ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ចោទ​​​សហរដ្ឋអាមេរិកពីបទ​ប្លន់​ដោយសារ​អាមេរិក​​បាន​រឹប​អូស​យក​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​​របស់​ខ្លួន


នាវា Wise Honest របស់​កូរ៉េ​ខាង​ជើង​ (កណ្ដាល) ត្រូវ​បាន​សណ្ដោង​ទៅ​កាន់​កំពង់​ផែ Pago Pago កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ២០១៩។
នាវា Wise Honest របស់​កូរ៉េ​ខាង​ជើង​ (កណ្ដាល) ត្រូវ​បាន​សណ្ដោង​ទៅ​កាន់​កំពង់​ផែ Pago Pago កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ២០១៩។

កាល​ពី​ពាក់កណ្តាល់​ខែ​ឧសភា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់សហរដ្ឋអាមេរិកពី​បទ​ប្លន់​ ហើយ​បាន​ទាមទារ​ឱ្យ​មានការប្រគល់​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​អាមេរិក​បាន​រឹប​អូស​មក​ឲ្យ​ខ្លួនវិញជាបន្ទាន់ ដោយអះអាងថាអាមេរិកបាន​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ទី​ភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េជា​ផ្លូវ​ការ ក្រសួង​ការ​បរទេស​កូរ៉េខាង​ជើង​បាន​ព្រមាន​អំពី ​«ផលវិបាក»​ ជា​ការ​ឆ្លើយ​តប​នឹង​ការ​រឹប​អូស​នាវា​របស់ខ្លួន​ដោយ​សហរដ្ឋអាមេរិក។

សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ ​ទី​១៤​ ខែ​ឧសភា​ បាន​ថ្លែង​ថា៖ សហរដ្ឋអាមេរិក​គួរ​គិត​ទុក​ជា​មុន​អំពី​ផល​វិបាក​ ​ដែល​នឹង​មាន​នៅ​ក្រោយ​ស្ថានការណ៍​បច្ចុប្បន្ន​ដែល​បាន​បណ្តាល​មក​ពី​ការប្លន់​កប៉ាល់​នេះ​ ហើយ​បញ្ជូន​នាវា​របស់យើង​មក​ឱ្យ​យើង​វិញ​ជា​បន្ទាន់»។

សេចក្តី​ថ្លែងការណ៍​នេះ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA​ បានអះ​អាង​ថា​ ការ​រឹប​អូស​យក​នាវា​នេះ​រំលោភ​លើ​កិច្ចព្រម​ព្រៀង​កាល​ពីឆ្នាំ​ ២០១៨ ​រវាង​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ជុងអ៊ុន​ ដើម្បី​កែលម្អ​ទំនាក់​ទំនង​ទ្វេភាគី។​

កាល​ពី​ដើម​ខែ​ឧសភា ស.រ.អា.​បាន​ប្រកាស​ថា ​ខ្លួន​បាន​រឹបអូស​នាវា​ឈ្មោះ ​Wise Honest ដែលត្រូវបាន​ឃាត់​ដំបូង​ ដោយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ កាលពី​ខែ​មេសា​ ឆ្នាំ​២០១៨។​

​មន្ត្រី​ស.រ.អា.​ បាន​និយាយ​ថា​ កប៉ាល់​មាន​ចំណុះ ​១ម៉ឺន​៧​ពាន់​តោន ​នេះ​ដែល​ជា​កប៉ាល់​ដឹកទំនិញ​ធំទី​ពីរ​របស់​កូរ៉េខាង​ជើង​ដើម្បីដឹក​ជញ្ជូន​ធ្យូងថ្ម​កូរ៉េ​ខាង​ជើង​ ទៅ​លក់​ឯប្រទេស​ក្រៅ​ គឺជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ។​

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មន្ត្រី​ស.រ.អា.​ បាន​រឹប​អូស​នាវា​កូរ៉េ​ខាងជើង​មួយ​គ្រឿង។

រូប​ថត​មិន​មាន​កាល​បរិច្ឆេទ​ផ្ដល់​ដោយ​ក្រសូង​យុត្តិធម៌​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ២០១៩ បង្ហាញ​ពី​នាវា​ Wise Honest របស់​កូរ៉េ​ខាង​ជើង។
រូប​ថត​មិន​មាន​កាល​បរិច្ឆេទ​ផ្ដល់​ដោយ​ក្រសូង​យុត្តិធម៌​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ២០១៩ បង្ហាញ​ពី​នាវា​ Wise Honest របស់​កូរ៉េ​ខាង​ជើង។

ចំណាត់​ការ​នេះ​បាននាំ​ឱ្យ​ចំណង​ទាក់​ទង​រវាង​កូរ៉េខាង​ជើង​និង​ស.រ.អា.​រឹត​តែ​តឹង​តែង​ថែម​ទៀត​ ដែល​ហាក់​ដូចជា​ចូល​ជាថ្មី​ទៀត​ទៅ​ក្នុង​រយៈ​ពេល​មួយ​នៃ​អរិភាព​នៅ​ក្រោយ​មាន​កិច្ច​ចរចា​នុយក្លេអ៊ែរ​មួយ​ឆ្នាំ​មក​នោះ។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់​ពិសោធ​កាំ​ជ្រួច​ផ្លោង​ជា​ថ្មីទៀត​នៅ​ក្រោយ​ពី​បាន​ទប់​ចិត្ត​មិន​បាន​ធ្វើការ​បង្ហោះ​បែប​នេះជាង​មួយ​ឆ្នាំ​កន្លះ​មក។

មន្ត្រី​ស.រ.អា.​បាន​ធ្វើ​កន្តើយ​នឹង​ការ​បាញ់​ពិសោធ​កាំជ្រួច​មាន​វង់​ប្រតិបត្តិការ​ខ្លី​ទាំង​បី​គ្រឿង​នេះ ​ដោយ​បាន​និយាយ​ថា ​ខ្លួននៅ​តែ​បើក​ចំហ​ដើម្បីធ្វើ​កិច្ចចរចា​ជាមួយ​ប្រទេស​កូរ៉េខាង​ជើង។

នៅ​ក្នុង​ជំនួប​កំពូល​លើកទី​មួយ កាលពីខែ​មិថុនា ​ឆ្នាំ​២០១៨ លោក​ ត្រាំ​ និង​លោក គីម ជុងអ៊ុន បាន​សន្យា​ថា ​នឹង​កែ​លម្អ​ការ​ទាក់​ទង​គ្នានិង​ធ្វើការ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​មិន​ឱ្យ​មាន​អាវុធ​បរមាណូ»។

កិច្ច​ចរចា​នេះ​បាន​រលំ ​នៅ​ពេល​ដែល​ជំនួប​កំពូល​លើកទី​ពីរ​រវាង​លោក ត្រាំ​ និង​លោក គីម កាល​ពី​ខែ​កុម្ភៈ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ គ្មាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ។​

នៅ​ក្នុង​ជំនួប​កំពូល​នោះ​ លោក​ គីម​ បាន​ស្នើ​រុះរើ​កន្លែង​នុយក្លេអ៊ែរ​សំខាន់​មួយ​របស់​កូរ៉េខាង​ជើង ​ជាថ្នូរ​នឹង​ការបន្ធូរ​បន្ថយការ​ដាក់​ទណ្ឌកម្ម​របស់​ស.រ.អា.​ ដែល​បាន​នាំ​ឱ្យ​មាន​ផល​មិនល្អ​ដល់​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង។

លោក គីម ជុង​អ៊ុន (ឆ្វេង) និង​លោក​ ដូណាល់ ត្រាំ ក្នុង​ជំនួប​នៅ​ប្រទេស​វៀតណាម កាល​ពីខែ​កុម្ភៈ។
លោក គីម ជុង​អ៊ុន (ឆ្វេង) និង​លោក​ ដូណាល់ ត្រាំ ក្នុង​ជំនួប​នៅ​ប្រទេស​វៀតណាម កាល​ពីខែ​កុម្ភៈ។

លោក ត្រាំ​ បាន​និយាយ​ទទូច​ថា​ លោក​នឹង​មិន​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្មទេ​រហូត​ដល់​ពេល​ណា​ដែល​កូរ៉េខាង​ជើង​យល់​ព្រម​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​របស់​ផង​ខ្លួន។

ការ​រឹប​អូស​យក​កប៉ាល់​ឈ្មោះ​ Wise Honest ​ជាផ្នែក​មួយ​នៃ​អ្វី​ដែល​មន្ត្រី​ស.រ.អា​ ពណ៌នា​ថា​ជា​យុទ្ធនាការ​នៃ​ការ​ដាក់​គំនាប​សង្កត់​ខ្លាំង​បំផុត​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាង​ជើង។

តាម​រយៈ​ការដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ ដោយ​សហរដ្ឋអាមេរិកនិង​អង្គការសហប្រជាជាតិ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​នានា​ដូច​ជា​ធ្យូង​ថ្ម​ជា​ដើម​ទៅ​លក់​ឱ្យ​ប្រទេស​ក្រៅ។​

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​គេចពី​ការ​ដាក់​ទណ្ឌកម្ម ​ជា​ផ្នែក​ដោយ​ប្រើ​នាវា​រាប់​សិប​គ្រឿង​ដូចជា​កប៉ាល់​ឈ្មោះ ​Wise Honest​ ជាដើម​ ដើម្បី​ធ្វើការ​ផ្ទេរ​វត្ថុធាតុ​ដើមតាមនាវា។​

ការរឹបអូសលើកដំបូងនៃកប៉ាល់ Wise Honest កាលពី​ឆ្នាំ​២០១៨ ​គឺនៅពេលដែលកប៉ាល់នេះ​បាន​ដឹក​ធ្យូង​ថ្ម​ប្រមាណ​ ២៥,៥០០​ តោន​ដែល​មាន​តម្លៃ​ប្រមាណ​៣​លាន​ដុល្លារនៅ​ពេល​នោះ។

មន្ត្រី​ស.រ.អា​មាន​ជំនឿ​ថា​ ប្រទេស​កូរ៉េខាង​ជើងប្រើ​ប្រាក់​កាស​បាន​មក​ពី​ការ​លក់​ធ្យូង​ថ្ម​ ដើម្បី​ផ្គត់​ផ្គង់​កម្មវិធី​ផលិត​អាវុធ​របស់​ខ្លួន។

កាលពី​ពាក់កណ្តាល​ខែឧសភា​ នាវា​នេះ​បាន​បើក​ទៅ​ដល់​កំពង់ផែ ​Pago Pago​ នៅ​ក្នុង​ដែនដី​ American Samoa របស់​សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG