ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវជើងយន្តហោះពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១ ខែសីហាឆ្នាំ២០២០ទៅ ដោយលើកឡើងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីអាជ្ញាធរសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងថ្មីចុងក្រោយបំផុតភាគច្រើនក្នុងចំណោមពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរវិលត្រឡប់ចូលកម្ពុជាពីក្រៅប្រទេសតាមរយៈការឆ្លងកាត់ ឬ បន្តជើងយន្តហោះពីប្រទេសទាំងពីរ។
ប៉ុន្តែការប្រកាសនេះ ធ្វើឡើងមួយថ្ងៃក្រោយពីប្រទេសម៉ាឡេស៊ី បានប្រកាសថា កម្ពុជា ត្រូវបានចាត់ទុកថា មានសក្តានុពលនៃការក្លាយជាតំបន់សេរីសម្រាប់ការធ្វើដំណើរក្នុងគ្រាកូវីដ១៩។ នេះបើយោងតាមកាសែត The New Straits Times ក្នុងប្រទេសម៉ាឡេស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
ប្រទេសកម្ពុជា មិនបានបិទជើងយន្តហោះទេ ទោះបីជាកន្លងមកប្រទេសនេះ បានហាមប្រាមអ្នកដំណើរពីប្រទេសមួយចំនួនដោយសារការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ការផ្អាកជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី មិនមានមូលហេតុអ្វីក្រៅតែពីការបង្ការ«ការដឹកជញ្ជូនវត្តមានកូវីដ១៩ចូលកម្ពុជា»ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃច័ន្ទទី២៧ ខែកក្កដា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន២២៥នាក់ ក្នុងនេះមាន១៤៧ នាក់បានជាសះស្បើយឡើងវិញ៕