ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុញ្ញាត​លំហាត់​ប្រាណ​តាម​ទីសាធារណៈ ​ខណៈ​រឹត​បន្តឹង​ខ្លាំង​លើ​សេវា​កម្សាន្ត​នៅ​តាម​ក្លឹប​រាត្រី


រូបឯកសារ៖ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ហាត់ប្រាណ​នៅក្នុងបរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ផ្ដល់​ឲ្យ​ដោយ Tharum Bun)

រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​ទៅ​ហាត់​ប្រាណ​ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​ នៅ​តាម​រាជធានី​ខេត្ត​និង​នៅ​ក្នុង​បរិវេណ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​មាន​ការ​ចុះ​បង្រ្កាប​ក្លឹប​កម្សាន្ត​ និង​កន្លែង​ខារ៉ាអូខេ​មួយ​ចំនួន។​

ការ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​សកម្ម​ភាព​ហាត់​ប្រាណ​ និង​លេង​កីឡា​តាម​ទីធា្ល​សាធារណៈ​នៅ​ទូទាំង​ប្រទេស​នេះ​ធ្វើ​ឡើង​ ​ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ដែល​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​តាម​យន្ត​ហោះ​នៅ​បន្ត​កើន​ឡើង​រហូត​ដល់​២២៦​នាក់ ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។ ​ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ផ្អាក​ការ​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ផង​ដែរ។​

សេចក្តី​ប្រកាស​របស់​លោក ​ហង់ ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ចុះ​ថ្ងៃទី​២៨​ ខែ​កក្កដា​នេះ​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ឡើង​វិញ​នូវ​សកម្ម​ភាព​ហាត់​ប្រាណ​ និង​លេង​កីឡា​តាម​ទីធា្ល​សាធារណៈ​នៅ​ទូទាំង​ប្រទេស​ និង​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំ​ពិក​«លើក​លែង​តែ​សកម្ម​ភាព​ហាត់​ប្រាណ​តាម​ក្លឹប​កីឡា​ ដែល​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា»។​

ជា​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ក្រោយ​ការ​បើក​ឲ្យ​មាន​សកម្មភាព​លើក​កម្ពស់​សុខភាព​ឡើង​វិញ​នេះ ​ ក្រសួង​អប់រំ​បាន​ស្នើ​ឲ្យ​ទី​កន្លែង​ហាត់​ប្រាណ​ និង​លេង​កីឡា​ទាំង​អស់​ត្រូវ​បន្ត​«រក្សា​អនាម័យ​ជា​ប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ ទឹក​អាល់កុល​ដែល​សម្លាប់​មេរោគ ​ពាក់​ម៉ាស់​និង​វាស់​កម្តៅ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ ដោយ​រក្សា​ចម្ងាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​តិច​១,៥​ម៉ែត្រ។​ ទីកន្លែង​ហាត់​ប្រាណ​ និង​កន្លែង​លេង​កីឡា​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​និង​ធ្វើ​អនាម័យ​ជា​ប្រចាំ»។​

កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដារដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន​ដែល​មាន​ស្តង់ដារ​ខ្ពស់​ ចំនួន​២០​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ ក្រុង​សៀមរាប​ និង​ក្រុង​បាត់ដំបង​ដំណើរការ​ឡើង​វិញ​ក្នុង​អំឡុង​ខែ​សីហា។​ នេះ​ជាការ​អនុវត្ត​សម្រាប់​ដំណាក់​កាល​ទីមួយ។

ដោយ​ឡែក​ រដ្ឋាភិបាល​បន្ត​ហាម​ឃាត់​មិន​ឲ្យ​សេវា​កម្ម​ផ្តល់​ការ​កម្សាន្ត​មួយ​ចំនួន​បាន​ដំណើរ​ការ​ឡើង​វិញ​រួម​មាន​កឹ្លប​កម្សាន្ត​ពេល​រាត្រី​ និង​ហាង​ខារ៉ាអូខេ​ជា​ដើម។ ​ក្លឹប​កម្សាន្ត​ពេល​រាត្រី​និង​ហាង​ខារ៉ាអូខេ​ ត្រូវ​រដ្ឋាភិបាល​ស្នើ​ឲ្យ​ប្រែ​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​ដើម្បី​បង្កើត​ការងារ​ឡើង​វិញ។​

