ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លាលែង​ពី​តំណែង​ ​ខណៈ​ភាពយន្ត​ខ្មែរ​ខ្វះ​ការ​គាំទ្រ


លោក ឆាយ បូរា ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា។
លោក ឆាយ បូរា ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា។

លោក​ ​ឆាយ បូរ៉ា បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ជា​ប្រធានសមាគម​ភាពយន្ត​កម្ពុជា​ទាំង​ពាក់​កណ្តាល​អាណត្តិ​ ​ក្រោយ​ដឹកនាំ​សមាគម​អស់​រយៈពេល​៣ឆ្នាំ​​​​​ ទុក​ពេល​ឲ្យ​អ្នក​ផ្សេង​ដឹកនាំ​ជំនួស​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មិន​មាន​ការ​យកចិត្ត​ទុកដាក់​ ​ស្រប​ពេល​ដែល​ការ​គាំទ្រ​ខ្សែ​ភាពយន្ត​ខ្មែរ​កំពុង​ធ្លាក់​ចុះ។

បន្ទាប់​ពី​បាន​ដឹកនាំ​សមាគម​ភាពយន្ត​កម្ពុជា​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​ប្រធាន​សមាគម​ដែល​បាន​ផលិត​ខ្សែ​ភាពយន្ត​រហូត​មាន​ភាព​ល្បីល្បាញ​ ​និង​បាន​ចូល​រួម​ប្រកួត​ប្រជែង​រង្វាន់​អូស្ការ បាន​សម្រេចចិត្ត​លាលែង​ចេញពី​តំណែង​ទាំង​ពាក់​កណ្តាល​អាណត្តិ​ ​ដោយ​មូលហេតុ​ថា​«វិស័យ​ភាពយន្ត​ខ្វះ​ការ​គាំទ្រ»។

លោក​ ​ឆាយ​ ​បូរ៉ា​ ​ជា​អ្នកនិពន្ធ​ ​និង​ជា​អ្នក​ដឹកនាំ​រឿង«ឃ្លាត​ទៅ​សែន​ឆ្ងាយ»​ ​ដែល​ខ្សែ​ភាពយន្ត​ខ្នាត​វែង​មួយ​នេះ​ ​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​ខ្សែភាពយន្ត​ចំនួន៨​ ​នៃ​ខ្សែ​ភាពយន្ត​ចំនួន​១៤០​ ​ទូទាំង​ពិភពលោក​ ​ក្នុង​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​អូស្ការ​ ​កាលពី​ឆ្នាំ​២០១៣។​ ​ខ្សែ​ភាពយន្ត​ដែល​ផលិត​ផ្អែក​ទៅ​លើ​រឿង​ពិត​របស់​ម្ដាយ​ម្នាក់​ក្នុង​សម័យ​ខ្មែរក្រហម​នេះ​ក៏​ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ចំនួន​៧​ផ្សេង​ទៀត​ផង​ដែរ។

បន្ទាប់​ពី​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​សមាគម​ភាពយន្ត​ ​តាំង​ពី​ឆ្នាំ​២០១៥​មក​ ​លោក​ ​ឆាយ បូរ៉ា​ ​តែង​លើក​ឡើង​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ ​ជាពិសេស​ការ​តស៊ូ​មតិ​របស់​លោក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពង្រឹង​គុណភាព​ ​និង​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​ ​ការ​ស្នើ​ឲ្យ​ពន្យារ​ពេល​ការ​ប្រមូល​ពន្ធ​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​ ​ដើម្បី​ទុក​ពេល​ឲ្យ​ផលិតករ​ទទួល​បាន​ចំណូល​គ្រាន់បើ​ ​ក្នុង​ការ​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ ជា​ដើម។

ក្រោយ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​តំណែង​ជា​ប្រធាន​សមាគម​កាលពី​ថ្ងៃ​ទី១១​ ​ខែវិច្ឆិកា​ ​ដោយ​បាន​បង្ហាញ​ភាព​អាលោះ​អាល័យ​លើ​បណ្តាញ​សង្គម​ផង​នោះ​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​ប្រាប់ VOA ថា​ ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​តំណែង​ជា​ប្រធាន​សមាគម​ទាំង​ពាក់​កណ្តាល​អាណត្តិ ដោយសារ​លោក​ចង់​ផ្តោត​លើ​ការ​គ្រប់គ្រង​ផលិតកម្ម​របស់​លោក។​ ​លោក​បន្ត​ថា ​មូលហេតុ​នៃ​ការ​ចាកចេញ​របស់​លោក​ក៏​ដោយ​សារ​កង្វះ​ការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​លើ​បញ្ហា​ក្នុង​វិស័យ​ភាពយន្ត​ដែល​លោក​តែង​លើក​ឡើង​ ​ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​ ​ខណៈ​ដែល​វិស័យ​ភាពយន្ត​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។

អ្នក​និពន្ធ​ ​និង​ជា​អ្នក​ដឹកនាំ​រឿង​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ​ពន្យល់​ថា៖​ «បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​ហ្នឹង​ ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ដែល​យើង​មិន​អាច​ទៅដល់។អ៊ីចឹង​អ្វី​ដែល​យើង​មិន​អាច​ទៅដល់​ គឺ​យើង​ដោះស្រាយ​អត់​បាន។​ អ៊ីចឹង​បើ​យើង​នៅតែ​បន្ត​ទៅទៀត​ ​ក៏​យើង​នៅតែ​ទៅ​មិន។ សំឡេង​របស់​យើង​ក៏​ទៅ​មិនដល់​សេចក្តី​ស្នើសុំ​របស់​យើង​ក៏​ទៅ​មិន​ដល់។ អ៊ីចឹង​ដើម្បី​កុំ​ឲ្យ​ខាតពេល​ ​ពូ​គិត​ថា ​ពូ​លាលែង​ទៅ​ ​ហើយ​អ្នក​ផ្សេង​មក​ប្រហែល​ជា​គេ​មាន​សំឡេង​ខ្លាំង​ជាង​ ​ឮ​ជាង​ ​អាច​ទៅ​ដល់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​ ​ក៏ដូច​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ហ្នឹង​អាច​ចូលខ្លួន​មក​ជួយ​ដោះស្រាយ​ ​ជួយ​រំលែក​ទុក្ខ​ដល់​ផលិតករ»។

លោក​ ​ឆាយ​ ​បូរ៉ា​ ​គឺជា​អ្នក​និពន្ធ​ ​អ្នក​ដឹកនាំ​ ​និង​អ្នក​សម្តែង​ ​ដែល​បាន​ចាប់​ផ្តើម​ការ​សិក្សា​ផ្នែក​សម្តែង​ ​និង​ផលិតភាព​យន្ត​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​ ​តាំងពី​អំឡុង​ឆ្នាំ​១៩៨០​មក។​ ​លោក​បាន​ចាប់ផ្តើម​ប្រឡូក​ចូល​វិស័យ​ភាពយន្ត​ក្នុង​ឆ្នាំ​២០០៨​ ​ហើយ​រឿង​ដែល​លោក​និពន្ធ​ ​និង​ដឹក​នាំ​ទទួល​បាន​ពាន​រង្វាន់​ជាបន្តបន្ទាប់​ ​ដែល​ភាគ​ច្រើន​ជា​ពាន​រង្វាន់​អន្តរជាតិ។​

លោក​ ​ឆាយ បូរ៉ា​ ​បាន​បន្ថែម​ថា​ ​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នូវ​វិស័យ​ភាពយន្ត​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ ​គឺ​បណ្តាល​មក​ពី​កង្វះ​ការ​យកចិត្ត​ទុកដាក់​ពី​ស្ថាប័នរដ្ឋ​ ​ខ្វះ​ការ​ពង្រឹង​គុណភាព​ ​និង​សមត្ថភាព​របស់​អ្នក​និពន្ធ​ ​និង​អ្នក​ដឹកនាំ​រឿង​ជាដើម។​ ​លោក​បន្ត​ថា​ ​រដ្ឋាភិបាល​គួរ​បង្កើត​ស្ថាប័ន​បណ្តុះ​បណ្តាល​វិស័យ​ភាពយន្ត​ឲ្យ​បាន​ទូលំ​ទូលាយ​ ​បង្កើត​មូលនិធិ​សម្រាប់​គាំទ្រ​ដល់​ការ​ផលិត​ខ្សែ​ភាពយន្ត​ ​ជាពិសេស​គាំទ្រ​ដល់​អ្នក​ផលិត​ដែល​ខ្វះខាត​ ​សម្រួល​ដល់​ការ​និពន្ធ​ ​និង​ផលិត​ខ្សែភាពយន្ត​ ​ធ្វើ​យ៉ាង​ណា​ជំរុញ​ ​និង​លើក​ទឹកចិត្ត​ផលិតករ​ឲ្យ​ផលិត​ខ្សែ​ភាពយន្ត​ដែល​មាន​គុណភាព​ឲ្យ​កាន់តែ​ច្រើន។​

អ្នក​និពន្ធ​ ​និង​ជា​អ្នក​ដឹកនាំ​រឿង​ជើងចាស់​រូប​នេះ​ ដែល​ជា​ម្ចាស់​ផលិតកម្ម​ដើម​ត្នោត​បាន​បន្ថែម​ថា​ ​វិស័យ​ភាពយន្ត​គឺ​ជា​ប្រភព​សេដ្ឋកិច្ច​ ការ​អប់រំ ​និងផ្សព្វផ្សាយ​កិត្យានុភាព​ជាតិ​ទៅ​បរទេស​ ដូច្នេះ​លោក​ថា​ ​កម្ពុជា​នឹង​ត្រូវ​បាន​អន្តរជាតិ​ស្គាល់​កាន់តែ​ច្រើន​ ​ប្រសិន​បើ​វិស័យ​ភាពយន្ត​ខ្មែរ​មាន​ការ​រីក​ចម្រើន។​

លោក​មាន​ប្រសាសន៍​ថា៖​

«វា​មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​នូវ​អរិយធម៌​ ​វប្បធម៌​របស់​ប្រទេស​ជាតិ​ហ្នឹង​ទៅ​កាន់​ពិភព​លោក​ដើម្បី​ឲ្យ​គេ​មក​ទស្សនា​ទេ។​ ​យើង​មើល​ដូច​រឿង​ ​Tomb Rider​ ​ដែល​គេ​ថត​នៅ​ប្រាសាទ​តាព្រហ្ម អ្នក​ទេសចរ​ណា​ក៏​ដោយ​ ឲ្យ​តែ​មក​អង្គរវត្ត​គឺ​គាត់​សុំ​ទៅ​មើល​ប្រាសាទ​តាព្រហ្ម ​ដែល​មាន​ដើម​ឈើ​ធំ ​ដើម​ស្ពង់​ធំ​ដុះ​លើ​ថ្ម។​ អាហ្នឹង​គឺ​ជា​និមិត្ត​រូប​របស់​ប្រទេស​ខ្មែរ​ដែរ ​បាន​ទៅ​ដល់​ពិភពលោក​ គេ​មក​រក​ហើយ។ ​អ៊ីចឹង​វា​នាំ​ឲ្យ​មាន​កិត្យា​នុភាព​របស់​ជាតិ»។​

លោក​ ​ឆាយ​ ​បូរ៉ា​ ​ក៏​ជា​អ្នក​និពន្ធ​ ​និង​ដឹកនាំ​រឿង​ដែល​មាន​ចំណង​ជើង​ថា​ ​៣​កន្លះ​ ​ដែល​ជា​រឿង​លាត​ត្រដាង​ពី​អំពើ​ជួញដូរ​ផ្លូវភេទ​ ​ជាពិសេស​គឺ​ការ​ទិញ​ ​និង​លក់​ព្រហ្មចារីយ៍​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា។​ ​ក្រោយ​បញ្ចប់​ការ​ថត​កាល​ពី​ឆ្នាំ​២០១៣​ ​រឿង​៣​កន្លះ​របស់​លោក ឆាយ​ ​បូរ៉ា ត្រូវ​បាន​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​ដោយ​យោង​លើ​មូលហេតុ​ថា​ ​ឈុត​ឆាក​មួយ​ចំនួន​ក្នុង​សាច់​រឿង​នោះ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា។​

ក្រោយ​មក​រឿង​៣​កន្លះ​ត្រូវ​បាន​សម្រេច​ឲ្យ​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​២០១៦​ ​ដោយ​មាន​ការ​កាត់​ឈុត​មួយ​ចំនួន​ចោល។​

លោក​ ​អ៊ិន សុភិន​ ​អនុ​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ និង​ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស​បាន​លើក​ឡើង​ថា​ ​លោក​មាន​ការ​សោក​ស្តាយ​ដែល​លោក​ ឆាយ បូរ៉ា​សម្រេច​ចាក​ចេញ​ពី​តំណែង​ជា​ប្រធាន​សមាគម។​ ​លោក​បន្ថែម​ថា​ ​ លោក​ ​ឆាយ បូរ៉ា​ ​និង​ក្រុម​ការងារ​ក្នុង​សមាគម​តែង​ស្វែង​រក​ការ​គាំទ្រ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ ​ខណៈ​ដែល​បញ្ហាមួយ​ចំនួន​កំពុង​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ ប្រសិន​បើ​មិន​មាន​ការ​ដោះ​ស្រាយ។

លោក​បញ្ជាក់​ថា៖​

«សំខាន់​គឺ​យើង​កាត់​បន្ថយ​ការ​នាំ​ចូល​ខ្សែភាព​យន្ត​បរទេស​ឲ្យ​បាន​ច្រើន​ ​ហើយ​ផលិត​ករ​ខ្មែរ​ហ្នឹង​ត្រូវ​រក​ដៃ​គូ​សហការ​ឲ្យ​បាន​ល្អ​ដើម្បី​បង្កើន​គុណភាព​ ឬ​មួយ​បង្កើន​ការ​ផលិត​ឲ្យ​បាន​ល្អ។​ បើ​យើង​មើល​រំលង​ចំណុច​ពីរ​ហ្នឹង ​ភាពយន្ត​ខ្មែរ​នឹង​ធ្លាក់​ចុះ»។​

វិស័យ​ភាពយន្ត​ខ្មែរ​បាន​ឈាន​ដល់​ចំណុច​កំពូល​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​ទសវត្ស​១៩៦០​ ​ប៉ុន្តែ​បាន​ដាំ​ក្បាល​ធ្លាក់​មក​វិញ​យ៉ាង​គំហុក​ចាប់​តាំងពី​ទសវត្ស​១៩៧០​មក។​ ​ទើបតែ​នៅ​ទសវត្ស​ចុងក្រោយ​នេះ​ទេ​ ​ដែល​គេ​ឃើញ​មាន​ការ​រើប​ឡើង​វិញ​បន្តិច​ម្តងៗ​ ​ដោយ​មាន​ផលិតករ​ ​ផលិត​ស្នាដៃ​ដែល​មាន​គុណ​ភាព​មួយ​ចំនួន។​

យ៉ាងណាក្តី​ ​ក្នុង​ពេល​បច្ចុប្បន្ន​ គេ​ឃើញ​នៅ​តាម​រោង​ភាពយន្ត​ភាគ​ច្រើន​នៅ​កម្ពុជា​តែង​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នាំចូល​ពី​បរទេស​ច្រើន​ជាង​ខ្សែ​ភាពយន្ត​ខ្មែរ។​

លោក​ ​សៅ សុខនី​ ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​រោង​ភាព​យន្ត​ ​Major Cineplex​ ​ដែល​ជា​រោង​ភាពយន្ត​ធំ​មួយ​នៅ​កម្ពុជា ​បាន​ប្រាប់​ ​VOA​ ​ថា ​រោង​ភាពយន្ត​របស់​លោក​មាន​ចំនួន​៤​នៅ​ទូទាំង​ប្រទេស ​និង​តែង​នាំ​យក​ភាពយន្ត​បរទេស​ចំនួន​១៦០ និង​ខ្សែ​ភាពយន្ត​ខ្មែរ​ចំនួន​៤០​ ​មក​ចាក់​ផ្សាយ​ជា​រៀង​រាល់​ឆ្នាំ។ ​លោក​បន្ថែម​ថា​ ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ​ការ​គាំទ្រ​ខ្សែ​ភាពយន្ត​ខ្មែរ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ​រហូត​ដល់​ទៅ​ជិត​ពាក់​កណ្តាល​នៃ​អ្នក​ទស្សនា។​

​លោក​មាន​ប្រសាសន៍​ថា៖​

«ក្នុង​មួយ​រឿង​ យើង​ធ្លាប់​បញ្ចាំង​បាន​មនុស្ស​ប្រមាណ​ជា​១​ម៉ឺន​នាក់​ជា​មធ្យម​នៅ​ក្នុង​រោង​របស់​ពួក​ខ្ញុំ។​ វា​ធ្លាក់​នៅសល់​ប្រហែល​ជា​៤​ពាន់​ ​៥​ពាន់​ ​ទៅ​៦​ពាន់​ រឿង​ខ្លះ។​ អ៊ីចឹង​វា​មាន​ការ​ធ្លាក់​ច្រើន​ ហើយ​ការ​ធ្លាក់​ហ្នឹង​ក៏​យើង​សង្កេត​ទៅ​វា​មាន​កត្តា​២។​ កត្តា​មួយ​ គឺ​រឿង​ខ្មែរ​យើង​ផលិត​ឆ្នាំ​នេះ​ គឺ​ភាគច្រើន​មិន​សូវ​ល្អ មាន​ល្អ​មួយៗ​ដែរ​ ​តែ​និយាយ​រួម​គឺ​អត់​សូវ​ល្អ។​ អ៊ីចឹង​ទៅ​ វា​ធ្វើ​ឲ្យ​អ្នក​មើល​គាត់​អត់​សូវ​ចង់​មើល។​ ទី​២​គឺ​រោង​ភាព​យន្ត​បើក​ថែម​ច្រើន​ អ៊ីចឹង​មនុស្ស​ចែក​គ្នា​ទៅ​ទីកន្លែង​ផ្សេង»។​

ទោះ​យ៉ាងណា​លោក​ថា​ ​រោង​ភាពយន្ត​របស់​លោក​បាន​និង​កំពុង​ជួយ​ជំរុញ​ឲ្យ​ខ្សែ​ភាពយន្ត​ខ្មែរ​មាន​គុណភាព​ខ្លាំង​ ​តាមរយៈ​ការ​ស្វែង​យល់​ពី​អ្នក​ទស្សនា ​និង​ត្រៀម​ការ​សហការ​ផលិត​ខ្សែ​ភាពយន្ត​បន្ថែម។​

កាលពី​ខែ​តុលា ឆ្នាំ​២០១៧​ ​រដ្ឋាភិបាល​បាន​សម្រេច​លើ​ការ​រឹត​បន្តឹង​ពន្ធ​លើ​វិស័យ​ខ្សែ​ភាពយន្ត​ ​ដែល​មាន​ប្រភេទ​ពន្ធ​មួយ​ចំនួន​ត្រូវ​បង់​ជា​រៀងរាល់​ខែ​ ​ពន្ធ​បង់​ប្រចាំ​ឆ្នាំ​ ​និង​ពន្ធ​បង់​តាម​ចំនួន​ភាពយន្ត​ដែល​ត្រូវ​បាន​ផលិត។​ ​ចំណែក​ផលិតករ​ខ្សែ​ភាពយន្ត​ក៏​ត្រូវ​បង់ពន្ធ​ទៅ​លើ​ការ​ជួល​សម្ភារៈ​ ​ការ​ជួល​ទីតាំង​ថត​ ​ពន្ធ​លើ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ ​អាករ​លើ​តម្លៃ​បន្ថែម​ប្រចាំ​ឆ្នាំ​ ​និង​ពន្ធ​កាត់​ទុក​លើ​ចំណូល​ជាដើម។

នា​ពេល​នោះ​ ​ទាំង​លោក​ ​ឆាយ​ ​បូរ៉ា​ ​និង​អ្នក​ផលិត​ខ្សែ​ភាពយន្តមួយ​ចំនួន​ទៀត​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ការ​យក​ពន្ធ​នេះ​ ​ដោយ​លើក​ឡើង​ថា​ ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ក្មេង​ខ្ចី​ ​មិន​គួរ​ត្រូវ​បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​នៅ​ពេល​នោះ​ទេ។​ ​ប៉ុន្តែ​ការ​ស្នើសុំ​របស់​ពួកគេ​ត្រូវ​បរាជ័យ។​

លោក​ ​ប៉ុក បូរក្ស​ ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ កម្ពុជា​នាំ​ចូល​ខ្សែ​ភាពយន្ត​បរទេស​ចំនួន​ពី​១៦០​ទៅ​១៧០​រឿង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ចាក់​បញ្ចាំង​ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​រោង​ភាពយន្ត​ជិត​១៥.០០០​កៅអី​នៅ​ទូទាំង​ប្រទេស​ ស្រប​ពេល​ដែល​ខ្សែ​ភាពយន្ត​ខ្មែរមាន​ចំនួន​៣០​រឿង​ក្នុង​មួយ​ឆ្នាំ។ ​លោក​បន្ត​ថា ​បច្ចុប្បន្ន​ការ​គាំទ្រ​ខ្សែ​ភាពយន្ត​ខ្មែរ​មាន​ការ​ធ្លាក់ចុះ​ ដោយ​សារ​កង្វះ​ធនធាន ​និង​ថា ​ការ​ផលិត​របស់​ផលិតករ​ខ្មែរ​មិន​មាន​អ្វី​ប្លែក។

លោក​បញ្ជាក់​ថា៖​

«គឺ​វា​មាន​ភាព​ដដែលៗ​នៃ​ការ​ផលិត​របស់​យើង​ហ្នឹង ​គឺ​ធ្វើ​ឲ្យ​ទស្សនិកជន​គាត់​មាន​ភាព​ឆ្អែតឆ្អន់​នៃ​ភាព​ដដែល​នៃ​ការ​ផលិត​ហ្នឹង។​ ហើយ​បើ​យើង​មើល​ជារួម ​បញ្ហា​គឺ​យើង​អាច​ទទួល​ស្គាល់​បាន​ថា ​វា​នៅ​មាន​បញ្ហា​ខ្វះ​នូវ​ធនធាន​របស់​យើង​នៅ​ក្នុង​ការ​ផលិត គឺ​នៅ​ខ្វះ​ធនធាន​នៅ​ឡើយ។​ ដូច្នេះ​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​កម្រិត​គុណភាព​របស់​យើង​ហ្នឹង​មិន​ទាន់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ទស្សនិកជន​បាន​ទាំង​ស្រុង​ទេ»។​

លោក​ ​ប៉ុក បូរក្ស​ ​បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ​ជា​អន្តរជាតិ​ ដូច្នេះ​ការ​នាំ​ចូល​ខ្សែ​ភាពយន្ត​បរទេស​មិន​អាច​ហាម​ឃាត់​បាន​នោះ​ទេ។​ ទោះ​យ៉ាង​ណា​លោក​ថា ក្រសួង​វប្បធម៌​កំពុង​រៀប​ចំ​ការ​បណ្តុះ​បណ្តាល​ ​និង​សម្រប​សម្រួល​ដល់​ការ​ផលិត​ភាពយន្ត​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ​មាន​ភាព​ប្រសើរ​ឡើង។​

លោក​មាន​ប្រសាសន៍​ថា៖​

«ភាពយន្ត​បរទេស​ត្រូវ​មាន​កម្រិត​មួយ​តឹងតែង​ ​ឲ្យ​មាន​ថ្លៃ​ដើម​នៃ​ការ​នាំ​ចូល​ខ្ពស់ ​ឬ​ក៏​ការ​សម្រប​សម្រួល​លើ​ការ​ផលិត​ក្នុង​ស្រុក​យើង​ហ្នឹង​ ឲ្យ​មាន​ភាព​ងាយ​ស្រួល ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ឲ្យ​ពួក​គាត់​ហ្នឹង​ផលិត​បាន។ ​ទី២​ក៏​យើង​បាន​រៀបចំ​បណ្តុះ​បណ្តាល​អ្នក​ជំនាញផ្នែក​សរសេរ​ ផ្នែក​ដឹកនាំ​រឿង​ដើម្បី​ឲ្យ​ពួក​គាត់​ក្លាយ​ជា​ធនធាន​មនុស្ស​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​គុណភាព​ភាព​យន្ត​របស់​គាត់​ដែរ។​ អ៊ីចឹង​នេះ​ជា​វិធានការ​ដែល​យើង​បាន​ និង​កំពុង​រៀប​ចំ​ធ្វើ»។

បើទោះបី​ជា​ការ​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ​មាន​ការ​ធ្លាក់​ចុះ​ ​និង​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ភាព​យន្ត​បរទេស​ក្តី ​ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​និពន្ធ​ ​និង​ផលិតករ​វ័យ​ក្មេង​ជាច្រើន​ក៏​កំពុង​តែ​បញ្ជ្រៀប​ខ្លួន​ចូល​ក្នុង​វិស័យ​នេះ​ជា​បន្តបន្ទាប់។​

កញ្ញា​ ​សុធា អ៊ីណេស​ ​ផលិតករ​វ័យ​ក្មេង​មួយ​រូប​ដែល​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ពេល​ចាប់​ផ្តើម​អាជីព​របស់​ខ្លួន​ដំបូង​តាម​រយៈ​ភាពយន្ត​ខ្លី​រឿង​«អង្ករ»បាន​និង​កំពុង​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី ​និង​វែង​មួយ​ចំនួន​ទៀត​ជា​បន្ត​បន្ទាប់។​ ​ផលិតករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ប្រាប់​ VOA​ ថា ​ការងារ​ជា​ផលិតករមាន​ការ​លំបាក​ខ្លាំង​ ទាំង​អំឡុង​ពេល​ផលិត​ ​ជាពិសេស​កង្វះ​ខាត​ថវិកា​ ​ព្រម​ទាំង​ក្រោយ​ការ​ផលិត ​ដែលមិនមាន​ការ​គាំទ្រ ​ស្រប​ពេល​ដែល​ចំនួន​ភាពយន្ត​បរទេស​ត្រូវ​បាន​នាំ​ចូល​មក​ចាក់​បញ្ចាំង​ច្រើន​ជាង​ភាពយន្ត​ខ្មែរ។​

កញ្ញា​បន្ថែម​ថា ​វិស័យ​ភាពយន្ត​អាច​រីក​លូតលាស់​ទៅ​បាន​ ​លុះត្រា​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជា​ពិសេស​ការ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ។

កញ្ញា​បញ្ជាក់​ថា៖​

«សម្រាប់​ខ្ញុំ​ផ្ទាល់​ ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ហ្នឹង​ឲ្យ​បាន​ល្អ ​មានន័យ​ថា​ ឲ្យ​ប្រជាជន ​ឬ​ក៏​ប្រិយមិត្ត​ទស្សនិកជន​គាត់​ជឿជាក់​នៅលើ​ភាពយន្ត​ខ្មែ​ឡើង​វិញ គឺ​យើង​ត្រូវ​ការ​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រប់​ស្ថាប័ន​ទាំងអស់​ហ្នឹង​ ​តាំង​ពី​ការ​ផលិត​រហូត​ដល់​ការ​ចាក់​ផ្សាយ ​រហូត​ដល់​សារ​ព័ត៌មាន​ផ្សេងៗ»។​

ខ្សែ​ភាពយន្ត ​ដែល​ជា​វីដេអូ​មាន​រូបភាព ​និង​សំឡេង ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ផ្នែក​យ៉ាង​សំខាន់​មួយ​ជួយ​នាំ​យក​កេរ្តិ៍​ឈ្មោះ​ប្រទេស​ទៅ​កាន់​ឆាក​អន្តរជាតិ​ ​និង​ធ្វើ​ឲ្យ​បរទេស​ស្គាល់​ពី​វប្បធម៌ ​ប្រពៃ​ណី ​និង​របៀប​របប​រស់នៅ​របស់​ជាតិ​សាសន៍​មួយ​ជា​ដើម។​

លោក​ ​ឆាយ បូរ៉ា​ ​បារម្ភ​ថា​ ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​អាច​ឈាន​ទៅ​បាត់​បង់​ទាំង​ស្រុង​ ​ប្រសិន​បើ​នៅ​តែ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់។​

លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា​ ទាន់​មាន​ជំងឺ​ ​អ៊ីចឹង​ទាមទារ​ឲ្យ​យើង​ព្យាបាល​ ​ព្រោះ​មិន​ទាន់​ដាច់​ខ្យល់​ស្លាប់​នៅ​ឡើយ​ទេ​ ​ទើប​មាន​ជំងឺ​ទេ។​ ​បើ​យើង​ព្យាបាល​ទាន់​ពេល​វេលា​ ​យើង​អាច​រស់​បាន​ឡើង​វិញ​ ​ហើយ​យើង​មាន​កម្លាំង​ជាង​មុន​ ​ព្រោះ​យើង​ដឹង​ពី​ប្រព័ន្ធ​ ​យើង​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ។ ប៉ុន្តែ​បើ​យើង​ព្យាបាល​មិន​បាន​ទាន់​ពេល​វេលា​ ​គឺ​យើង​ស្លាប់​ហើយ»។​

យ៉ាងណា​ក្តី ​លោក​ ​ឆាយ បូរ៉ា​ រំពឹង​ថា​ អ្នក​ជំនាន់​ក្រោយ​ដែល​បន្ត​វេន​ដឹកនាំ​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ​នឹង​បន្ត​ការងារ​ពង្រឹង​វិស័យ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ឲ្យ​រីក​ចម្រើន​ឡើង​វិញ​ និង​អាច​ប្រកួត​ប្រជែង​ជាមួយ​ខ្សែ​ភាពយន្ត​បរទេស៕

XS
SM
MD
LG