ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កប៉ាល់​ដឹក​រ៉ែ​ធ្យូង​ថ្ម​របស់​កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​ដំណើរ​នៅ​ក្បែរ​ប្រទេស​វៀតណាម


រូបឯកសារ៖ កប៉ាល់​ដឹក​ធ្យូង​ថ្ម Wise Honest របស់​កូរ៉េ​ខាង​ជើង។

កប៉ាល់​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​រ៉ែ​ធ្បូង​ថ្ម​របស់​កូរ៉េ​ខាង​ជើង​ ​មាន​តម្លៃ​៣​លាន​ដុល្លារ កំពុង​ធ្វើ​ដំណើរ​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​វៀតណាម ដើម្បី​ស្វែង​រក​កន្លែង​ចូល​ចត។

កប៉ាល់​ឈ្មោះ​ Dong Thanh ​របស់​វៀតណាម​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្រោម​ទង់ជាតិ​ប៉ាណាម៉ា ​បាន​ចូល​ក្នុង​ផ្ទៃ​ទឹក​វៀតណាម ​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ ដោយ​មាន​ផ្ទុក​រ៉ែ​ធ្យូងថ្ម​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ។ កប៉ាល់​នេះ​បាន​ធ្វើ​ដំ​ណើរកាត់​ដែនទឹក​អន្តរជាតិ ​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ​អស់​រយៈ​ពេល២ខែ ​បន្ទាប់​ពី​ប្រទេស​ទាំង​២​នោះ ​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ដែន​ទឹកខ្លួន​។

រ៉ែ​ធ្យូង​ថ្ម​នៅ​ក្នុង​កប៉ាល់ ​Dong Thanh​ ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​កប៉ាល់​ឈ្មោះ ​Wise Honest ​របស់​កូរ៉េ​ខាង​ជើង​ដែល​ឥឡូវ​នេះត្រូវ​បាន​សហរដ្ឋអាមេរិក​ឃាត់​ទុក​នៅ​ដែនដី American Samoa ​របស់​ខ្លួន។ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​រឹបអូស​យក​កប៉ាល់ ​Wise Honest​ នេះ​កាល​ពី​ដើម​ខែ​ឧសភា ​ដោយ​ចោទប្រ​កាន់​ថា ​កប៉ាល់​នេះ​បាន​ដឹក​ជញ្ជូន​រ៉ែ​ធ្យូង​ថ្ម​របស់​កូរ៉េ​ខាង​ជើង​ដែល​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​និង​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។

មុន​ការ​ចាត់​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ឃាត់​ទុក​កប៉ាល់ Wise Honest ​នេះ​អស់​រយៈ​ពេល​ជាង​១ឆ្នាំ ​ដោយ​ចាប់​តាំងពី​ខែ​មេសា ឆ្នាំ​២០១៨​មក។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឃាត់​ទុក​កប៉ាល់​នេះ​ដោយសារ​តែ​មិន​មាន​ឯកសារ​ដឹក​ជញ្ជូន​ត្រឹម​ត្រូវ និង​បាន​រំលោភ​ច្បាប់​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី។

ក៏ប៉ុន្តែ ​តុលាការ​ស្រុក​ Balikpapan ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ជា​ទី​កន្លែងដែល​កប៉ាល់​នេះ​ត្រូវ​បាន​ឃាត់​ទុក ​បាន​អនុញ្ញាត​ឲ្យ​លក់​ធ្យូង​ថ្ម​នោះ​ ក៏ប៉ុន្តែឃាត់​ទុក​កប៉ាល់​នោះ ​នៅ​ពេល​ដែល​ឈ្មួញ​កណ្តាល​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង ​ស្នើសុំ​ឲ្យ​លក់​រ៉ែ​ធ្យូង​ថ្ម​ទាំង​នោះ។