កម្លាំង​នគរបាល​ជាតិ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នានា​ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​ចុះ​ទៅ​ពិនិត្យ​និង​បង្ក្រាប​ទី​តាំង​កម្សាន្ត​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ស្លាក​យីហោ​ជា​ភោជនីយដ្ឋាន​ តែ​ផ្តល់​សេវា​ខារ៉ាអូខេ​ក្នុង​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​ និង​នៅ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។​

លោក​នាយ​ឧត្តម​សេនីយ៍​ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​នៅ​បន្ត​ដាក់​បម្រាម​មិន​ឲ្យ​ក្លឹប​កម្សាន្ត​ និង​ខារ៉ាអូខេ​ដំណើរការ​ទេ។​លោក​បន្ត​ថា​ កម្លាំង​នគរបាល​នឹង​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ​ណា​ ដែល​ល្មើស​បម្រាម​នេះ។​

«ខាង​កង​កម្លាំង​ខ្ញុំ​ គ្រាន់​តែ​អនុវត្ត​ច្បាប់​ទេ។​ បើ​ខុស​គេ​ហៅ​សុំ​ដើម្បី​ជា​កង​កម្លាំង​ ដើម្បី​ការពារ​អ្នក​អនុវត្ត​ច្បាប់​ ប៉ុណ្ណឹង។​តែ​អ្នក​ដាក់​ពិន័យ​ដាក់​អី​ ដាក់​អី​ អ្នក​អនុវត្ត​ច្បាប់​ ពាក់​ព័ន្ធ​ជាមួយ​ភោជនីយដា្ឋន​ ជា​មួយ​នឹង​ទេសចរណ៍​ ហ្នឹង​ អា​ហ្នឹង​រឿង​របស់​ខាង​មន្ទីរ​ទេសចរណ៍​ ឬ​របស់​ក្រសួង​ទេសចរណ៍​ទេ​តើ»។ ​

អ្នកស្រី ​អ៊ូ ទេពផល្លីន​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​សេវា​កម្ម​កម្ពុជា​ យល់​ថា ​ រដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ទៅ​ដល់​សហគមន៍។ ​

ទោះ​យ៉ាង​ណា​ អ្នក​ការពារ​សិទ្ធិ​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​រូប​នេះ​ កត់​សម្គាល់​ថា​ស្ត្រី​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​រង​ផល​វិបាក​ខាង​ហិរញ្ញ​វត្ថុ​ ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ពួក​ធ្លាក់​ចុះ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ អ្នកស្រី​អះអាង​ថា​ ស្ត្រី​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដូច​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ និង​វិស័យ​ទេសចរណ៍​ ហើយ​ស្ត្រី​ទាំង​នោះ​ ក៏​ត្រូវ​បាន​ផាត់​ចេញ​ពី​កម្ម​វិធី​ផ្តល់​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​សម្រាប់​គាំទ្រ​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ ​និង​ទីទ័ល​ក្រ​ផង​ដែរ។​

«អ៊ីចឹង​យើង​មើល​ឃើញ​ថា​ រាជ​រដ្ឋាភិបាល​បាន​ដើរ​រំលង​ទៅ​លើ​រឿង​គោល​ការណ៍​របស់​ខ្លួន​ដែល​លើក​ឡើង​ថា​មិន​ទុក​នរណា​ម្នាក់​ចោល។​ អ៊ីចឹង​ពលរដ្ឋ​ជាច្រើន​ ត្រូវ​បាន​ទុក​ពួក​គាត់​ចោល​នៅ​ពេល​ដែល​ស្ថាន​ភាព​ពិបាក​ហើយ​ គ្រោះ​អាសន្ន​ទៀត​ ហើយ​បាត់​ចំណូល​ទៀត។ ​ ហើយ​អ្នក​ខ្លះ​ អាច​នឹង​ប្រឈម​ការ​រើស​អើង​បាត់​បង់​ការងារ​ ទៅ​ទៀត។ ​អ៊ីចឹង​ធ្វើ​ឲ្យ​ពួក​គាត់​ហ្នឹង​រស់​ក្នុង​ស្ថាន​ភាព​មួយ​លំបាក​ណាស់​លំបាក​ហើយ​គឺ​លំបាក​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ខ្លាំង​តែម្តង​ការ​ហូបចុក​ ការ​រស់នៅ​ហ្នឹង។​អ៊ីចឹង​រាជ​រដ្ឋាភិបាល​ហ្នឹង​អត់​បាន​ក្រឡេក​មើល​ពួក​គាត់​ថា ​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សេដ្ឋកិច្ច​កន្លង​មក​ទេ»។​

អ្នកស្រី​ទេពផល្លីន​បន្ថែម​ថា​ស្ត្រី​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្ម​កម្សាន្ត​ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចូល​ក្នុង​ការ​ជួញ​ដូរ​ក្នុង​សម័យ​ទំនើប​តាម​ការ​ប្រថុយ​ប្រថាន​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​នៅ​ពេល​ស្ថានភាព​ជំងឺ​កូវីដ១៩​បាន​ធូរ​ស្បើយ​ ដោយ​សារ​ពួកគេ​មាន​បំណុល​ច្រើន​ក្នុង​ពេល​បាត់បង់​ការងារ​ និង​ប្រាក់​ចំណូល។​ អ្នកស្រី​បន្ត​ថា ​ស្ត្រី​គ្មាន​ការងារ​ធ្វើ​បាន​ងាក​ទៅ​រ​កប្រាក់​តាម​វិធី​ផ្សេងៗ​ដូច​ជា​ ស៊ី​ឈ្នួល​បោក​សម្លៀក​បំពាក់​តាម​ផ្ទះ​បក​ខ្ទឹម លាង​ចាន​តាម​ហាង​គុយទាវ​ ឬ​ជួយ​លក់​បាយ​ឲ្យ​គេ​ ដើម្បី​យក​មក​បង់​ថ្លៃ​ផ្ទះ​ជួល ​និង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ។​

បើ​តាម​សេចក្តី​ប្រកាស​របស់​ទីស្តី​គណៈ​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​៣​ ខែ​កក្កដា ​ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ក្លឹប​កម្សាន្ត​ និង​ខារ៉ាអូខេ​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្តា​ខេត្ត​ប្រែ​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​ ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​ និង​ផ្តល់​ការងារ​ឡើង​វិញ។​ដើម្បី​បាន​ដំណើរការ​អាជីវកម្ម​ក្នុង​នាម​ជា​ភោជនីយដ្ឋាន​ម្ចាស់​ក្លឹប​កម្សាន្ត​ និង​ខារ៉ាអូខេ​ត្រូវ​ស្នើ​សុំ​លិខិត​អនុញ្ញាត​អាជីវកម្ម​ពី​រដ្ឋបាល​រាជធានី​ខេត្ត​ និង​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួង​សុខាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​បណ្តា​កាស៊ីណូ​នៅ​ភ្នំពេញ​ គឺ​កាស៊ីណូ​ណាហ្គា​វើល​និង​កាស៊ីណូ​នៅ​ខេត្ត​ព្រះ​សីហនុ​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ តាម​តំបន់​ព្រំដែន​ និង​ទីតាំង​ផ្សេង​ទៀត​ ដោយ​ឲ្យ​ម្ចាស់​កាស៊ីណូ​ត្រូវ​ចុះ​កិច្ច​ព្រមព្រៀង​ឬ​អនុស្សរណៈ​ជាមួយ​ក្រសួង​សុខាភិបាល​ ឬ​មន្ទីរ​សុខាភិបាល​លើ​ការ​អនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល​ ដើម្បី​ដាក់​បុគ្គលិក​ឲ្យ​ធ្វើ​ការ​វិញ​និង​ជា​ការ​ជួយ​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG