ជាង​១០​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច។​

«នៅ​តវ៉ា​តទៅ​ទៀត។ ក្នុង​កិច្ចប្រជុំ​ យើង​ពិគ្រោះ​យោបល់​អ្វី​ដែល​យើង​មិន​ទាន់ ឯកភាព​គ្នា។ យើង​ត្រូវ​ដោះស្រាយ​គ្នា​ឲ្យ​វា​សមស្រប​តាម​នីតិវិធី»។​

ក្រុមហ៊ុន​វៀតណាម ​Hoang ​Anh ​Gia ​Lai ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ឈូស​ឆាយ​ដី​សម្បទាន​ចំនួន​៤៧.០០០​ហិកតា​ក្នុងខេត្ត​រតនគីរី​ ក្រោយពី​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១០​ ដែល​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អះអាង​ថា ​បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ និង​មិនផ្ទាល់​ដល់​ពលរដ្ឋ​យ៉ាងតិច​២​ពាន់​គ្រួសារ។​

ក្រុម​ជនជាតិ​ដើមភាគ​តិច​ចំនួន​១៧ ក្នុង​ខេត្ត​រតនគីរី​ភាគ​ឦសាន​ ប្រទេស​កម្ពុជា និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ បាន​ដាក់​ពាក្យ​ប្តឹង​រួមគ្នា​មក​កាន់​សារជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​(IFC)​ ដែល​ជាផ្នែក​មួយ​របស់​ធនាគារ​ពិភព​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែលគេ​រក​ឃើញ​ថា ​ស្ថាប័ន​នេះ​មានការ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ ​Hoang ​Anh ​Gia ​Lai ​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ បំផ្លាញ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ បំផ្លាញ​វប្បធម៌​ និង​បរិស្ថាន។ស្ថាប័ន​ IFC​ បាន​ចុះ​ត្រួត​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ​ដែរ​កន្លង​មក។​

លោក​ ដេវីដ ប្រេត​ (David Pred)​នៃ​អង្គការ ​Inclusive ​Development ​International ​(IDI) ​ដែល​ជា​អង្គការ​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ ​បាន​អះអាង​ថា​ ការ​ព្រមព្រៀង ​ដែល​ធានា​ថា ​ដី​របស់​ពលរដ្ឋ​ចំនួន​៣ភូមិ​នេះ​មិន​រង​ការ​ឈួស​ឆាយ​ មាន​សន្តិសុខ ​ដោយសារ​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​នេះ​ គឺ​ជា​ជំហាន​សំខាន់​ណាស់​ក្នុងការ​រារាំង​ផល​ប៉ះពាល់។​ តែ​ភាគី​ទាំងពីរ​នឹង​បន្ត​ការ​ ពិភាក្សា​គ្នា​លើដី​ដែល​បាន​ឈូស ឆាយ​ ហើយ​ដែល​លោក​និយាយ​ថា ​ការ​ពិភាក្សា​កំពុង​ឈាន​ដល់​ដំណាក់​កាល​លំបាក។​

«ពេល​នេះ​ការ​ពិភាក្សា​គ្នា​រក​វិធី​ដោះ​ស្រាយ​ថា​ តើ​ផល​ប៉ះពាល់​ទាំងនោះ​ត្រូវ​សង​សំណង​ដល់​ពលរដ្ឋ​វិញ​ឬ​យ៉ាងណា​នោះ កំពុង​ឈាន​ដល់ការ​លំបាក​ខ្លាំង​ឡើងៗ»។​

លោក​ថ្លែង​ថា ​ពលរដ្ឋបាន​រង​ផល​ប៉ះពាល់​ខ្លាំងណាស់​ ដូចជា​បាត់បង់​ព្រៃឈើ​ ព្រៃ​អារក្ស​ដែល​ជន​ជាតិដើម​ភាគតិច​ពឹង​ផ្នែក​លើ​សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​ពួក​គេ​ កន្លែង​កប់ខ្មោច​តាម​ប្រពៃណី​ ទំនៀម​ទម្លាប់​ពួកគេ​ អ្នក​ខ្លះ​បាត់បង់​ដី​ស្រែ​ចម្ការ​វិល​ជុំ។ ​សហគមន៍​ខ្លះ​បាត់​បង់​ដី​ទាំងស្រុង ដោយសារ​ក្រុមហ៊ុន​នេះ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រឹបអូស​យក។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ភាគី​ក្រុមហ៊ុន ​និង​អ្នក​ភូមិ​នឹង​ពិភាក្សា​ជាមួយ​នឹង​ អាជ្ញាធរ ដើម្បី​ធ្វើ​ប្លង់ និង​បោះព្រំដី​សម្រាប់​ពលរដ្ឋ​ចំនួន​៣​ភូមិ​នោះ។​ ហើយ​លោក​ថ្លែង​ថា ​ការ​បន្ត​ពិភាក្សា​នៅ​សៀមរាប​នោះ​នឹងធ្វើ​ដល់ថ្ងៃ​ទី២០ ​ខែកញ្ញា​ខាង​មុខ​បន្ទាប់​ពី​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញាមក៕

XS
SM
MD
LG