តុលាការ​បាន​បង្គាប់​បញ្ជា​មិន​ឲ្យ​ឃាត់​ទុក​រ៉ែ​ធ្យូងថ្ម​ទៀត​ទេ ដោយ​ផ្អែក​លើ​វិញ្ញបនប័ត្រ​សម្គាល់​ប្រភព​ដើម​ដែល​បាន​បញ្ជាក់​ថា រ៉ែ​ធ្យូង​ថ្ម​នេះ​ត្រូវ​បាន​យក​មក​ពី​ប្រទេស​រុស្ស៊ី។

រូបឯកសារ៖ រូបថត​ពី​ផ្កាយ​រណប​ផ្ដល់​ដោយ​ក្រសួង​យុត្តិធម៌​បង្ហាញ​ពី​រូប​ភាព​កប៉ាល់ Wise Honest ចត​នៅ​កំពង់​ផែ​មួយ​ដែល​មិន​ស្គាល់​ឈ្មោះ។
រូបឯកសារ៖ រូបថត​ពី​ផ្កាយ​រណប​ផ្ដល់​ដោយ​ក្រសួង​យុត្តិធម៌​បង្ហាញ​ពី​រូប​ភាព​កប៉ាល់ Wise Honest ចត​នៅ​កំពង់​ផែ​មួយ​ដែល​មិន​ស្គាល់​ឈ្មោះ។

ពីព្រោះតែ​កប៉ាល់ ​Wise Honest ​បាន​យក​រ៉ែ​ធ្យូងថ្ម​ឡើង​កប៉ាល់ នៅពេល​ចត​នៅ​កំពង់ ផែ ​Nampo​ ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​នៅ​ក្នុង​ខែមីនា​ ឆ្នាំ​២០១៨ ហើយរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មាន​ប្រវត្តិ​ធ្វើ​ឯកសារ​ក្លែងក្លាយ ​វិញ្ញបនប័ត្រ​សម្គាល់​ប្រភព​ដើម​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​ក្លែងក្លាយ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ។

នៅ​ពេល​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ​ឃាត់​ទុក​កប៉ាល់​ Wise Honest​ ក្រុម​មន្ត្រី​និយាយ​ថា វិធានការ​នេះ​ជា​ផ្នែក​នៃ​ផែនការ​ទូលំ​ទូលាយ​មួយ​ក្នុង​ការ​ប្រើ​ច្បាប់​សហរដ្ឋ​អាមេរិក​ដើម្បី​អនុវត្ត​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដាក់​ឲ្យ​ «មាន​សម្ពាធ​ខ្លាំង​បំផុត» លើ​ប្រទេស​កូរ៉េ​ខាង​ជើង។

កប៉ាល់​ Wise Honest ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​ឈ្មោះ ​Songi Trading Company​ ដែល​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​បញ្ជី​របស់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ២០១៧។

លោក ​Kwon Chol Nam​ ជា​អ្នក​តំណាង​ម្នាក់​របស់​ក្រុមហ៊ុន​នោះ​បាន​ចំណាយ​ប្រាក់​ដុល្លារ​ដើម្បី​ទិញ​សម្ភារៈ​និង​សេវាកម្ម​សម្រាប់​ផ្គត់ផ្គង់កប៉ាល់ Wise Honest ។ ប្រាក់​ទាំង​នោះ​មាន​ប្រភព​ចេញ​ពី​ធនាគារ​នៅ​សហរដ្ឋ​អាមេរិក រួម​ទាំង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ស្រុក​ Southern District of New York​ ផង​ដែរ។ សហរដ្ឋ​អាមេរិក​បាន​ហាម​ឃាត់​ស្ថាប័ន​ហិរញ្ញវត្ថុ​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិ​ការ​ណា​ដែល​ផ្តល់​ប្រយោជន៍ដល់​កូរ៉េ​ខាង​ជើងទេ។

ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​អំណាច​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រឹបអូស​កប៉ាល់ ​Wise Honest ​ដែល​ជា​កប៉ាល់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​រ៉ែ​ធ្យូង​ថ្ម​តាម​ដែន​សមុទ្រ​គេច​ពន្ធ និង​រំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG