លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Ash Carter បានការពារយ៉ាងខ្លាំងដល់សិទ្ធិរបស់អាមេរិកក្នុងការហោះហើរលើកោះសិប្បនិមិត្តដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងស្ថាបនាក្នុងសមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែ លោកបានបង្ហើបតិចតួច មុនពេលនៃដំណើរបំពេញទស្សនៈកិច្ចទៅកាន់តំបន់អាស៊ីនៅសប្តាហ៍នេះអំពីអ្វីដែលសហរដ្ឋអាមេរិក នឹងធ្វើដើម្បីទប់ស្កាត់ការខំប្រឹងប្រែងស្ថាបនាកោះនោះ នេះតាមការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Carter បានឆ្លើយតបដល់ការត្អូញត្អែររបស់ចិនអំពីការហោះហើររបស់យោធាសហរដ្ឋអាមេរិកលើប្រជុំកោះនោះ ដោយនិយាយថា៖ «គ្មានកំហុសពីបញ្ហានេះទេ ហើយសហរដ្ឋអាមេរិក នឹងហោះហើរ បើកបរនាវានិងប្រតិបត្តិការនៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត»។
សេចក្តីអត្ថាធិប្បាយរបស់លោក បានកើតមានឡើងនៅពេលដែលមានការតវ៉ាជាផ្លូវការរបស់ចិនពីការហោះហើរដោយយន្តហោះស៊ើបការណ៍សម្ងាត់ប្រភេទ P-8A Poseidon របស់សហរដ្ឋអាមេរិកលើតំបន់ថ្មប៉ប្រះទឹក ដែលចិនកំពុងទាមទារទឹកដីហើយក៏កំពុងស្ថាបនាកោះនោះ។ សារដ៏ខ្លាំងរបស់លោក Carter បានបញ្ជូនសញ្ញានៃការចាប់ផ្តើមដំណើរបំពេញទស្សនៈកិច្ចរយៈពេល១១ថ្ងៃរបស់លោកទៅកាន់តំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក ដោយមានការឈប់សំចតនៅប្រទេសសឹង្ហបូរី វៀតណាមនិងប្រទេសឥណ្ឌា។
ក៏ប៉ុន្តែ លោករដ្ឋមន្រ្តីការពារប្រទេស Carter បានធ្វើការបញ្ជាក់តិចតួចពីអ្វីដែលសហរដ្ឋអាមេរិក មានបំណងនឹងធ្វើខាងផ្នែកការទូតនិងយោធា ដើម្បីធ្វើឲ្យចិនបញ្ឈប់ការស្ថាបនាកោះនោះ។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់អាមេរិកនិយាយថា មានការពិភាក្សាអំពីការហោះហើរយន្តហោះយោធានិងការយាមល្បាតកាន់តែច្រើនឡើងនៅក្នុងសមុទ្រចិនខាងត្បូងជិតកន្លែងស្ថាបនាកោះនោះ៕