នាយករដ្ឋមន្ត្រីនៃប្រទេសតួកគី បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត Kurde ម្នាក់បានធ្វើការវាយប្រហារលើកន្លែងឆែកឆេរមួយនៅជិតស្ថានីយ៍ប៉ូលិសមួយនៅក្នុងក្រុង Cizre ក្នុងផ្នែកអាគ្នេយ៍នៃប្រទេសតួកគី កាលពីថ្ងៃសុក្រ បណ្តាលឱ្យប៉ូលិសយ៉ាងតិចណាស់១១នាក់ស្លាប់ និងធ្វើឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួស។
ពួកជនសកម្មប្រយុទ្ធមានចំណងទាក់ទងជាមួយគណបក្សកម្មករ Kurdistan ហៅកាត់ថា PKK បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះ។ ពួកភេរវជននេះមានទាក់ទិនជាមួយការវាយប្រហារមួយចំនួនប្រឆាំងនឹងទីដៅរបស់ប៉ូលិសនៅក្នុងតំបន់ដដែលនោះ។ អាជ្ញាធរតួកគី បានប្តេជ្ញាថានឹងធ្វើការសងសឹក។
នាយករដ្ឋមន្ត្រីតួកគី លោក Binali Yildirim បាននិយាយនៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងអ៊ីស្តង់ប៊ុល ថា៖ "យើងនឹងផ្តល់ឱ្យពួកអ្នកវាយប្រហារទាំងនេះនូវចម្លើយដែលស័ក្តិសមសម្រាប់ពួកគេ។ គ្មានអង្គការភេរវជនណាមួយអាចចាប់ប្រទេសតួកគី ធ្វើជាចំណាប់ខ្មាំងបានទេ។
ទីក្រុង Cizre ឋិតនៅក្នុងខេត្ត Sirnak ដែលជាខេត្តមួយមានព្រំដែនជាប់ជាមួយប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ហើយមានប្រជារាស្ត្រភាគច្រើនជាក្រុមជនអំបូរ Kurde។
គណបក្ស PKK បានធ្វើការបះបោរប្រើអាវុធកាលពីឆ្នាំ១៩៨៤ ដោយស្វះស្វែងឱ្យមានប្រទេសស្វយ័តមួយនៅក្នុងតំបន់ធំធេងមួយក្នុងផ្នែកអាគ្នេយ៍នៃប្រទេសតួកគី ដែលនៅជាប់ព្រំដែនជាមួយប្រទេសស៊ីរី អ៊ីរ៉ាក់ និងប្រទេសអ៊ីរ៉ង់។មានមនុស្សរាប់ម៉ឺននាក់បានបាត់បង់ជិវិតក្នុងការប្រយុទ្ធគ្នា។
កាលពីឆ្នាំទៅមិញ សាខាប្រដាប់អាវុធនៃគណបក្ស PKK បានលុបចោលកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយមានរយៈពេលបីឆ្នាំ ជាមួយរដ្ឋាភិបាលក្រុងអង់ការ៉ា ក្រោយពីកងយន្តហោះចម្បាំងតួកគី បានវាយប្រហារលើមូលដ្ឋានហ្វឹកហ្វឺនយោធារបស់ក្រុមនេះ នៅក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់ នៅពេលដែលពួកយុទ្ធជន PKK ប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។ កងកម្លាំងរដ្ឋាភិបាលទីក្រុងអង់ការ៉ា ក៏បានទម្លាក់គ្រាប់បែកលើមូលដ្ឋានមួយចំនួនទៀតនៃពួក PKK ផងដែរ៕