ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Carter ​ជំរុញ​ឲ្យ​ចិន​បញ្ឈប់​ការ​ស្ថាបនា​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​សហរដ្ឋអាមេរិក​ លោក Carter (ស្តាំ) ទទួល​ស្វាគមន៍​ដោយ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេសសិង្ហបុរី Kirk Wagar នៅ​ខណៈ​លោក​មក​ដល់​ប្រទេស​សិង្ហបុរី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។
រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​សហរដ្ឋអាមេរិក​ លោក Carter (ស្តាំ) ទទួល​ស្វាគមន៍​ដោយ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេសសិង្ហបុរី Kirk Wagar នៅ​ខណៈ​លោក​មក​ដល់​ប្រទេស​សិង្ហបុរី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។

លោក ​Ash Carter​ រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ក្លាយជា​មហា​អំណាច​សន្តិសុខ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ​ហើយ​លោក​រដ្ឋ​មន្រ្តី ​បាន​ទាម​ទារ​ឲ្យ​ចិន​បញ្ឈប់​ការ​ស្ថាបនា​កោះជាបន្ទាន់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស ​Carter ​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ទៅ​កាន់​កំពង់​ផែ Pearl Harbor ​នៃ​កោះ​ហាវ៉ៃ​ ថា​ប្រទេស​ទាំង​អស់​ក្នុត​តំបន់អាស៊ី ​រួមមាន​ប្រទេសចិន​ផង ​ត្រូវ​តែ​បញ្ឈប់​ជម្លោះ​ខាង​យោ​ធា​របស់​ខ្លួន​លើ​ប្រជុំ​កោះ​ហើយ​ដោះ​ស្រាយ​បញ្ហានោះ​ដោយ​សន្តិវិធី។

លោក​រដ្ឋ​មន្រ្តី Carter​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖​ «យើង​ចង់​បាន​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ដល់​ជម្លោះ​ទាំង​អស់ហើយ​នឹង​បញ្ឈប់​ការ​ទាម​ទារ​ទឹក​ដី​ដោយ​ប្រទេស​ណា​មួយ។ យើង​ក៏ជំ​ទាស់​ប្រឆាំង​ជម្លោះ​ខាង​យោ​ធា​ដែរ។ សកម្មភាព​របស់​ចិន ​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​រួប​រួម​គ្នា​ក្នុង​របៀប​ថ្មី​មួយ។ ពួកគេ​កំពុង​បង្កើន​ការទាម​ទារ​ឲ្យ​អាមេរិក​ពាក់​ព័ន្ធ​ក្នុង​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក។

លោក ​Carter​ មាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក​នឹងហោះ​ហើរ ​បើកបរ​នាវា​ហើយ​និង​ប្រតិបត្តិការ​ទៅ​តាម​ច្បាប់​អន្តរជាតិ​បាន​អនុញ្ញាត។

ចិន​បាន​ទាម​ទារ​ទឹក​ដី​ទាំង​នោះ​ហើយ​កំពុង​ស្ថាបនា​កោះ​សិប្បនិមិត្តនៅ​ក្នុង​តំបន់​ប្រជុំ​កោះ Spratlys ដែល​ប្រទេស​អាស៊ី​មួយ​ចំនួន​បាន​ទាម​ទារត្រួតត្រា ​រួមមាន​ប្រទេស​ចិន ​ម៉ាឡេស៊ី​ វៀត​ណាម​និង​ប្រទេស​ហ្វីលីពីន។ ក៏ប៉ុន្តែ ​ចិន ជា​មហា​អំណាច​ខាង​យោ​ធា ​មាន​ភាព​គគ្លើន​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ការ​ទាម​ទារ​ទឹក​ដី​នោះ៕

XS
SM
MD
LG