ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​និង​ការថ្លោះធ្លោយ​ក្នុង​ការតាមដាន បាន​បង្ក​កង្វល់​ថ្មី​អំពី​ការឆ្លង​វីរុស​នេះ​នៅ​កម្ពុជា


រូបឯកសារ៖ ពលរដ្ឋកម្ពុជាមួយគ្រួសារ កំពុងធ្វើដំណើរតាមម៉ូតូ ដោយមានពាក់ម៉ាស់ នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋកម្ពុជាមួយគ្រួសារ កំពុងធ្វើដំណើរតាមម៉ូតូ ដោយមានពាក់ម៉ាស់ នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​ ទី​១១ ​ខែ​សីហា ​កម្ពុជា​ក៏​បាន​កត់ត្រា​ករណី​នាំ​ចូល​ថ្មី​ចំនួន​១៥​ មក​ពី​ប្រទេស​ហ្វីលីពីន ​និង​សហ​រដ្ឋ​អាមេរិក ​បង្កើន​ករណី​សរុប​ដល់​២៦៦។​

លិខិត​មួយ​ច្បាប់​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​លោក ​អ៊ុំ ឡេង ​ចៅ​សង្កាត់​សិត្បូ ​រាយ​ការណ៍​ទៅ​អភិបាល​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល​ បាន​ក្លាយ​ជា​ប្រធាន​រឿង​ដ៏​ចម្រូង​ចម្រាស​មួយ​ ទាក់ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា។​

លិខិត​នោះ​ឲ្យ​ដឹង​ថា​ ​ស្ត្រី​វ័យ​២៧​ឆ្នាំ​ម្នាក់​ ដែល​ជា​កង​កម្លាំង​មួកខៀវ​នៃ​ក្រុម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ ​ទើប​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ១៩ ​កាលពី​ថ្ងៃ​ទី៨​ ខែ​សីហា​ កន្លង​ទៅ ​ពេល​អ្នកស្រី​បាន​ទៅ​ដល់​គេហដ្ឋាន​ក្នុង​សង្កាត់​សិត្បូ​ទៅ​ហើយ។

លោក​ អ៊ុំ ឡេង​ បាន​រាយ​ការណ៍​ជូន​ថ្នាក់​លើ​របស់​លោក​ថា ​យោធិន​រូប​នេះ ​ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​ម៉ាលីវិញ ​និង​ក្រោយ​ពី​បាន​ទៅ​ដល់​គេហដ្ឋាន​កាលពី​ថ្ងៃទី​៣០​ ខែ​កក្កដា​ បាន​ចម្អិន​បាយ​សម្ល​ជូន​ចាស់ៗ​ ចែក​ប្រាក់​ក្មេងៗ​ ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូព្រឹក្ស ​ក្នុង​សង្កាត់​សិត្បូ ​មុន​នឹង​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ១៩ ​នៅ​ថ្ងៃទី​៨​ ខែ​សីហា។​

ការ​លើក​ឡើង​របស់​លោក​ អ៊ុំ ឡេង ​ក្នុង​លិខិត​នោះ​ ដែល​ក្រោយ​មក​ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ ​ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ។​

មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល​ផ្ទាល់​តែ​ម្ដង​ បាន​បរិយាយ​ការ​លើក​ឡើង​របស់​លោក​ អ៊ុំ ឡេង ​ថា​ «មិន​ត្រឹម​ត្រូវ ​គ្មាន​ប្រភព​ច្បាស់​លាស់»។​

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌មាន​ក្នុង​ស្រុក ​ លោក​អ៊ុំ ឡេង​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​សុវត្ថិភាព ​សុខុមាលភាព​ ​ប្រជាជន​ក្នុង​មូលដ្ឋាន​រដ្ឋបាល​របស់​លោក ​ ហើយ​ព័ត៌មាន​ដែល​លោក​បាន​រាយ​ការណ៍​ទៅ​អភិបាល​ក្រុង​តាខ្មៅ​គឺ​បាន​ពី​ការ​ចុះ​សាក​សួរ​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ​និង​អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យោធិន​វ័យ​២៧​ឆ្នាំ​រូប​នេះ​តែ​ម្ដង។​

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃ​អង្គារ ​ទី១១ ​ខែ​សីហា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល ​បាន​លើក​ឡើង​ថា​ សមាជិក​ក្រុម​គ្រួសារ​៩​រូប​ ដែល​រស់​នៅ​ជាមួយ​យោធិន​វ័យ​២៧​ឆ្នាំ​រូប​នេះ ​ ត្រូវ​បាន​ធ្វើ​តេស្ដ​ហើយ​លទ្ធផល​អវិជ្ជ​មាន​លើក​ទី​មួយ។​ លោក​បន្ត​ថា​ យោធិន​រូប​នេះ​ ពិត​ជា​បាន​ទៅ​វត្ត​ជម្ពូព្រឹក្ស​មែន ​កាល​ពី​ថ្ងៃ​ទី២ ​ខែ​សីហា។​

លោក ​គួយ​ ប៊ុនធឿន ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ប្រាប់​ VOA​នៅ​ថ្ងៃ​អង្គារ​ថា៖​

«គាត់​បាន​ទៅ​វត្ត​ពិត​មែន​ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ចង្ហាន់​ធ្វើអ្វី​ប្រគេន​ទេ ​គឺ​បង​ប្អូន ​ឪពុក​ម្ដាយ​គាត់​ជា​អ្នក​យក​ទៅ ​ហើយ​គាត់​បាន​ទៅ​ចូល​រួម តែ​គាត់​អត់​បាន​ទៅ​ប៉ះ​ពាល់​ជាមួយ​ព្រះ​សង្ឃ​ទេ។ ​ គាត់​អង្គុយ ​គាត់​ពាក់​ម៉ាស់ ​ពាក់​អី​ត្រឹម​ត្រូវ​របស់​គាត់។គាត់​បាញ់​អាល់កុល ​បាញ់​អី​សម្អាត​ត្រឹមត្រូវ​របស់​គាត់​ដែរ»។​

បន្ទាប់​ពី​ត្រឡប់​ពី​ប្រទេស​ម៉ាលី ​កាលពី​ថ្ងៃទី​១៤ ​ខែ​កក្កដា ​ ស្ត្រី​វ័យ​២៧​ឆ្នាំ​រូប​នេះ​ បាន​បញ្ចប់​ការ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ នៅ​ជំរុំ​យោធា​ពីរ​សប្ដាហ៍ ​និង​បាន​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​ក្នុង​សង្កាត់​សិត្បូ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល ​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​កក្កដា​ ហើយ​ត្រូវ​ធ្វើ​តេស្ដ​៥​ដង​ទើប​រក​ឃើញ​ជំងឺ​កូវីដ១៩។ ​នេះ​ បើ​យោង​តាម​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល។​

ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ការងារ​សុខាភិបាល​បាន​ចេញ​ទៅ​វត្ត​ជម្ពូព្រឹក្ស​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​ដើម្បី​ស៊ើបសួរ ​និង​ប្រមូល​សំណាក​ ពី​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​នៃ​សង្កាត់​សិត្បូ​មួយ​នេះ ​យក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។​

«ប៉ុន្តែ​ឥឡូវ​ដើម្បី​អស់​មន្ទិល ​យើង​ត្រូវ​ធ្វើ​[តេស្ដ]​ទាំង​អស់ ​អ្នក​ដែល​នៅ​ជុំវិញ​ មាន​បង​ប្អូន ​ គ្រួសារ​គាត់។​យើង​បាន​ធ្វើ​ហើយ​យើង​នឹង​បន្ត​ធ្វើ ​ដូច​ថា​ គាត់​ទៅ​វត្ត​អ៊ីចឹង ​យើង​ដើម្បី​អស់​មន្ទិល ​យើង​ពិនិត្យ​មើល​ព្រះសង្ឃ​អ៊ីចឹង»។​

ករណី​អ្នក​ជំងឺ​កូវីដ​ជា​ យោធិន​នេះ ​និង​ការ​ប្រទាំង​ប្រទើស​គ្នា​ រវាង​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​ និង​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថ្មី​បន្ថែម​ទៀត​ លើ​ការ​រាតត្បាត​នៃ​ជំងឺ​មួយ​នេះ​ចូល​ទៅ​សហគមន៍។​

លោក​ ម៉ម ​ប៊ុនហេង ​រដ្ឋមន្ត្រី​សុខាភិបាល​ បាន​លើក​ឡើង​កាល​ពីព្រឹក​ថ្ងៃអង្គារ​ថា ​«ហានិភ័យ​នឹង​អាច​កើត​មាន​ឡើង​គ្រប់​ពេល»។

ចំណែក​ករណី​លួច​រត់​ចេញ​ពី​មណ្ឌល​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ ការ​ពិនិត្យ​ប្រើ​ពេល​ច្រើន​ដង​ទើប​រក​ឃើញ​តេស្ដ​វិជ្ជមាន​ និង​កំណើន​យ៉ាង​គំហុក​នៃ​ចំនួន​អ្នក​ឆ្លង​ដែល​ធ្វើ​ដំណើរ​មក​ពី​បរទេស ​បាន​បង្កើន​ក្ដី​បារម្ភ​ជា​ថ្មី​សម្រាប់​អ្នក​តាម​ដាន ​ទាក់​ទិន​នឹង​ការ​ទប់​ស្កាត់​របស់​កម្ពុជា​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​ជា​សកល​កូវីដ១៩​នេះ។​

នៅ​ទូទាំង​ពិភពលោក​ក៏​ដូច​ជា​ក្នុង​តំបន់ ​ជំងឺ​កូវីដ១៩​ ហាក់​មិនទាន់​បង្ហាញ​សញ្ញា​ថមថយ​នៅ​ឡើយ ​ដែល​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ដល់​២០​លាន​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​អង្គារ ​ដែល​ក្នុង​នោះ​សហ​រដ្ឋ​អាមេរិក​ឈរ​នៅ​លើ​គេ​ មាន​អ្នក​ឆ្លង​៥​លាន​នាក់ ​ប្រទេស​ប្រេស៊ីល​ឈរ​នៅ​លំដាប់​ទីពីរ​ មាន​អ្នកឆ្លង​៣​លាន​នាក់។​

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​វិញ ​ការ​ងើប​កក្រើក​សាជា​ថ្មី​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​វៀតណាម ​និង​ប្រទេស​ហ្វីលីពីន ​បាន​នាំឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដែផ្ដាំ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។​

នៅ​ថ្ងៃ​អង្គារ​ ទី​១១ ​ខែ​សីហា ​កម្ពុជា​ក៏​បាន​កត់ត្រា​ករណី​នាំ​ចូល​ថ្មី​ចំនួន​១៥​ មក​ពី​ប្រទេស​ហ្វីលីពីន ​និង​សហ​រដ្ឋ​អាមេរិក ​បង្កើន​ករណី​សរុប​ដល់​២៦៦។​

រដ្ឋាភិបាល​កម្ពុជា​ បាន​បើក​ជើង​យន្តហោះ​ពី​ប្រទេស​ខ្លះ​វិញ ​តែ​ទើប​បាន​បិទ​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃទី១ ​ខែ​សីហា ​ហើយ​នៅថ្ងៃ​ទី​១៣ ​ខែ​សីហា ​ខាង​មុខ​ នឹង​បិទ​ជើង​យន្តហោះ​ជា​មួយ​ប្រទេស​ហ្វីលីពីន។

លោក​ ទឹម វរ៉ា ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព​ បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​កំណើន​នៃ​ករណី​នាំ​ចូល​នៃ​ជំងឺ​កូវីដ១៩។ ​លោក​ស្នើ​រដ្ឋាភិបាល​«ពិចារណា​ឡើង​វិញ»​ចាប់​យក​យុទ្ធសាស្ត្រ​នៃ​ការ​បត់​បែន​ផ្លាស់​ប្ដូរ​ថា​ប្រទេស​ណា​ដែល​មាន​ការ​ផ្ទុះ​ឆ្លង​ខ្លាំង​ត្រូវ​បិទ​ ហើយ​ប្រទេស​ណា​ដែល​ធូរស្រាល​អាច​បើក​ក្នុង​កម្រិត​មួយ។

«បើ​សិន​ជា​យើង​នៅ​តែ​បើក​ វា​អាច​នៅ​តែ​មាន​ការ​កើន​ឡើង ​ហើយ​កើន​ឡើងៗ​ទៅ។ ​ពេល​ដែល​មាន​ចំនួន​ហ្នឹង​កើន​ឡើង ​គឺ​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​គ្រប់​គ្រង។ ​យើង​បារម្ភ​ពី​រឿង​វា​អាច​នឹង​ឆ្លង​នៅ​ក្នុង​សហគមន៍​អ៊ីចឹង ​វា​ធ្វើឱ្យ​បញ្ហា​ហ្នឹង​កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត»។​

អ្នក​ធ្វើ​ការ​លើ​កិច្ចការ​សុខភាព​រូបនេះ​បាន​បន្ថែម​ថា​ ករណី​ដែល​ចំនួន​អ្នក​ឆ្លង​ដែល​នាំ​ចូល​បន្ត​កើន​ឡើង ​«វា​ប្រឈម​មុខ​ដែរ ​ក្នុង​ការ​ធ្វើ​ឱ្យ​បាន​សព្វ​គ្រប់​ជ្រុង​ជ្រោយ» ​ទាក់ទិន​នឹង​ការ​ធ្វើ​តេស្ដ​នៅ​ច្រក​ចេញ​ចូល ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​និង​ការ​រក្សា​គន្លាត​ពី​គ្នា ​ពេល​ធ្វើ​ដំណើរ។​

ជាក់​ស្ដែង​ករណី​យោធិន​ដែល​មក​ពី​ប្រទេស​ម៉ាលី ​ ត្រូវ​បាន​លោក ​ទឹម វរ៉ា ​លើក​ឡើង​ថា​ ជា​សញ្ញា​ដាស់​តឿន ​ ខណៈ​ការ​រក​ឃើញ​មេរោគ​ត្រូវ​បាន​បញ្ជាក់​ក្នុង​ការ​ធ្វើ​តេស្ដ​លើក​ទី​៥​ទៅ​ហើយ​ ​ ដែល​នាំ​ឲ្យ​លោក​បារម្ភ​ខ្លាច​ថា​សមត្ថភាព​គ្រប់​គ្រង​«មិន​មាន​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់» ​ពេល​មាន​កំណើន​និង​លំហូរ​ចូល​គំហុក​ពេក។​

ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ក៏​បាន​ក្លាយ​ជា​ចំណោទ​ផង​ដែរ ​ក្រោយ​មាន​ករណី​អ្នក​ស្នាក់​នៅ​លួច​រត់​ចេញ​ពីរ​លើក។​

ករណី​ដំបូង​ គឺ​ស្ត្រី​ខ្មែរ​អាមេរិកម្នាក់​បាន​លួច​រត់ចេញ​ពី​មណ្ឌល​នៅ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី​១៨ ​ខែ​កក្កដា ​ហើយ​ក្រោយ​មក​សមត្ថ​កិច្ច​បាន​រក​ឃើញ​អ្នកស្រី​នៅ​កន្លែង​ស្នាក់​នៅ​មួយ​ក្នុង​ខេត្ត​កំពង់ចាម។​

ចំណែក​បុរស​ខ្មែរ​ពីរ​រូប​ផ្សេង​ទៀត ​ដែល​លប​ចេញ​ពី​មណ្ឌល​ក្នុង​ក្រុង​ព្រៃវែង ​កាលពី​ថ្ងៃទី​៣ ​ខែ​សីហា ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច ​និង​មន្ត្រី​ជំនាញ​រក​ឃើញ​និង​នាំខ្លួន​ត្រឡប់​មក​វិញ​ដែរ។ ​នេះ​បើ​យោង​តាម​មន្រ្តី​សុខាភិបាល។​

ករណី​មួយ​ទៀត ​ទាក់​ទង​នឹង​«ការ​ប្រើ​ប្រាស់​ឱសថ​ហួស​កម្រិត»​ក្នុង​មណ្ឌល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ។ ​បុរស​ម្នាក់​ត្រូវ​បាន​សាច់​ញាតិ​យក​ថ្នាំ​ឱ្យ ​និង​បណ្ដាល​ឱ្យ​គាត់​ស្លាប់​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ ក្នុង​ស្រុក​ក្រូចឆ្មារ ​ខេត្ត​ត្បូងឃ្មុំ​តែ​ម្ដង។​ នេះ​បើ​យោង​តាម​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ។​

លោកស្រី​ សេង រាសី ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលកា​ បាន​ពន្យល់​ថា​ រដ្ឋ​គួរ​តែ​ពន្យល់ ​និង​បញ្ជ្រាប​ព័ត៌មាន​ការ​យល់​ដឹង​ដល់​ពលរដ្ឋ​បន្ថែម​ទៀត​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក ហើយ​ក៏​ត្រូវ​តែ​លើក​កម្ពស់​គុណភាព​រស់​នៅ ​និង​ស្ដង់ដារ​ផាសុកភាព ​សុខុមាល​ភាព​អនាម័យ ​ក្នុង​មណ្ឌល​ចត្តាឡីស័ក។​

អ្នកស្រី​ សេង រាសី​បាន​និយាយ​ប្រាប់​ VOA​ យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំមិន​ដឹង​ថា​ ក្រៅ​ពី​ការ​ថែទាំ​ផ្នែក​រាងកាយ​ខ្ញុំអត់​ដឹង​ថា​ក្នុង​មណ្ឌល​ចត្តាឡីស័ក​នោះ ​មាន​សេវា​ប្រឹក្សា​ផ្លូវ​ចិត្ត​ឬ​អត់ ព្រោះ​ជួន​កាល​មនុស្ស​មាន​អារម្មណ៍​ដូច​ខ្លួន​ត្រូវ​បាន​ជាប់​ឃុំ​ណា៎​ទៅ​ណា​អត់​រួច​ជា​ពិសេស​អ្នក​ដែល​មក​ពី​ក្រៅ ​មក​ដល់​ចង់​ឃើញ​បងប្អូន​ ហើយ​អត់​បាន​ជួប ​ទ្រាំ​អត់​ចង់​បាន»។​

អ្នក​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ ក៏​បាន​លើក​ឡើង​ជា​ការ​បារម្ភ​ផង​ដែរ​ ក្នុង​ចំណោម​សាធារណ​ជន ​ជា​ពិសេស​អ្នក​នៅ​ភ្នំពេញ​ដែល​ហាក់​មិន​សូវ​ប្រុង​ប្រយ័ត្ន​ដូច​ការ​ផ្ទុះ​ឆ្លង​រលក​ទីមួយ ​កាល​ពី​អំឡុង​ខែ​មីនា។​ អ្នកស្រី​អង្កេត​ឃើញ​ថា​ មាន​ការ​ពាក់​ម៉ាស់​តិច​ជាង​មុន​ ហើយ​ការ​ធ្វើ​ដំណើរ​ចរាចរណ៍​ទៅ​មក​ក៏​មាន​លក្ខណៈ​មមាញឹក​ដូចសព្វ​មួយ​ដង​វិញ។​

«ប្រហែល​ជា​ពួកគាត់​គិត​ថា ​ មើល​ទៅ​ស្ងប់ស្ងាត់​ហើយ ​មិនមែន​ជា​បញ្ហា​អ្វី​ទេ ​ ហើយ​ករណី​គាត់​មើល​ឃើញ​ថា​ នៅ​តិចតួច​អ៊ីចឹង​ទៅ​ណា៎ ។​គាត់​ប្រហែល​គិត​ថា​១០០​នាក់​ជាង​មុន​មើល​ជា​គ្រាន់​តែ​ប៉ុណ្ណឹង​នាក់​ទៀត​ បែប​មិន​អី​ទេ​មើល​ទៅ។ ​បែប​គាត់​គិត​ថា​អ៊ីចឹង​ណា៎»។​

មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​អ្នកស្រី ​ឱ វណ្ណឌីន ​និង​លោក​ លី សូវ៉ាន់ ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​នោះ​ទេ ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។​

តួលេខ​គិតត្រឹម​ថ្ងៃទី​៨ ​ខែ​សីហា ​ការ​ធ្វើតេស្ដ​សរុប​នៅ​កម្ពុជា​រក​វីរុស​កូរ៉ូណា ​មាន​ចំនួន ​៧១.៩២០​ដង ​ស្មើ​នឹង​ចំនួន​មនុស្ស​ធ្វើ​តេស្ដ​ ៥៥.៥០១​នាក់ ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​សរុប​២៧ ​ដែល​ត្រៀម​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ​ដោយមាន​គ្រែ​បម្រុង​ទុក​ចំនួន​១៣.៦៦៧ ​គ្រែ។​ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ​(WHO)។​

លោក ​ទឹម វរ៉ា ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព ​ បាន​បន្ថែម​ថា​ ប្រសិន​ជា​មាន​លទ្ធភាព រដ្ឋ​គួរ​ស្វះ​ស្វែង​រៀបចំ​ការ​ធ្វើ​តេស្ដ​ទ្រង់​ទ្រាយ​ធំ ​រក​ករណី​ដែល​នៅ​រាយ​ប៉ាយ​ដោយ​ចៃដន្យ​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​ក្នុង​ប្រទេស ​ដើម្បី​ធានា​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ទប់​ស្កាត់​ការ​ឆ្លង បន្ថែម​ទៅ​លើ​ការ​ទប់​ស្កាត់​ការ​ឆ្លង​ពី​ខាង​ក្រៅ៕

XS
SM
MD
LG