ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​អ្នក​ដំណើរ​ឥណ្ឌា​ម្នាក់​មាន​ផ្ទុក​កូវីដ១៩


បដាផ្សព្វផ្សាយអំពីការការពារការឆ្លងជំងឺកូវីដ ១៩ នៅផ្សារណាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
បដាផ្សព្វផ្សាយអំពីការការពារការឆ្លងជំងឺកូវីដ ១៩ នៅផ្សារណាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

កម្ពុជា​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ ម្នាក់​ទៀតកាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ក្នុង​ប្រទេស​កើន​ដល់​២២៦​នាក់។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​ ទី​២៨ ​ខែ​កក្ក​ដា​ បាន​ឲ្យ​ដឹង​ថា​ ​អ្នក​ឆ្លងកូវីដ​ចុងក្រោយ​គេ​នេះ​ គឺ​ជា​បុរស​ជនជាតិឥណ្ឌាអាយុ​៣២ឆ្នាំ ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ម៉ាឡេស៊ី​និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​មុន​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃអាទិត្យ។

ការ​រក​ឃើញ​នេះ កើត​មាន​ឡើង​ក្រោយ​ពី​អាជ្ញាធរកម្ពុជា ​កាល​ពី​ថ្ងៃ​សៅរ៍​ ​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ឆ្នាំ​២០២០​ទៅ ​ដោយ​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក្រោយ​ពី​មន្ត្រី​កម្ពុជា​រកឃើញ​ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ​បំផុត​ភាគ​ច្រើន​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ដែល​បាន​ធ្វើ​ដំណើរពី​ឬ​ឆ្លង​កាត់ប្រទេស​ទាំង​ពីរ។

ប្រទេស​ឥណ្ឌា​នៅ​ពេល​នេះ​ក៏ជា​ប្រទេសអាស៊ី​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​ផង​ដែរ​រហូត​ជិត​១,៥​លាន​នាក់ ដែល​ជា​លំដាប់​ទី​៣​ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ប្រេស៊ីល នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins។

បច្ចុប្បន្ន​នេះ បុរស​ជនជាតិ​ឥណ្ឌារូប​នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ក្នុង​រាជធានី​ភ្នំពេញ។​

រហូត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​ទាំង​២២៦​នាក់​ មាន​១៤៧​នាក់ បាន​ជាសះ​ស្បើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG